Friday, January 28, 2011

ប៉ូលិស​-​ច្បាប់ និង​សីលធម៌​

ភ្នំពេញ: ​សព្វថ្ងៃនេះ​មាន​ទម្លាប់​ជាច្រើន​ដែល​វា​បាន​ដិតដាម​ក្នុង​ផ្នត់គំនិត​របស់​ប្រជាជន​ខ្មែរ​គេ​លំបាក​នឹងធ្វើ​ការផ្លាស់ប្ដូរ​ណាស់ ។​
​  
  ​ទម្លាប់​មិនល្អ​របស់​ប៉ូលិស​ក៍​លំបាក​ផ្លាស់ប្តូរ​ទម្លាប់​មិនល្អ​របស់​ប្រជា​ជនក៍​មិន​ងាយ​នឹង​ផ្លាស់ប្ដូរ​ដែរ ។ គ្រាន់តែ​ករណី​ភ្លើងស្តុប​មួយ​វា​បាន​បង្កើត​រឿង​ឈឺក្បាល​ច្រើន​ហើយ ។ ជាទូទៅ​នៅ​កន្លែង​មាន​ភ្លើងស្តុប​បើ​គ្មាន​ប៉ូលិស​ឈរ​នៅ​ទីនោះ​ទេ គឺ​គ្មាន​នរណា​គោរព​ឡើយ ។ ពួកគេ​មិនមែន​ចាត់ទុក​ប៉ូលិស​ជា​អ្នក​អនុវត្តន៍​ច្បាប់​ឡើយ តែ​ពួកគេ​ចាត់ទុក​ប៉ូលិស​ជា​បុគ្គល​ដែល​ស្វែងរក​លាភសក្ការៈ​តាមរយៈ​តួរ​នាទី​របស់ខ្លួន  តាមរយៈ​ឯកសណ្ឋាន​របស់ខ្លួន ។​
 
  ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​ភ្លាមៗ​វា​មិនទាន់​សំខាន់​ទេ តែបើ​មិនបាន​ផាក​ឡាន​ដឹកទំនិញ​មួយ ឬ ម៉ូតូ​មួយ​នោះ​ទើប​ជា​រឿង​គួរ​ឲ្យ​ស្ដាយ ។ មនុស្ស​ម្នាក់​បំពាន​ច្បាប់​ចរាចរណ៍​វា​មិនសូវ​សំខាន់​ទេ តែបើ​ឲ្យ​ឡាន​ដឹក​ដី​មួយ​រួចខ្លួន​ដោយ​មិនបាន​ទារលុយ​វា​គួរ​ឲ្យ​ស្ដាយ​ខ្លាំងណាស់ ។​
​    ​មានពេលខ្លះ​ប៉ូលិស​និយាយថា ប្ដូរ​ទម្លាប់​ប្រជាជន​ឲ្យ​ចេះ​ជិះ​ម៉ូតូ​ពាក់មួក​សុវត្ថិភាព ។ នេះ​ជា​គំនិតល្អ​តែ​គំនិត​នេះ​វា​បាន​ក្លាយជា​មធ្យោបាយ​ស្វែង​រកលុយ​ដោយ​ស្របច្បាប់​ទៅវិញ​ពេល​ឃើញ​​អ្នកជិះ​ម៉ូតូ​គ្មាន​ពាក់មួក​សុវត្ថិភាព​នោះ ប៉ូលិស​តែងតែ​ហៅ​ឈប់​ដើម្បី​ផាកពិន័យ​និង​ណែនាំ​ឲ្យ​អ្នកនោះ​ពាក់មួក​សុវត្ថិភាព ព្រមទាំង​ប្រាប់​អំពី​ក្រោះ​ថ្នាក់​នានា ដោយសារ​ការធ្វេសប្រហែស​មិន​ពាក់មួក​នេះ ។​
​  
  ​អ្នកខ្លះ​ខិល​ប៉ូលិស​ហៅ​មិន​ឈប់​ជាហេតុ​ធ្វើ​ឲ្យ​ប៉ូលិស​មាន​កំហឹង​ក៍​ទាញ​ដំបង​សំពង​សំដៅ​ក្បាល​អ្នក​ដែល​កំពុងតែ​ជិះ​ម៉ូតូ​នេះ​ទៅវិញ ។ តើ​ទង្វើ​នេះ​ជា​អ្វី ? ជាការ​កាត់បន្ថយ​គ្រោះថ្នាក់ ឬ ជាការ​បន្ថែម​គ្រោះថ្នាក់ ? ប៉ូលិស​មិនគួរ​បង្កើត​កំហុស​ដាក់ខ្លួន​ដោយសារ​តែមាន​កំហឹង​ចំពោះ​អ្នកប្រព្រឹត្តិ​ខុស​នោះទេ ។ ជិះ​ម៉ូតូ​មិន​ពាក់មួក គឺជា​កំហុស​មួយ​ខាង​ផ្លូវច្បាប់​តែ​វា​មិនមែនជា​រឿង​ឧក្រិដ្ឋ ឬ ជា​បទល្មើស​ព្រហ្មទណ្ឌ​ដែល​មិនអាច​យោគយល់​បាន​ឯណា​?
​   
 ​បើ​គ្រាន់តែ​ដើម្បី​ផលប្រយោជន៍​បន្តិចបន្តួច​គេ​មិនគួរ​បង្ក​គ្រោះថ្នាក់​អ្នក​ដែល​បាន​ប្រព្រឹត្តិ​ល្មើស​នោះទេ ព្រោះ​វា​ជាការ​បង្ក​គ្រោះថ្នាក់​ដល់​អ្នកនោះ​ដោយសារ​ខ្លាច​អ្នកនោះ​គ្រោះថ្នាក់ ។ គេ​មាន​វិធី​ច្រើន​សម្រាប់​កែ​ទម្លាប់​មនុស្ស​​ដោយ​មិនចាំបាច់​ប្រើ​ហឹ​ង្សា​ហើយ​វា​អាចមាន​ប្រសិទ្ធិភាព​ទៀតផង ។​
​   
 ​សព្វថ្ងៃនេះ​មានរឿង​អាម៉ាស​ច្រើនណាស់​ដែល​ប៉ូលិស​គួររៀបចំ​ឥរិយាបទ​ជាថ្មី ។ នៅ​រាល់ថ្ងៃ​អាទិត្យ ឬ ថ្ងៃ​ដទៃទៀត​គេ​តែងតែ​ឃើញ​យុវជន​កាកបាទក្រហម​ជួយ​ធ្វើចរាចរ​ណ៍ហើយ​មនុស្ស​ភាគច្រើន​គោរព​ទៀតផង ។ ខ្មែរ​យើង​មាន​ទម្លាប់​មួយ គឺ​មិន​ចង់​ឲ្យ​ក្មេង​ស្ដី​ឲ្យ​នាំ​ខ្មាស់​ក្មេង​អញ្ចឹង​ហើយ​ទើប​គេ​គោរព​ដើម្បី​កុំ​ឲ្យ​ក្មេង​ប្រដៅ ។​
​   
​រឿង​ដែល​អាក្រក់​នោះ គឺ​ក្នុងខណៈដែល​ក្មេង​បញ្ជា​ចរាចរណ៍​នោះ លោក​ប៉ូលិស​ហៅ​ឡាន ហៅ​ម៉ូតូ​យកលុយ​ដោយ​មិន​ខ្មាស​ក្មេង​ទៅវិញ ។ តើ​នេះ​ជា​វិធី​បង្រៀន​ក្មេង​ឲ្យ​ចេះ​ពី​ទម្លាប់​អាក្រក់ ឬ យ៉ាងណា ?
​    ​បែបនេះ​គេ​ហៅថា មិនដឹង​ច្បាប់ និង​មិនមាន​សីលធម៌ ព្រោះ​យក​តួនាទី​ទៅ​ស្វែងរក​ផលប្រយោជន៍ និង ធ្វើ​គំរូ​អាក្រក់​ដល់​ក្មេង 

ដោយ : រស្មី

No comments:

Post a Comment