ខេត្តកំពត ៖ គេតែងបានកត់សំគាល់ឃើញថា នៅរដូវចូលឆ្នាំសាកលឬចូលឆ្នាំប្រពៃណីខ្មែរ កន្លងមក ភ្ញៀវជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ និងរថយន្តរាប់ពាន់គ្រឿងបានធ្វើដំណើរទៅកាន់ភ្នំបូកគោ ដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធលើកំពូលភ្នំដ៏ខ្ពស់សន្លឹមនេះ ។ ជារៀងរាល់ឆ្នាំពិសេសពិធីឆ្លងឆ្នាំសាកលម្តងៗ មានមន្ត្រីការពារឧទ្យានជាតិព្រះមុនីវង្សបូកគោជាអ្នករាប់ក្បាលរថយន្តឱ្យបង់លុយពី៣ពាន់ ទៅ៥ពាន់ ឬទៅ១ម៉ឺនរៀល តាមប្រភេទរថយន្តតូចធំ ហើយមន្ត្រីផ្សេងៗអង្គុយចាំកត់ត្រាចំនួនមនុស្ស និងរថយន្តនៅផ្លូវឡើងទៅភ្នំ ។
ដោយឡែកពិធីឆ្លងឆ្នាំសាកល២០១១នេះ មិនមានមន្ត្រីណាម្នាក់អង្គុយចាំយកលុយទៀតទេ គឺបើកឱ្យភ្ញៀវឡើងទៅកំសាន្តលើភ្នំបូកគោរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣១ ធ្នូ ២០១០ ដល់ថ្ងៃទី១ មករា ២០១១ ។ ក្នុងរយៈពេល២ថ្ងៃនេះ បើតាមការអះអាងពីអ្នករាប់ចំនួនរថយន្តឡើងភ្នំបូកគោ គឺមិនលើសពី៣០០គ្រឿងទេ ហើយមនុស្សក៏មិនច្រើនប៉ុន្មានដែរ ។ មន្ត្រីនៅស្នាក់ការឧទ្យានជាតិនិយាយថា ពួកគេមិនបានតំរូវឱ្យភ្ញៀវបង់លុយក្បាលឡានដូចឆ្នាំមុនៗទេ គ្រាន់តែកត់ត្រាឈ្មោះនិងលេខទូរស័ព្ទប៉ុណ្ណោះ ខ្លាចមានហេតុការណ៍អ្វីនៅខាងលើ ឬងាយស្រួលទាក់ទង ។
លោកអ៊ឹង ម៉េងហ៊ួរ អភិបាលរងខេត្តមានប្រសាសន៍ថា ក្នុងអំឡុងពេលមានការស្ថាបនាផ្លូវឡើងទៅកាន់ភ្នំបូកគោ គឺមិនអនុញ្ញាតឱ្យភ្ញៀវជាតិ និងអន្តរជាតិឡើងទៅលើភ្នំបូកគោទេ ព្រោះខ្លាចមានគ្រោះថ្នាក់ លើកលែងតែថ្ងៃបុណ្យជាតិធំៗទើបមានការអនុញ្ញាតឱ្យឡើង ហើយយ៉ាងយូរតែក្នុងរយៈពេល៣ថ្ងៃប៉ុណ្ណោះ ។ លោកអភិបាលរងខេត្តមានប្រសាសន៍បន្តថា មិនមានមន្ត្រីថ្នាក់ខេត្តទៅត្រួតពិនិត្យពីចំនួនភ្ញៀវទេ ។ អ្នកលក់ដូរលើភ្នំបូកគោនិយាយថា ពួកគាត់លក់ដូរមិនដាច់ដូចឆ្នាំមុនៗទេ ដោយសារមិនមានភ្ញៀវទេសចរច្រើន ម្យ៉ាងវិញទៀតស្ថានភាពផ្លូវឡើងទៅលើកំពូលភ្នំនៅមានការលំបាកនៅឡើយ ព្រោះកំពុងសាងសង់ ។ កាលពីឆ្នាំមុនៗ ផ្លូវអាចពិបាកលើសនេះទៅទៀត ប៉ុន្តែនៅតែមានភ្ញៀវច្រើន ដូច្នេះគេមិនដឹងពីមូលហេតុនៃការថយចុះភ្ញៀវនេះទេ ព្រោះមន្ត្រីនានាមិនបានចូលរួមធ្វើការត្រួតពិនិត្យ និងសិក្សា
ដោយ ៖ កោះឯករាជ្យ
No comments:
Post a Comment