កាសែតឌឹណេហ្សិន នៅថ្ងៃទី៥ មករា បានចេញផ្សាយដោយដកស្រង់សំដីប្រភពរដ្ឋាភិបាលថៃថា លោកកាស៊ីត ភិរម្យ រដ្ឋមន្ត្រីក្រសួងការបរទេសចង់ឱ្យគណៈរដ្ឋមន្ត្រីសើរើឡើងវិញ នូវទំនាក់ទំនងរវាងប្រទេសថៃ និងប្រទេសកម្ពុជា ប្រសិនបើក្រុងភ្នំពេញ នៅតែអូសបន្លាយពេលចំពោះករណីរបស់ពលរដ្ឋថៃ៧នាក់ដែលកំពុងឃុំខ្លួននៅក្នុងប្រទេសកម្ពុជា ។ កាសែតថៃដដែលបានដកស្រង់សំដីលោកកាស៊ីត ដែលថ្លែងប្រាប់គណៈរដ្ឋមន្ត្រីក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍រៀបចំឡើងកាលពីថ្ងៃទី៤ មករា កន្លងមកថា រូបលោកទទួលបរាជ័យក្នុងការពិភាក្សាជាមួយអាជ្ញាធរកម្ពុជា ក្នុងការដោះស្រាយករណីពលរដ្ឋថៃទាំង៧នាក់នោះ ក្រៅតុលាការ ពីព្រោះក្រុងភ្នំពេញ មានការខឹងសម្បាយ៉ាងខ្លាំងចំពោះមនុស្សម្នាក់ក្នុងក្រុមនោះជាពិសេសមេដឹកនាំសកម្មជនអាវលឿងលោកវីរ៉ា ស៊ុមខ្វាមឃីត ។
លោកកាស៊ីត ថ្លែងថា ទោះបីជារដ្ឋាភិបាលរបស់លោកអាប់ភីស៊ីត ធ្វើអន្តរាគមន៍ក្នុងប្រព័ន្ធយុត្តិធម៌របស់ប្រទេសកម្ពុជាក៏ដោយ ក៏រូបលោកនៅតែសង្ឃឹមថា អាជ្ញាធរក្រុងភ្នំពេញនឹងបង្កើនល្បឿនដំណើរការដោះស្រាយករណីរបស់ជនជាតិថៃ៧នាក់នោះ ។ រដ្ឋមន្ត្រីការបរទេសថៃរូបនេះថ្លែងទៀតថា ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសថៃកំពុងមានលក្ខណៈល្អប្រសើរឡើង ហើយលោកសង្ឃឹមថា កម្ពុជានឹងមិនយករឿងពលរដ្ឋថៃ៧នាក់នេះធ្វើជារឿងធំដុំនោះទេ
No comments:
Post a Comment