ទាហានការពារព្រំដែនកម្ពុជា
ព្រំដែនគោកធ្យូងទឹកដីថៃ ៖ ក្រុមអ្នកតវ៉ាអាវលឿងរាប់រយនាក់ដែលមានបំណងសំរុកចូលទៅកាន់ឃុំគោកធ្យូង ខ្សែបន្ទាត់ព្រំដែនទឹកដីថៃ ចង់មើលទីតាំងដែលសមត្ថកិច្ចកម្ពុជាចាប់ខ្លួនពលដ្ឋរបស់ពួកគេ៧នាក់នោះ ត្រូវបានទប់ស្កាត់នៅវេលាម៉ោងប្រមាណ១រសៀល ថ្ងៃទី៥ មករា ២០១១ ត្រង់ចំណុចភូមិអាងសិលា (ថៃ) ដោយពលរដ្ឋអ្នកស្លូតត្រង់រស់នៅក្នុងខេត្តស្រះកែវ ប្រទេសថៃ ។ ដោយសារតែមានការទប់ស្កាត់ពីសំណាក់ពលរដ្ឋថៃរស់នៅក្នុងខេត្តស្រះកែវ ទៅលើពួកអាវលឿងរាប់រយនាក់ មិនឱ្យចូលទៅកាន់ឃុំគោកធ្យូងនោះ បានបង្កឱ្យមានការប្រទូស្តរ៉ាយយ៉ាងខ្លាំងស្ទើរតែប្រើហិង្សាដាក់គ្នាទៅហើយ រវាងអ្នកខេត្តស្រះកែវ និងក្រុមនិយមជ្រុលអាវលឿង...ប៉ុន្តែភ្លាមៗនោះកំលាំងចំរុះរបស់ថៃ បានសំរបសំរួលសុំឱ្យមានតំណាងពួកអាវលឿង ៧នាក់ ចូលទៅកាន់ឃុំគោកធ្យូង ខ្សែបន្ទាត់ព្រំដែនថៃនោះវិញ ទើបពួកប្រឆាំងអាវលឿង និងអ្នកខេត្តស្រះកែវ វិលទៅរកភាពធូរស្រាល ។
មកដល់វេលាម៉ោងជិត៤រសៀលថ្ងៃទី៥ មករា ២០១១ គេឃើញតំណាងក្រុមជ្រុលនិយមអាវលឿង៧នាក់ រួមជា មួយលោកសានិត ណាត់ស៊ុកស៊ី អភិបាលខេត្តស្រះកែវ និងមេបញ្ជាការរងកងទ័ពជើងគោលឈ្មោះវ៉ាលីត បានចូលទៅកាន់ខ្សែបន្ទាត់ព្រំដែនឃុំគោកធ្យូង ហើយសម្លឹងមើលទៅបង្គោលព្រំដែនលេខ៤៦ ទីដែលសមត្ថកិច្ចកម្ពុជាចាប់ខ្លួនពលរដ្ឋ ថៃ៧នាក់នោះ ទើបពួកគេអស់ចិត្ត បន្ទាប់មកក៏ចាកចេញទៅវិញភ្លាមៗដោយមានទាហានការពារព្រំដែនថៃបានចាប់ដៃរលាក់សួស្តីគ្នាជាមួយទាហានការពារព្រំដែនកម្ពុជាផងដែរ ។
សូមបញ្ជាក់ថា មុនពេលតំណាងពួកអាវលឿងបានចូលទៅដល់ឃុំគោកធ្យូង ខ្សែបន្ទាត់ព្រំដែននោះ គឺកាលពីវេលាម៉ោង១រសៀលថ្ងៃទី៥ មករា ២០១១ មើលពីព្រំដែនម្ខាងនៃឃុំអូរបីជាន់ ទឹកដីកម្ពុជា ទៅរកឃុំគោកធ្យូង ទឹកដីថៃ គេឃើញ តម្រួតព្រំដែនថៃរាប់សិបនាក់បានរាយបន្លាលួសលាតសន្ធឹងយ៉ាងវែងនៅលើខ្សែបន្ទាត់ព្រំដែនរបស់ថៃចំងាយប្រមាណជាង២០០ម៉ែត្រ ពីបង្គោលឡាក់លេខ៤៦ ដើម្បីការពារទប់ស្កាត់មិនឱ្យពួកអាវលឿងចូលទៅរញ៉េរញ៉ៃនៅតាមខ្សែបន្ទាត់ព្រំដែន ។ បានជាមានការរាយបន្លាលួសបែបនេះ ព្រោះគេដឹងថា ពួកអាវលឿងរាប់រយនាក់កំពុងធ្វើដំណើរតាមផ្លូវសំរុកចូលមកឃុំគោកធ្យូងទឹកដីថៃ ដើម្បីពិនិត្យមើលបង្គោលព្រំដែនលេខ៤៦ ទីដែលសមត្ថកិច្ចកម្ពុជាធ្វើការចាប់ឃាត់ខ្លួនពលរដ្ឋថៃ៧នាក់ ក្នុងនោះមានតំណាងរាស្ត្រម្នាក់ផងចូលលុកលុយប្រទេសកម្ពុជាដោយខុសច្បាប់ ៕
ក្រុម អ្នកតវ៉ាអាវលឿងដែលមានបំណងសំរុកចូលទៅកាន់ឃុំគោកធ្យូង
ខ្សែបន្ទាត់ព្រំដែនទឹកដីថៃ ត្រូវបានទប់ស្កាត់ ដោយតម្រួតព្រំដែនថៃ
តម្រួតព្រំដែនថៃរាប់សិបនាក់បានរាយបន្លាលួសលាតសន្ធឹងយ៉ាងវែងនៅលើខ្សែបន្ទាត់ព្រំដែន
របស់ថៃចំងាយប្រមាណជាង២០០ម៉ែត្រ ពីបង្គោលព្រំដែនលេខ៤៦
ទាហានការពារព្រំដែនកម្ពុជា
No comments:
New comments are not allowed.