រាជធានីភ្នំពេញ ៖ ការគំរាមរបស់ពួកអាវលឿងសៀមកាន់តែធ្ងន់ធ្ងរ និងបានធ្វើឱ្យមានការប៉ះពាល់កាន់តែជ្រៅដល់សំរាប់ប្រជាជាតិខ្មែរដូចជាការទាមទារឱ្យរដ្ឋាភិបាលថៃបណ្តេញជនជាតិខ្មែរឱ្យចេញពីប្រទេស ឱ្យលុប MOU ឆ្នាំ២០០០ ជាដើម ហើយលើកនេះគេគំរាមរហូតដល់ចង់ដុតស្ថានទូតកម្ពុជានៅក្នុងក្រុងបាងកកថែមទៀត ដោយភ្ជាប់ទៅនឹងការកាត់ទោសនៅថ្ងៃខាងមុខ លើបុគ្គលម្នាក់ឈ្មោះវីរ៉ាក់ ស៊ុមខ្វាមឃីត ។ ទោះបីជាបែបណា នេះជាការនិយាយមិនមែនតំណាងឱ្យប្រជាជាតិថៃនោះទេ តែជាក្រុមជ្រុលនិយមមួយក្តាប់តូចប៉ុណ្ណោះ ។
រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាអង្គភាពប្រតិកម្មរហ័ស មិនបានធ្វើការឆ្លើយតប ឬសេចក្តីថ្លែងការណ៍ណាមួយនៅឡើយទេ ជុំវិញអ្វីដែលពួកជ្រុលនិយមអាវលឿង បាន «ព្រុស» គួរឱ្យស្អប់ខ្ពើមនេះ ហើយអ្វីដែលបានក្លាយជាព័ត៌មាននាពេលនេះគ្រាន់តែយកបញ្ហាដែលពួកជ្រុលនិយមសៀមបាននិយាយទាក់ទង និងកម្ពុជាដើម្បីជាដំណឹងប៉ុណ្ណោះ ។ ក្រុមឈ្មោះបណ្តាញអ្នកស្នេហាជាតិថៃ ឬក្រុមអាវលឿង កាលពីថ្ងៃទី២៧ មករា បានដាក់លិខិតមួយច្បាប់ជូនទៅលោកនាយករដ្ឋមន្ត្រីអាប់ភីស៊ីត ស្នើសុំឱ្យរដ្ឋាភិបាលរបស់លោកស្វះស្វែងរកការធ្វើបត្យាប័នលោកវីរ៉ាក់ ស៊ុមខ្វាមឃីត ពីប្រទេសកម្ពុជា ក្រោមសន្ធិសញ្ញាធ្វើបត្យាប័នជាមួយប្រទេសកម្ពុជា ។
ប្រភពព័ត៌មានពីកាសែតបាងកកប៉ុស្តិ៍ឱ្យដឹងថា លិខិតនោះត្រូវបានដាក់ជូនលោកអាប់ភីស៊ីត តាមរយៈខុទ្ទកាល័យរបស់លោក ។ លោកវីរ៉ាក់ ស៊ុមខ្វាមឃីត ជាមេដឹកនាំក្រុមឈ្មោះបណ្តាញអ្នកស្នេហាជាតិថៃ បច្ចុប្បន្នកំពុងជាប់ឃុំឃាំងនៅពន្ធនាគារព្រៃសក្នុងប្រទេសកម្ពុជា ក្រោយពីត្រូវចាប់ខ្លួនពីបទចូលទឹកដីកម្ពុជាខុសច្បាប់និងជាប់ចោទពីបទចារកម្មផងដែរ កាលពីថ្ងៃទី២៩ ធ្នូ ឆ្នាំ២០១០ កន្លងមក ។ ក្រុមឈ្មោះបណ្តាញអ្នកស្នេហាជាតិថៃចង់ឱ្យរដ្ឋាភិបាលលោកអាប់ភីស៊ីត ស្នើដល់កម្ពុជាធ្វើបត្យាប័ន លោកវីរ៉ាក់ ត្រឡប់ទៅកាន់ប្រទេសថៃវិញ ។ ទោះបីជាបែបណា វីរ៉ាក់ មិនទាន់ត្រូវបានតុលាការបើកសវនាការនៅឡើយទេ តែបានកំណត់ថ្ងៃ១ កុម្ភៈ ខាងមុខនេះជាថ្ងៃបើកសវនាការកាត់ទោស ។
