រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍របស់មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានឱ្យដឹងថា រយៈពេលមួយឆ្នាំ សំរាប់ឆ្នាំ២០១០ កន្លងមកនេះ មន្ត្រីរាជការស៊ីវិលនៅរាជធានីភ្នំពេញ បានចូលនិវត្តន៍ចំនួន១.២៣៦នាក់ ។ របាយការណ៍នេះត្រូវបានចែកជូននៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១០ និងទិសដៅរបស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ និងសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ មករា ២០១១ កន្លងមកនេះ ស្ថិតក្រោមអធិបតីភាពលោកសយ ស៊ីផុន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច ។
ក្នុងរបាយការណ៍នេះបានរំលឹកថា ពីឆ្នាំ១៩៨៧ ដល់២០១០ មន្ត្រីរាជការនៅរាជធានីភ្នំពេញ ដែលបានចូលនិវត្តន៍មានចំនួន៩.៩០៨នាក់ ក្នុងនោះមន្ទីរកណ្តាលគ្រប់គ្រងចំនួន៣.៧៤៥នាក់ ។ រួមមានខណ្ឌ៧ មករា ៩០៥នាក់ ទទួលគោក១.១១៩នាក់ ចំការមន១.២៨៧នាក់ ដូនពេញ១.១៨៦នាក់ ឫស្សីកែវ៦៥៩នាក់ មានជ័យ៧០៧នាក់ និងដង្កោមានចំនួន៣០០នាក់ ។ ចំណែកជនបាត់បង់សម្បទាវិជ្ជាជីវៈចំនួន១.២៦៦នាក់ កូនកំព្រាបេសកកម្មសរុបចំនួន៨៤នាក់ កូនកំព្រាដោយជំងឺមានចំនួន៣៩២នាក់ ។
ដោយឡែកក្នុងរយៈពេលមួយឆ្នាំមន្ត្រីរាជការនៅរាជធានីភ្នំពេញ ដែលបានចូលនិវត្តន៍ចំនួន១.២៣៦នាក់ ប្រពន្ធសពនិវត្តន៍ជនចំនួន១៨៥នាក់ កូនកំព្រាសពនិវត្តន៍ជន៣៩នាក់ កូនកំព្រាដោយជំងឺ១៩នាក់ ។ លុបរបបនិវត្តន៍ជន៩៥៩នាក់ និងជនបាត់បង់សម្បទាវិជ្ជាជីវៈ២០៥នាក់ ៕
ដោយ ៖ កោះឯករាជ្យ
No comments:
Post a Comment