Friday, January 28, 2011

អនុ​ប្រធាន​ព្រឹទ្ធ​សភា​​បារាំង​សំដែង​ការ​ពេញ​ចិត្ត​​ចំពោះ​ដំណើរ​ការ​សាលា​ក្តីខ្មែរ​ក្រហម


រាជធានីភ្នំពេញ ៖ លោកជំទាវ កាតឺរីន តាស្កា (Catherine Tasca) អនុប្រធាន​ព្រឹទ្ធ​សភា​បារាំង បានសម្តែងការ​ចាប់អារម្មណ៍​ខ្ពស់​​ចំពោះអង្គជំនុំជម្រះវិសាមញ្ញក្នុង​តុលាការកម្ពុជា​លើដំណើរការ​នីតិវិធីស្វែង​រក​យុត្តិ​ធម៌​ជូន​ជន​រង​គ្រោះ​នៃរបបកម្ពុជា​ប្រជា​ធិបតេយ្យដែល​បាន​ដឹក​នាំប្រទេសកម្ពុជា រវាង​ពី​​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ១៩៧៥ ​ដល់​ថ្ងៃទី៦ ខែ​មករា ឆ្នាំ១៩៧៩។ លោក​ជំទាវ កាតឺ​រីន តាស្កា ដែលអម​ដំណើរ​ដោយ​សមាជិកព្រឹទ្ធសភា និងមន្ត្រីការ​ទូត​បារាំង​មួយក្រុម​ បានមកធ្វើទស្សនកិច្ច​សិក្សា​ស្វែង​យល់​អំពី​អង្គ​​ជំនុំ​ជំរះ​វិសា​មញ្ញា​ក្នុង​តុលា​ការ​កម្ពុជា (អ.វ.ត.ក) កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ​២០១១។ ពេលមក​ដល់​លោក​ជំទាវ​បានអញ្ជើញ​ទស្សនាសាលសវនាការ និងកន្លែងជំនុំជម្រះ​ក្តី​ក៏​ដូចជាកន្លែងឃុំឃាំង​ជនជាប់ចោទ៥រូប ដែល​មួយរូបត្រូវបានជំនុំជម្រះក្តីរួចហើយ និងបួន​រូប​ទៀត កំពុងតែរង់ចាំការ​ជំនុំជម្រះក្តីដែល​គេ​រំពឹង​ថា នឹងកើតឡើងនៅពាក់កណ្តាលឆ្នាំ២០១១ នេះ។
បន្ទាប់មកទៀត លោក​រោង ឈង តំណាង​ឲ្យ​​លោក​ក្រាញ់ តូនី ប្រធានការិយា​ល័យ​រដ្ឋ​បាល​ស្តីទី និងមន្ត្រីជាតិនិងអន្តរជាតិដទៃទៀតនៃ អ.វ.ត.ក បានទទួលស្វាគមន៍គណៈប្រតិភូ​បារាំង​យ៉ាងកក់ក្តៅ​ជាទីបំផុត។ លោក​រោង ឈង បាន​ជម្រាបលោក​ជំទាវ កាតឺ​រីន​​តាស្កា និងគណៈ​ប្រតិភូ​ថា អ.វ.ត.ក បាន​ជំនុំ​ជម្រះ​ក្តីក្នុង​សំណុំ​រឿង​​លេខ​០០១ ទៅ​លើពិរុទ្ធ​ជន​ឈ្មោះ​កាំង ហ្កេក​អ៊ាវ ហៅ​ឌុច រួចរាល់ហើយ តាម​រយៈ​សាល​ក្រម​ដែលប្រកាសដោយអង្គជំនុំ​ជម្រះ​សាលា​ដំបូង កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ​២០១០ ដោយ​ធ្វើការផ្តន្ទាទោស​ឌុច​ឲ្យ​ជាប់​ពន្ធ​នា​គារ​៣៥​ឆ្នាំ ។ បច្ចុប្បន្ននេះ អង្គជំនុំ​ជម្រះ​តុលា​ការ​កំពូល​នឹង​ធ្វើការជំនុំជម្រះក្តីឧទ្ធរណ៍ ដើម្បី​បញ្ចប់​​សំណុំ​រឿង​​លេខ​០០១ នេះទាំងស្រុង នៅ​ក្នុង​​សប្តាហ៍ទី៤ នៃ​ខែ​មីនា ឆ្នាំ២០១១។
