Wednesday, January 05, 2011

ដាំដើម​មន​ចិញ្ចឹម​ដង្កូវ​នាង​យក​សរសៃ​សូត្រ

  លោក​ស្រី បេន អភិ​បាល​​ខេត្ត​ បាន​ដឹក​នាំ​មន្ត្រី​រាជ​ការ​ប៉ូលិស​ប៉េអឹម​​ទៅ​ដាំ​ដើម​មន​លើ​ដី​មជ្ឈ​មណ្ឌល​​អភិ​វឌ្ឍន៍​ខេត្ត ក្នុង​ភូមិ​ត្រពាំង​អង្គ សង្កាត់​រកា​​ក្រៅ ក្រុង​ដូន​កែវ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​លោក​លី ប្រុស រដ្ឋ​​លេខាធិការ​ក្រសួង​អភិវឌ្ឍន៍​ជន​បទ ព្រម​ទាំង​មន្ត្រី​រាជ​ការ​ជុំ​វិញ​ខេត្ត និង​លោកគ្រូ អ្នក​គ្រូ​​​យ៉ាង​ច្រើន​កុះ​ករ ។ លោក​ប្រធាន​មន្ទីរ​​អភិ​វឌ្ឍន៍​ជន​បទ​ខេត្ត​បាន​និយាយ​ថា ដើម​មន​នេះ​ត្រូវ​បាន​នាំ​ចូល​ពី​ប្រទេស​​​ចិន រួច​យក​មក​ផ្សាំ​​នៅ​ស្រុក​ព្រះ​នេត្រ​ព្រះ​សំរាប់​​ចែក​ទៅ​​​ដាំ​នៅ​តាម​ខេត្ត ហើយ​ចំពោះ​​​ការ​ដាំ​ដើម​មន​នៅ​មជ្ឈ​មណ្ឌល​អភិ​វឌ្ឍន៍​ជន​បទ​នា​ពេល​នេះ ​មាន​ផ្ទៃ​ដី​​ចំនួន​៣​ហិកតា តែ​អនុ​វត្ត​ជំហាន​ដំបូង​មាន​ចំនួន​៣០​អា ដែល​មាន​ដើម​មន​ចំនួន​៥០០​ដើម ។
លោក​ស្រី បេន ​អភិ​បាល​​ខេត្ត​បាន​មាន​ប្រសាសន៍​ថា មន្ទីរ​​អភិ​វឌ្ឍន៍​ជន​បទ សូមថែរក្សា​ស្រោច​ទឹក​ដើម​មន​ដែល​​ដាំ​នេះ​ឱ្យ​បាន​ល្អ​ ព្រោះ​ការ​ដាំ​ដើម​មន​នា​ពេល​នេះ​ជា​​លើក​ទី​១ ហើយ​សំរាប់​ចិញ្ចឹម​​ដង្កូវ​នាង​ធ្វើ​សូត្រ​ ហើយ​ខេត្ត​តាកែវ​មាន​ស្រុក​បាទី​មួយ​ផ្នែក ស្រុក​សំរោង​​ និង​ស្រុក​ព្រៃ​កប្បាស កំពុង​តែ​ប្រកប​របរ​តម្បាញ​ហូល​ផា​មួង ជា​​ការ​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​​នៅតាម​ភូមិ​​ បង្កើន​ជីវ​ភាព​គ្រួសារ​ឱ្យ​បាន​ធូរ​ធារ​​មួយ​កំរិត​ ​ដែល​មួយ​ចំនួន​លក់​នៅ​ក្នុង​ស្រុក និង​មួយ​ចំនួន​​​ទៀត​បាន​នាំ​ចេញ​ទៅ​លក់​​នៅ​ក្រៅ​ប្រទេស ។
លោក​អភិ​បាល​ខេត្ត​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ដោយ​ពុំ​មាន​សរសៃ​សូត្រ​​គ្រប់​​គ្រាន់​ក្នុង​​ការ​ត្បាញ​ហូល​ផាមួង​នោះ ​​យើង​បាន​​នាំ​សរសៃ​សូត្រ​មក​ពី​ប្រទេស​ក្រៅ​ ហើយ​ថ្ងៃ​នេះ​យើង​បាន​ដាំ​ដើម​មន​សំរាប់​ចិញ្ចឹម​ដង្កូវ​នាង​យក​សរសៃ​​សូត្រ​ ។ ដូច្នេះ​នា​ពេល​​អនាគត​​​យើង​មិន​​ចាំ​បាច់​នាំ​​ចូល​​សរសៃ​សូត្រ​​​ពី​ក្រៅ​ស្រុក​ទៀត​នោះ​ទេ ដែល​ទាំង​​​​នេះគឺ​ជា​គោល​នយោ​បាយ​​កាត់​បន្ថយ​ភាព​ក្រីក្រ​​រប​ស់​រាជ​រដ្ឋា​ភិបាល​ដែល​មាន​សម្តេច​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹក​នាំ

No comments:

Post a Comment