Friday, January 28, 2011

កម្ពុជា​-​ថៃ បង្កើន​កម្លាំង​តាម​ព្រំដែន ពិសេស​នៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារ​


ព្រំដែនកម្ពុជា-ថៃ: កង​ទាហាន​កម្ពុជា និង​ថៃ ត្រូវបាន​បង្កើន​កម្លាំង នៅតាម​បណ្តោយ​ព្រំដែន ជាពិសេស​នៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារ ចាប់តាំងពី​ល្ងាច​ថ្ងៃទី​២៧​មករា បន្ត​រហូត​ដល់​រសៀល​ថ្ងៃទី​២៨​មករា​នេះ​។ មេបញ្ជាការ​កងទ័ព​កម្ពុជា ក៏​បាន​ចុះ​ទៅ​កាន់​ខ្សែរ​ត្រៀម​ជួរមុខ នៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារ ដើម្បី​ទប់ទល់​ស្ថានការណ៍​ផងដែរ​។ 

​    ​ការបង្កើន​កម្លាំង​ទ័ព រួម​ទាំង​សព្វាវុធ និង​កង​រថពាសដែក​ពី​សំណាក់​ទាហាន​កម្ពុជា និង​ថៃ បាន​ធ្វើឡើង​ភ្លាមៗ ក្រោយ​ពី​កងទ័ព​ថៃ កាលពី​ព្រលប់​ថ្ងៃទី​២៧​មករា ឆ្នាំ​២០១១ បាន​ផ្តល់​ព័ត៌មា​នឲ្យទាហាន​កម្ពុ​ជា ដក​ទង់ជាតិ​កម្ពុជា ចេញពី​វត្ត​កែវ​សិក្ខា​គិរី​ស្វា​រៈ​។ វត្ត​កែវ​សិក្ខា​គិរី​ស្វា​រៈ របស់​កម្ពុជា ដែល​ស្ថិតនៅ​ចម្ងាយ​ប្រមាណ ៣០០ ម៉ែត្រ​ពី​ប្រាសាទ​ព្រះវិហារ ត្រូវបាន​ថៃ អះអាងថា ជា​តំបន់ ៤,៦ គីឡូម៉ែត្រ ដែល​ជា​តំបន់​ជម្លោះ​។​
​    ​ចំពោះ​ការស្នើសុំ​របស់​កង​ទាហាន​ថៃ មិន​ត្រូវ​បាន​កងទ័ព​កម្ពុជា យល់ព្រម ហើយ​បាន​បញ្ចេញ​ប្រតិកម្ម ដោយ​មិន​ធ្វើតាម ព្រោះ​ទី​វត្ត​កែវ​សិក្ខា​គិរី​ស្វា​រៈ ជា​ទឹកដី​កម្ពុជា ដែល​សៀមបាន​ចូល​ឈ្លានពាន​។​
​    ​យ៉ាងណាក៏ដោយ កងទ័ព​ថៃ បានប្រកាសថា ខ្លួន​នឹង​ចូល​មក​ទឹកដី​ក្នុង​វត្ត​កែវ​សិក្ខា​គិរី​ស្វា​រៈ ហើយ​យក​ទង់ជាតិ​ថៃ មក​ដាក់ ដូច​កម្ពុជា​ដែរ​។​
​    ​បញ្ហា​នេះ បាន​នាំ​ឲ្យ​សភាពការណ៍​ព្រំដែន ប្រឈមមុខ​ដោយ​អាវុធ​ដាក់គ្នា​រវាង​កងទ័ព​កម្ពុជា និង​កងទ័ព​ថៃ នៅ​ចំណុច​ព្រំដែន​ប្រាសាទ​ព្រះវិហារ​។​
​    ​មកដល់​រសៀល​ថ្ងៃ​ទី​២៨​មករា ឆ្នាំ​២០១១ កង​ទាហាន​ថៃ​រាប់រយ​នាក់ ប្រដាប់​ដោយ​អាវុធ​គ្រប់​ធុន សព្វាវុធ និង​រថពាសដែក ត្រូវបាន​បញ្ជូន​ជា​បន្តបន្ទាប់ មក​ក្រៀក​ព្រំដែន ពិសេស​នៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារ ដើម្បី​ត្រៀម​លក្ខណៈ​ប្រយុទ្ធ​។​