លោក​រោង ឈង បានជម្រាបជូនភ្ញៀវថា សហ​ចៅក្រមស៊ើបអង្កេតបាន​ធ្វើការ​ចោទ​ប្រកាន់​ជា​ផ្លូវការ​ទៅលើជនជាប់ចោទបួនរូបទៀត មាន នួន ជា, អៀង សារី, អៀង ធីរិទ្ធ និង​ខៀវ សំផន កាលពីថ្ងៃ​ទី១៦ ខែកញ្ញា ឆ្នាំ២០១០ ហើយ​សំណុំរឿង​លេខ​​០០២ នេះត្រូវបាន​គេរំពឹង​ទុក​ថា នឹងយកមកធ្វើការ​ជំនុំជម្រះ​ក្តី​ដោយ​អង្គ​ជំនុំ​ជម្រះ​សាលាដំបូងនៅពាក់​កណ្តាល​ឆ្នាំ​២០១១ នេះ។ លោកក៏បានជម្រាបជូន​ភ្ញៀវ​អំពី​ចំនួន​​ប្រជា​ជនយ៉ាងច្រើនកុះករដែលចូល​រួម​ស្តាប់​សវនា​ការទាក់ទងនឹងសំណុំរឿង​​លេខ​០០១ ដែល​មាន​ចំនួន​ដល់ទៅជាង៣១.០០០នាក់ និង​ប្រជា​ជន​ជាង៦ម៉ឺននាក់ទៀត បានចូល​រួម​ក្នុង​ដំណើរ​ការ​កម្មសិក្សាដែលរៀបចំឡើងដោយ អ.វ.ត.ក គិត​ពីខែមីនា ឆ្នាំ២០០៩ ដល់ខែមករា ឆ្នាំ​២០១១ ដែល​ចំនួននេះ​ជាចំនួនដ៏ច្រើន​លើស​លប់​ បើ​ប្រៀប​ធៀបទៅនឹងតុលាការ​អន្តរ​ជាតិ​ដទៃ​​ទៀត។
លោក​រោង ឈង ក៏បានថ្លែងអំណរ​គុណ​យ៉ាង​ជ្រាលជ្រៅដល់ប្រទេសបារាំងដែល​បាន​ផ្តល់​ថវិកា​តាំងពីការកកើត អ.វ.ត.ក នេះ នូវ​ទឹក​ប្រាក់ចំនួន​៦,៥លានដុល្លារ ដែលក្នុងនោះ​៦,២៥​លានដុល្លារ សម្រាប់ភាគីអន្តរជាតិ និង​២​សែន​៣ម៉ឺនដុល្លារទៀត សម្រាប់ភាគីជាតិ​ ដែល​តួ​លេខ​នេះស្មើនឹង​៧ភាគរយនៃថវិកា​រួមរបស់ អ.វ.ត.ក ត្រឹមឆ្នាំ២០១០។ «យើងសង្ឃឹមថា ប្រទេស​បារាំងនឹងចូលរួម​ផ្តល់ភាគទានថែមទៀត ដើម្បីឲ្យដំណើរការនីតិវិធីរបស់ អ.វ.ត.ក បញ្ចប់​​បេសកកម្មរបស់ខ្លួន​ចប់ចុងចប់ដើម»។
លោក​ជំទាវ​ កាតឺ​រីន តាស្កា បានជម្រាប​មន្ត្រី អ.វ.​ត.ក ថា «មុននឹងមកមើលតុលា​ការ​នេះ ខ្ញុំបាន​ទៅ​ទស្សនាមន្ទីរ ស-២១ ដែល​សព្វ​ថ្ងៃ​នេះ ជា​សារ​មន្ទីរឧក្រិដ្ឋកម្មប្រល័យពូជ​សាសន៍​​ទួល​ស្លែង។ ដូច្នេះហើយបានជា​យើង​មាន​សំណួរ​ជា​ច្រើន​ទៅកាន់មន្ត្រីតុលា​ការ​នៅ​ពេល​នេះ»។ «ខ្ញុំផ្ទាល់​យល់ឃើញថា អ.វ.ត.ក ជា​ស្ថាប័ន​​ដ៏​សំខាន់​ដែលបានធ្វើការជំនុំជម្រះក្តីទៅ​លើ​មេ​ដឹក​នាំ​ជាន់ខ្ពស់ និងជនទាំងឡាយណា​ដែល​ទទួល​ខុសត្រូវខ្ពស់បំផុតនៃរបប​កម្ពុជា​ប្រជា​ធិប​តេយ្យ។ យើង​យល់ថា បេសកកម្មនេះ​មាន​ប្រយោជន៍យ៉ាងខ្លាំងចំពោះប្រជាជនកម្ពុជា ក្នុង​ការ​ទទួលបាននូវយុត្តិធម៌ដ៏​សមរម្យមួយ»។
គណៈប្រតិភូបារាំង បានលើកឡើងនូវ​សំណួរ​ជាច្រើនទាក់ទងនឹងការផ្សះផ្សា​ជាតិ សុខ​ភាព​​របស់​ជន​ជាប់ចោទ និងសតិអារម្មណ៍របស់​ប្រជា​​ជន​កម្ពុជាទូទៅ ទៅលើការ​ជំនុំជម្រះក្តី​នេះ។ ចៅ​ក្រម​ដែលជា​ជនជាតិបារាំង កំពុងតែ​បម្រើ​​ការ​នៅ អ.វ.ត.ក ក៏បានចូលជួប​សវនា​ការ​​ជា​មួយ​នឹង​លោក​ជំទាវ កាតឺ​រិន តាស្កា និង​គណៈ​​ប្រតិភូ​ដែរ មុន​ពេល​លោក​ជំទាវ​បញ្ចប់​ទស្សន​កិច្ចនៅ អ.វ.ត.ក៕              
 
ដោយ ៖ កោះឯករាជ្យ

No comments:

Post a Comment