រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ពីសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ទី៦ មករា ២០១១ ស្អែកនេះ សាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឱ្យនាំខ្លួនជនជាតិថៃ៧នាក់ ដែលអាជ្ញាធរខ្មែរចាប់ខ្លួនពីបទឆ្លងដែនចូលក្នុងទឹកដីកម្ពុជា ដោយខុសច្បាប់ មកធ្វើការសាកសួរបន្ថែមទៀត ។ កាលពីថ្ងៃទី៤ មករា ២០១១ ប្រធានសាលាដំបូងរាជធានីភ្នំពេញ លោកជីវ កេង បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា ជនជាតិថៃ៧នាក់នេះ សាលាដំបូងមិនមែនហៅមកសួរចំលើយទេ ប៉ុន្តែហៅមកសាកសួរបន្ថែមទាក់ទងនឹងការឆ្លងដែនចូលក្នុងទឹកដីកម្ពុជាដោយខុសច្បាប់ ។ លោកបន្តថា មកទល់នឹងពេលនេះ យើងប្រមូលបានភស្តុតាងមួយចំនួនរួចហើយ ពាក់ព័ន្ធនឹងការឆ្លងដែនខុសច្បាប់របស់ជនជាតិសៀមទាំង៧នាក់នេះ ។
ពីប្រទេសថៃឯណោះវិញ កាលពីថ្ងៃទី៤ មករា ២០១១ គេហទំព័របាងកកប៉ុស្តិ៍បានចាក់ផ្សាយនូវវីដេអូឃ្លីបមួយបញ្ជាក់ថា លោកផានិច វីគីតសេត តំណាងរាស្ត្រថៃ ដែលជាប់ចោទចូលក្នុងទឹកដីកម្ពុជា ដោយខុសច្បាប់នោះ ត្រូវបានលោកនាយករដ្ឋមន្ត្រីថៃអាប់ភីស៊ីត ចាត់បញ្ជូនឱ្យមកកាន់ព្រំដេនខ្មែរ-ថៃ នៅមុនពេលដែលអាជ្ញាធរខ្មែរចាប់ខ្លួន ។ វីដេអូឃ្លីបនោះបានបង្ហាញថា រូបលោកផានិច វីគីតសេត កំពុងនិយាយទូរស័ព្ទទៅកាន់លេខាធិការរបស់គាត់ ដើម្បីឱ្យប្រាប់បន្តទៅលេខាធិការរបស់លោកនាយករដ្ឋមន្ត្រីអាប់ភីស៊ីត វីចាជីវ៉ា គឺលោកស៊ុមគាត ក្រុងវឌ្ឍនាស៊ុក ឱ្យប្រាប់លោកអាប់ភីស៊ីត ផងថា លោកកំពុងស្ថិតក្នុងទឹកដីកម្ពុជាហើយ ប៉ុន្តែលោកតំណាងរាស្ត្រជាប់ចោទរូបនេះបែរជាប្រាប់លេខាធិការរបស់គាត់ មិនឱ្យប្រាប់អ្នកណាថា គាត់កំពុងមានវត្តមាន ស្ថិតនៅក្នុងទឹកដីកម្ពុជានោះទេ ។
លើសពីនេះទៀត លោកតំណាងរាស្ត្រថៃជាប់ចោទក៏បាននិយាយទូរស័ព្ទប្រាប់លេខាធិការរបស់គាត់ ឱ្យប្រាប់លេខាធិការលោកអាប់ភីស៊ីត ទៀតថា សូមឱ្យនាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត វ៉េចាជីវ៉ា ជួយអន្តរាគមន៍មកលើរូបគាត់ផង ប្រសិនបើមានបញ្ហា ពីព្រោះលោកតំណាងរាស្ត្រ ជាប់ចោទរូបនេះបានដឹងជាមុនហើយថា អាចនឹងមានបញ្ហាពេលដែលគាត់ចូលក្នុងទឹកដីកម្ពុជានេះ ជាក់ជាមិនខាន ។ ប៉ុន្តែម៉ោងក្រោយការបង្ហាញនូវវីដេអូឃ្លីបនេះ លោកនាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត វ៉េចាជីវ៉ា បានទទួលស្គាល់ថា រូបលោកពិតជាបានចាត់បញ្ជូនលោកតំណាងរាស្ត្រជាប់ចោទទៅកាន់ព្រំដែនខ្មែរ-ថៃមែន ប៉ុន្តែមិនបានដឹងថា លោកផានិច វីគីតសេត នៅទីកន្លែងណានោះទេ
ដោយ ៖ កោះឯករាជ្យ
No comments:
Post a Comment