​    ​ចំពោះមុខ​សភាពការណ៍​បង្កទំនាស់​របស់​ភាគី​ថៃ​ដូច្នេះ កងទ័ព​កម្ពុជា ក៏​បាន​ត្រៀមលក្ខណៈ ដើម្បី​ការពារ​បូរណភាព​ទឹកដី​កម្ពុជា ទប់ទល់​នឹង​ការរំលោភបំពាន​ពី​សំណាក់​កងទ័ព​ថៃ​យ៉ាង​គឃ្លើន​ជាថ្មី​ម្តងទៀត​។​
​    ​នៅ​ថ្ងៃ​ទី​២៨​មករា​នេះ មេទ័ព​ជាន់ខ្ពស់​កម្ពុជា ដែល​បាន​បង្ហាញខ្លួន​នៅ​ខ្សែត្រៀម​ជួរមុខ នៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារ រួមមាន​៖ លោកនាយ​ឧត្តមសេនីយ៍ គន់ គីម មេបញ្ជាការរង​កង​យោធពល​ខេមរភូមិន្ទ​, លោកនាយ​ឧត្តមសេនីយ៍ ជា តារា មេបញ្ជាការរង​កង​យោធពល​ខេមរភូមិន្ទ ទទួលបន្ទុក​ទិស​ប្រាសាទ​ព្រះវិហារ​, លោក​ឧត្តមសេនីយ៍ទោ ខេង សុមេធ​, លោក​ឧត្តមសេនីយ៍ទោ ស្រី ឌឹ​ក​, លោក​ឧត្តមសេនីយ៍ទោ ហ៊ុន ម៉ា​ណែ​ត កូនប្រុស​សម្តេច ហ៊ុន សែន និង​ជា​មេបញ្ជាការរង​កងទ័ព​ជើងគោក ព្រមទាំង​លោក ហ៊ុន ម៉ាណីត​។​
​    ​លោកនាយ​ឧត្តមសេនីយ៍ ជា តារា បាន​ថ្លែងថា ទាហាន​កម្ពុជា នៅតែ​ប្រកាន់ខ្ជាប់​អនុសាសន៍ និង​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​ធ្វើ​យ៉ាងណា​ត្រៀម​ការពារ​បូរណភាព​ទឹកដី​កម្ពុជា ជាពិសេស​មិន​ឲ្យ​បាត់បង់​មួយ​មី​លី​ម៉ែត្រ​ឡើយ​។ ម្យ៉ាងវិញទៀត កម្ពុជា នៅ​តែ​រក្សា​សិទ្ធិ​ស្វ័យ​ការពារ ប្រសិនបើ​កងទ័ព​ថៃ ចូល​រំលោភ​ឈ្លានពាន​ទឹកដី​កម្ពុជា​ជា​ថ្មី​។​
​    ​យ៉ាងណាក៏ដោយ មកដល់​រសៀល​ថ្ងៃ​ទី​២៨​មករា ឆ្នាំ​២០១១ កងទ័ព​ថៃ មិនទាន់​រុលចូល​វត្ត​កែវ​សិក្ខា​គិរី​ស្វា​រៈរបស់​កម្ពុជា​នៅឡើយ​ទេ​។​
​    ​សូម​បន្ថែមថា កាលពី​ម៉ោង ៧ យប់​ថ្ងៃ​ទី​២៧​មករា ឆ្នាំ​២០១១ កង​ទាហាន​ថៃ​ប្រមាណ ១០០ នាក់ បាន​ចូល​ក្នុង​ប្រាសាទ​តា​មាន់រ​បស់​ក​ម្ពជា នៅ​ព្រំដែន​ខេត្ត​ឧត្តរមានជ័យ​។ អស់​ពេល​ប្រមាណ ២ ម៉ោង​រួចមក ទើប​កងទ័ព​កម្ពុជា បាន​រុញច្រាន​ទាហាន​ថៃ​ទាំងនោះ ឲ្យ​ដក​ថយក្រោយ​វិញ​។​
​    ​ជា​ការកត់សម្គាល់ ចាប់​ពី​ព្រំដែន​ខេត្ត​ឧត្តរមានជ័យ រហូត​ដល់​ព្រំដែន​ប្រាសាទ​ព្រះវិហារ កង​ទាហាន​ថៃ​ជា​ច្រើន​នាក់ ត្រូវបាន​បង្កើន ជាមួយនឹង​សព្វាវុធ​ធុន​ធ្ងន់ និង​រថក្រោះ រថពាសដែក​ជាច្រើន ត្រូវបាន​បញ្ជូន​មក​ក្រៀក​តំបន់​ព្រំដែន​កម្ពុជា ហើយ​ភាគច្រើន​នៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារ​៕​

ដោយ : លី ទីដែន
 

No comments:

Post a Comment