លោក Sunthorn Rakrong ជាអ្នកសំរបសំរួលក្រុមឈ្មោះបណ្តាញអ្នកស្នេហាជាតិថៃ និយាយថា ប្រសិនបើតុលាការក្រុងភ្នំពេញ នៅថ្ងៃទី១ កុម្ភៈ ខាងមុខរកឃើញថា លោកវីរ៉ាក់ មានទោសកំហុសពីបទចារកម្ម ហើយកាត់ទោសលោកដាក់ពន្ធនាគារអាចនាំដល់ការកើតអំពើហិង្សា ។ ពាក្សសំដីរបស់ក្រុមវីរ៉ាក់ នេះ គឺជាការព្រមានគួរឱ្យស្អប់ខ្ពើមជាទីបំផុត ព្រោះថា ការកាត់ទោសវីរ៉ាក់ ស៊ុមខ្វាមឃីត គឺធ្វើដោយច្បាប់កម្ពុជា តែបើគេនិយាយពីរឿងកាប់ចាក់គ្នានោះគឺជាបញ្ហាផ្សេង ។ លោក Sunthorn អះអាងថា ខ្លួនទទួលបានព័ត៌មានថា ប្រសិនបើលោកវីរ៉ាក់ ត្រូវបានកាត់ទោសដាក់ពន្ធនាគារអ្នកដែលមិនពេញចិត្តជាមួយនឹងសាលក្រមនោះនឹងញុះញង់ឱ្យមានភាពចលាចល និងសង្គ្រាមរវាងប្រទេសថៃ និងកម្ពុជាដោយការដុតស្ថានទូតកម្ពុជា ប្រចាំទីក្រុងបាងកក ។
- ក្រុមអាវលឿងគំរាមសំរុកចូលវិមានរដ្ឋាភិបាល
យោងតាមកាសែតឌឹណេស្សិននៅក្រុងបាងកថ្ងៃទី២៧ មករា បានផ្សាយឱ្យដឹងថា លោកចម្លងស្រ៊ើមឿង មេដឹកនាំក្រុមជ្រុលនិយមសៀមអាវលឿង បានគំរាមថា នឹងដឹកនាំក្រុមអាវលឿងវាយឆ្មក់ចូលវិមានរដ្ឋាភិបាល ប្រសិនបើរដ្ឋាភិបាលលោកអាប់ភីស៊ីត នៅតែមិនព្រមឆ្លើយតបតាមការទាមទារ៣ចំណុចរបស់ខ្លួនទាក់ទិនទៅនឹងបញ្ហាជំលោះព្រំដែនជាមួយកម្ពុជា ។ លោកចម្លងស្រ៊ើមឿង បានគំរាមដូច្នេះក្នុងអំឡុងពេលនៃការនិយាយទៅកាន់ក្រុមបាតុករអាវលឿង កាលពីយប់ថ្ងៃទី២៦ មករា កន្លងមក ។
លោកចម្លង ស្រ៊ើមឿង និយាយថា «ប្រសិនបើលោកនាយករដ្ឋមន្ត្រីអាប់ភីស៊ីត នៅតែបន្តធ្វើមិនដឹងមិនឮចំពោះការទាមទាររបស់យើង នោះក្រុមអាវលឿងនឹងសំរុកចូលវិមានរដ្ឋាភិបាល» ។ ក្នុងឱកាសនោះដែរ លោកនិយាយទៀតថា ក្រុមអាវលឿងនឹងបន្តធ្វើបាតុកម្មរហូតដល់រដ្ឋាភិបាលលោកអាប់ភីស៊ីតយល់ព្រមលុបចោលអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយកម្ពុជា ។
- មានលេចឮព័ត៌មានពីការធ្វើរដ្ឋប្រហារថ្មីទៀតនៅថៃ
ស្ថានការណ៍ក្នុងប្រទេសថៃនាពេលបច្ចុប្បន្នហាក់ដូចជាកំពុងឡើងកំដៅយ៉ាងខ្លាំង ខណៈពេលក្រុមជ្រុលនិយមអាវលឿងកំពុងធ្វើបាតុកម្មយ៉ាងស្វិតស្វាញប្រឆាំងរដ្ឋាភិបាលលោកអាប់ភីស៊ីត ទាមទារឱ្យលុបចោល MOU ឆ្នាំ២០០០ ជាមួយកម្ពុជា ។ ទន្ទឹមពេលគ្នានេះ មានលេចឮព័ត៌មានពីការធ្វើរដ្ឋប្រហារ ប៉ុន្តែលោកឧបនាយករដ្ឋមន្ត្រីស៊ូថេប បានចាត់ទុកព័ត៌មាននោះថា ជារឿងមិនសំខាន់ឡើយ ។
កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃទី២៧ មករា បានផ្សាយឱ្យដឹងថា លោកស៊ូថេប ធឿកស៊ូបាន់ ឧបនាយករដ្ឋមន្ត្រីថៃ បានចាត់ទុកថាជារឿងមិនសំខាន់ឡើយ ចំពោះការអះអាងរបស់លោកចាទុផន ព្រំផាន់ សមាជិកសភាគណបក្សភឿថៃ និងជាមេដឹកនាំក្រុមអាវក្រហមសំខាន់មួយរូបដែលថា ពេលនេះយោធាកំពុងមានផែនការធ្វើរដ្ឋប្រហារ ប៉ុន្តែលោកស៊ូថេប ថ្លែងអះអាងថា វាមិនអាចកើតឡើងបានឡើយ ។
លោកចាទុផន អះអាងកាលពីថ្ងៃទី២៦ មករា កន្លងមកថា រូបលោកមានព័ត៌មានដែលទទួលបានពីប្រភពគួរឱ្យជឿទុកចិត្តថា មន្ត្រីយោធាជាន់ខ្ពស់បានជួបប្រជុំគ្នានៅកន្លែងមានសុវត្ថិភាពមួយ កាលពីថ្ងៃទី២៥ មករា កន្លងមក ហើយបានពិភាក្សាគ្នាអំពីការធ្វើរដ្ឋប្រហារនៅក្នុងប្រទេសថៃ ។
កាសែតបាងកកប៉ុស្តិ៍បានដកស្រង់សំដីលោកស៊ូថេប ដែលថ្លែងថា បើផ្អែកលើបទពិសោធន៍ការងារបស់លោកជាមួយយោធាកាលពី២ឆ្នាំមុន លោកជឿថា នឹងមិនមានរដ្ឋប្រហារកើតឡើងឡើយ ។ លោកឧបនាយករដ្ឋមន្ត្រីស៊ូថេប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមេបញ្ជាការយោធភូមិភាគទី២ថៃ ឧត្តមសេនីយ៍ឯក ថាវ៉ាត់ ឆៃ សាមុតសាខន ដែលបានចរចាជាមួយប្រមុខយោធាកម្ពុជាប្រកបដោយជោគជ័យនាំទៅដល់ការរុះរើចោលវិញទាំងសងខាងនូវផ្ទាំងថ្មចារឹក ដែលមានភាពចំរូងចំរាស ។ ជាមួយគ្នានេះទាក់ទិនទៅនឹងបាតុកម្មរបស់ក្រុមអាវលឿវ លោកស៊ូថេប ថ្លែងថា រដ្ឋាភិបាល លោកអាប់ភីស៊ីត បានត្រៀមរួចជាស្រេច ដើម្បីចរចាជាមួយក្រុមបាតុករអាវលឿង សំដៅបញ្ចប់បាតុកម្មរបស់ពួកគេ ។
- រដ្ឋមន្ត្រីការបរទេសថៃជំទាស់ក្រុមអាវលឿងដែលចង់បំផ្លាញសម្ព័ន្ធភាព
តាមកាសែតថៃផ្សាយថ្ងៃទី២៧ មករា បានឱ្យដឹងថា លោកកាស៊ីត ភីរម្យ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានព្យាយាមទទូចថា «សៀមកុំលើកយករឿងរ៉ាវបរទេស ឬសម្ព័ន្ធភាពភាគីទាំង២កម្ពុជា-ថៃ ធ្វើជាឧបករណ៍នយោបាយផ្ទៃក្នុងព្រោះវាជារឿងមិនត្រឹមត្រូវ ។ តួនាទីរបស់ខ្ញុំគឺបង្កើនសម្ព័ន្ធភាព គ្មានតួនាទីបង្កើតសង្គ្រាមទេ» ។ ក្រៅពីនេះ លោកកាស៊ីត ភីរម្យ បានបញ្ជាក់ដោយធានា១០០%ថា នឹងគ្មានការបាត់បង់ទឹកដីទេ ហើយដរាបណាការចរចានៅមិនទាន់ទទួលជោគជ័យ យើងមិនគួរធ្វើអ្វីដោយអារម្មណ៍ឆេវឆាវឡើយ ។ នៅក្នុងប្រទេសកម្ពុជាសំរាប់តំរូវការប្រហែល៦០-៧០% ប្រើប្រាស់ទំនិញរបស់ថៃ ដូច្នេះប្រសិនបើមានការទាមទាររបស់ក្រុមអាវលឿងលើបញ្ហាបាត់បង់ទឹកដី នឹងធ្វើឱ្យអាជីវករថៃទទួលការខូចខាត ។ លោកកាស៊ីត ភីរម្យ បានថ្លែងថា នៅថ្ងៃទី៣-៤ កុម្ភៈ ខាងមុខ លោកនឹងទៅចូលរួមប្រជុំគណៈកម្មាធិការសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ថៃ (JC) លើកទី៧ នៅក្រុងសៀមរាប ហើយលោកនឹងប្រើឱកាសនោះពិភាក្សាជាមួយភាគីកម្ពុជាពីបញ្ហាសម្ព័ន្ធភាពផ្សេងៗដែលកើតឡើង ។
ក្រៅពីនេះ លោកក៏មានគំរោងធ្វើដំណើរទៅសួរសុខទុក្ខលោកវីរ៉ាក់ ស៊ុមខ្វាមឃីត និងអ្នកស្រីរ៉ាត់ទ្រី ពីប៉ាត់តាណាប៉ៃបូន ដែរ ។ ចំណែកឥរិយាបថរបស់ក្រុមអាវលឿង ដែលបោះទីតាំងនៅស្ពានម៉ាក់កាវ៉ាន រ៉ាំងសាន់ និងនៅបរិវេណជុំវិញវិមានរដ្ឋាភិបាលរហូតមកដល់ពេលនេះជាថ្ងៃទី៣ហើយ ដោយមានការបង្កើនតង់ស្នាក់នៅជាច្រើនកន្លែង និងហាក់ដូចជាមានស្ថានភាពកកស្ទះនៅក្នុងក្រុងបាងកក ។
- ការទស្សន៍ទាយរបស់ហោរាថៃថា សង្គ្រាមរវាងកម្ពុជា-ថៃមិនកើតឡើងទេ តែក្នុងខែមេសាថៃនឹងប្រែប្រួលរដ្ឋាភិបាល
ក្រុមបាតុករអាវលឿង និងក្រហមរំពឹងថា នឹងគ្មានហេតុការណ៍បង្ហូរឈាមទេ ប៉ុន្តែក្នុងខែមេសាខាងមុខនេះ អាចមានការប្រែប្រួលនៅក្នុងរាជរដ្ឋាភិបាល ។ ចំណែកជនជាតិថៃ២នាក់ ដែលជាប់ពន្ធនាគារនៅកម្ពុជារំពឹងថា ក្នុងខែកុម្ភៈ ខាងមុខ នឹងបានវិលត្រឡប់មកស្រុកកំណើតវិញ ។ លោកវ៉ារីន បួវីរ៉ាត់លើស ហោរាដ៏ល្បីឈ្មោះនៅខេត្តឈៀងម៉ៃ បានឱ្យដឹងតាមរយៈសារព័ត៌មានថៃរ៉ាត់ ពីស្ថានការណ៍ប្រទេសថៃកំពុងកើតរឿងច្របូកច្របល់ដោយមានទាំងរឿងបាតុកម្មដំណឹងចចាមអារ៉ាមធ្វើបដិវត្តន៍ ឬរដ្ឋប្រហារ រួមទាំងរឿងរ៉ាវទាស់ទែងជាមួយប្រទេសជិតខាងរហូតធ្វើឱ្យមនុស្សជាច្រើនមានក្តីបារម្ភថា នឹងរីករាលដាលដល់កើតសង្គ្រាម ។ លោកយល់ថា គ្មានហិង្សាឡើយ ប៉ុន្តែបើបណ្តោយឱ្យក្រុមបាតុករទាំងនេះ ស្ថិតនៅរយៈពេលយូរ កំលាំងបាតុករនឹងកើនឡើង ប៉ុន្តែអ្វីដែលដើរទន្ទឹមគឺជោគជតាគ្មានសុវត្ថិភាព ជាពិសេសបញ្ហាការផ្ទុះគ្រាប់ ដែលគួរឱ្យបារម្ភ ។
