នៅព្រឹកថ្ងៃទី៥មករា ឆ្នាំ២០១០នេះ នៅចំណុចភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅបង្គោលព្រំដែនកម្ពុជា-ថៃ លេខ ៤៦ និង ៤៧ កងកម្លាំងកម្ពុជា ត្រូវបានបង្កើនច្រើន ដោយក្នុងនោះ មានកងកម្ម៉ង់ដូ កម្លាំងនគរបាល និងប៉េអឹម ត្រូវបានបញ្ជូនទៅកាន់ព្រំដែន ។ ការបង្កើនកម្លាំងនៅព្រំដែនកម្ពុជា-ថៃ ចំណុចភូមិជោគជ័យរបស់កម្ពុជា និងភូមិណងចាន់ របស់ថៃ ដើម្បីការពារ កុំឲ្យបាតុករអាវលឿងថៃ រុលចូលទឹកដីកម្ពុជា ដែលក្រុមជ្រុលនិយមថៃទាំងនោះ ចាត់ទុកថា ជាទឹកដីរបស់ថៃ ។
ប្រភពពីជាយដែន បានបញ្ជាក់ថា ការបង្កើនកម្លាំងកម្ពុជា នៅទល់ដែនថៃនេះ គឺទប់ទល់នឹងបាតុករអាវលឿងថៃ ហើយបើបាតុករទាំងនោះ ចូលទឹកដីកម្ពុជា គឺយើងមិនប្រើអាវុធទប់ទល់ឡើយ តែយើងប្រើកម្លាំង ចាប់ខ្លួនបាតុករថៃទាំងនោះ ហើយបញ្ជូនទៅកាន់ទោស ក្នុងតុលាការ ដូចករណីជនជាតិថៃ ៧ នាក់ ដែលត្រូវបានកងកម្លាំងកម្ពុជា ចាប់ខ្លួន កាលពីថ្ងៃទី២៩ធ្នូ ឆ្នាំ២០១០ ។
ដោយឡែកនៅឯសាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៥មករានេះ កិច្ចប្រជុំមួយ ត្រូវបានធ្វើឡើង ដើម្បីវាយតម្លៃពីសភាពការណ៍ព្រំដែនកម្ពុជា និងថៃ នៅទិសពាយ័ព្យ ពិសេសនៅខេត្តបន្ទាយមានជ័យ ដើម្បីដាក់ចេញនូវយុទ្ធសាស្ត្រការពារព្រំដែន កុំឲ្យមានការរំលោភបំពាន ។
កិច្ចប្រជុំនោះ ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អតីតអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ដោយមានការចូលរួមពីអភិបាលខេត្ត អភិបាលស្រុក មេបញ្ជាការកងទ័ព និងនគរបាលការពារព្រំដែនកម្ពុជា-ថៃ ។
ប្រភពពីកិច្ចប្រជុំ បានឲ្យដឹងថា មានការវាយតម្លៃថា ព្រំដែនកម្ពុជា និងថៃ នៅខេត្តបន្ទាយមានជ័យ មានភាពតានតឹង ហើយផុយស្រួយ ដែលតម្រូវឲ្យកម្ពុជា បង្កើនកម្លាំង ដើម្បីទប់ទល់នឹងកម្លាំងទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធរបស់ថៃ ខ្លាចក្រែងកងទ័ពថៃ យកលេសទប់ទល់បាតុករថៃ ហើយឆ្លៀតចូលទឹកដីកម្ពុជា ។
អង្គប្រជុំ ក៏បានគូសបញ្ជាក់ថា មិនឲ្យបទពិសោធន៍នៅវត្តកែវសិក្ខាគិរីស្វារៈ នៅព្រំដែនប្រាសាទព្រះវិហារ ត្រូវបានថៃប្រើប្រាស់នៅព្រំដែនខេត្តបន្ទាយមានជ័យឡើយ ។ បទពិសោធន៍នៅវត្តកែវសិក្ខាគិរីស្វារៈ កាលពីថ្ងៃទី១៥កក្កដា ឆ្នាំ២០០៨ គឺកងទ័ពថៃ បានចូលរំលោភ ឈ្លានពានលើទឹកដីកម្ពុជា ជិតប្រាសាទព្រះវិហារ ក្រោមលេសថា ចូលមកការពារជនជាតិថៃ ៣ នាក់ ដែលបានចូលទឹកដីកម្ពុជា ដោយខុសច្បាប់ នៅចំណុចមុខប្រាសាទព្រះវិហារ របស់កម្ពុជា ។
សូមបញ្ជាក់ថា មកដល់ព្រឹកថ្ងៃទី៥មករានេះ បាតុករអាវលឿងថៃ បានប្រមូលផ្តុំ នៅស្រុកគោកធ្យូង ដើម្បីដង្ហែក្បួនបាតុកម្ម ទៅកាន់តំបន់ព្រំដែនកម្ពុជា និងថៃ ចំណុចបង្គោលលេខ ៤៦ នៅភូមិជោគជ័យ របស់កម្ពុជា និងភូមិណងចាន់ របស់ថៃ។ ក៏ប៉ុន្តែបាតុករថៃប្រហែលជា ៥០០ ទៅ ៦០០ នាក់នោះ បានប៉ះទង្គិចជាមួយអ្នកភូមិជាយដែន ទាហានបូព៌ា ទាហានឈុតខ្មៅថៃ និងកងតម្រួតថៃ ដោយមានការប្រតាយប្រតប់ បណ្តាឲ្យរបួស និងចាប់ខ្លួនមេបាតុករអាវលឿងថៃ ។
សេចក្តីរាយការណ៍ពីជាយដែន បានបង្ហាញថា ការប៉ះទង្គិច ដែលកើតចេញពីការរារាំងដំណើររបស់បាតុករអាវលឿងថៃនោះ កើតឡើងនៅក្នុងភូមិប៉ារ៉ៃ ក្នុងស្រុកអារញ្ញប្រាថេត និងនៅភូមិអាងសិលា ក្នុងស្រុកគោកធ្យូង ជាប់ព្រំដែនកម្ពុជា ក្នុងសង្កាត់ប៉ោយប៉ែត និងឃុំអូរបីជាន់ ។
ក្នុងព្រឹត្តិការណ៍នោះ រថពាសដែក របស់ទាហានថៃ ៥ គ្រឿង រួមទាំងទាហានឈុតខ្មៅ និងទាហានប៉ារ៉ាថៃ ប្រមាណ ៣០០ នាក់ ត្រូវបានគេបញ្ជូនទៅកាន់តំបន់ព្រំដែន ជិតបង្គោលឡាក់លេខ ៤៦ ដើម្បីរារាំងក្រុមបាតុករថៃ ។
សូមរម្លឹកថា បាតុករអាវលឿងថៃ បានធ្វើបាតុកម្មតវ៉ា នៅខេត្តស្រះកែវ ជាប់នឹងខេត្តបន្ទាយមានជ័យរបស់កម្ពុជា ពីរបីថ្ងៃមកហើយ ដើម្បីទាមទារឲ្យមានការដោះលែងជនជាតិថៃ ៧ នាក់ ដែលមានទាំងសមាជិកសភាថៃ ២ នាក់ផង ។ ជនជាតិថៃទាំង ៧ នាក់នោះ បានចូលទឹកដីកម្ពុជា ដោយខុសច្បាប់ នៅចំណុចបង្គោលព្រំដែនលេខ ៤៦ ក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ជនជាតិថៃទាំង ៧ នាក់នោះ ត្រូវបានឃុំឃាំងនៅពន្ធនាគារព្រៃស នៅភ្នំពេញ ដើម្បីរង់ចាំការកាត់ទោស ដែលអាចនឹងធ្វើឡើងនាថ្ងៃទី៦មករា ឆ្នាំ២០១១
No comments:
Post a Comment