លោកវ៉ារីន បួវីរ៉ាត់លើស បានបន្តទៀតថា អ្វីដែលខ្ញុំចង់ឱ្យមនុស្សគ្រប់រូបចាប់អារម្មណ៍ឱ្យបានល្អ គឺនៅក្នុងខែមេសា-ឧសភា នឹងមានការសហការរវាងក្រុមអាវគ្រប់ពណ៌ និងគ្រប់ភាគីដែលធ្វើឱ្យស្រុកទេសស្ងប់ស្ងាត់ ។ ត្រង់ចំណុចនេះអាចមានការសាកសួរថា តើជាបដិវត្តន៍ ឬរដ្ឋប្រហារ ឬអត់? សំរាប់រូបភាពដែលបង្ហាញឱ្យឃើញ អាចសំដែងចេញជារូបភាពសហការគ្នាលើផ្លូវចិត្តតែមួយ ដោយលោកអាប់ភីស៊ីត វ៉េចាជីវ៉ា នៅជានាយករដ្ឋមន្ត្រី មិនត្រូវបានបណ្តេញចេញពីតំណែង ឬលាលែង ប៉ុន្តែបានបង្ហាញមុខដូចដែលលោកធ្លាប់ទស្សន៍ទាយកាលពីដើមឆ្នាំកន្លងមកថា នឹងមានវីរបុរសសេះស ដោយមានអក្សរកាត់ ជានាយក «ប» ធ្វើឱ្យមនុស្សគ្រប់ភាគីសហការគ្នាចិត្តមួយថ្លើមមួយ ។ ដូច្នេះប្រជាជនទាំងអស់់កុំមានក្តីបារម្ភភិតភ័យលើហេតុការណ៍នៅជុំវិញដែលកើតឡើង ។
ហោរារូបនេះបានបញ្ជាក់ទៀតថា បច្ចុប្បន្នមិនអាចបញ្ជាក់ថា នាយកអក្សរកាត់ «ប» ដែលខ្លួនទស្សន៍ទាយនោះជាអ្នកណាឡើយព្រោះមិនចង់និយាយខណៈពេលដែលស្រុកទេសកំពុងមានភាពរញ៉េរញ៉ៃបែបនេះ ។ ស្នើសុំឱ្យអស់ពីអាណត្តិរបស់លោកអាប់ភីស៊ីត សិន ទើបបង្ហើបឱ្យដឹងឈ្មោះ ព្រោះបើបង្ហើបឱ្យដឹងនៅពេលនេះ មនុស្សគ្រប់រូបនឹងផ្តោតទំលាក់កំហុស ហើយគេមិនអាចហ៊ានធ្វើការដើម្បីប្រទេស ។ ប៉ុន្តែអ្វីដែលអាចបញ្ជាក់បានគឺគេជាមនុស្សល្អ ជាបុគ្គលដ៏រាក់ទាក់ មានអាយុលើសពី៤០ឆ្នាំ ។ សំខាន់គេជាមនុស្សល្អរបស់ប្រទេស ធ្វើឱ្យថៃវិលទៅរកភាពស្ងប់ស្ងៀមវិញ ។
នៅពេលមានការសាកសួរថា ការទស្សន៍ទាយស្តីពីវីរបុរសសេះស ដែលមានអក្សកាត់ជា «ប» ខាងលើ អាចខ្វែងនឹងជំនឿចិត្តដែលក្រុមមនុស្សអាវមួយពណ៌ទៀត ចង់ឱ្យវិលត្រឡប់ទៅរកភាពឧត្តុង្គឧត្តម ឬអត់? ហោរាវ៉ារីន បូវីរ៉ាត់លើស បញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រីថៃគ្មានមធ្យោបាយវិលត្រឡប់មកកាន់អំណាចបានទេ ព្រោះចរន្តទឹកហូរមិនត្រឡប់ ។ ទោះជាយ៉ាងណាក៏ដោយ ហោរាដ៏ល្បីឈ្មោះប្រចាំខេត្តឈៀងមៃរូបនេះបាននិយាយពីបញ្ហរវាងកម្ពុជា និងថៃ ដែលភាគីជាច្រើនបារម្ភថា អាចឈានទៅរកការកើតសង្គ្រាមថា សូមប្រជាជនកុំភិតភ័យ ព្រោះតាមក្បួនហោរាសាស្ត្រគឺគ្មានសង្គ្រាមកើតឡើងរវាងប្រទេសទាំង២ទេ ៕
(សុខលី+សេង)
ដោយ ៖ កោះឯករាជ្យ
No comments:
Post a Comment