សាលាខេត្តស្វាយរៀង បានប្រារព្ធទិវាមីទ្ទីញរំលឹកខួបទី៣២ នៃជ័យជំនះ ៧ មករា (៧ មករា ១៩៧៩-មករា ២០១១) កាលពីព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១១ នេះក្រោមអធិបតីភាពរបស់លោកនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកស្រី និងមានអ្នកចូលរួមប្រមាណ ៥ ពាន់អ្នកទៀត ។
លោក ជៀង អំ អភិបាលខេត្តស្វាយរៀង បានអានសុន្ទកថារបស់សម្តេចពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងពិធីមីទ្ទីញរំលឹកខួបទី៣២ នៃទិវាជ័យជំនះ ៧ មករា ដែលនៅក្នុងសន្ទរកថា នោះបានលើកឡើងអំពីសមិទ្ធផលយ៉ាងធំធេង ជាប្រវត្តិសាស្ត្រជូនជាតិគឺ :
-ដំណាក់កាលពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៩៣
-ដំណាក់កាលពីឆ្នាំ១៩៩៣ រហូតដល់បច្ចុប្បន្ន មិនគ្រាន់តែសម្រេចបានសន្តិភាព និងការអភិវឌ្ឍន៍បច្ចុប្បន្នប៉ុណ្ណោះទេ គឺយើងបានលប់បំបាត់ទាំងស្រុងនូវមូលហេតុផ្ទៃក្នុង ដែលនាំឲ្យកើតសង្គ្រាម ចាក់គ្រឹះសន្តិភាពដ៏រឹងមាំ និងពង្រឹងកំលាំងជឿជាក់ ចំពោះអនាគតដ៏ល្អប្រសើរ សម្រាប់ប្រជាជនយើងគ្រប់ៗជំនាន់តរៀងទៅ ។
លោកនាយឧត្តមសេនីយ៍ ម៉ឹង សំផន បានមានប្រសាសន៍ថា : ទិវានៃជ័យជំនះនេះធ្វើឡើងក្នុងស្មារតីចងចាំជានិច្ចនូវឧក្រិដ្ឋកម្ម នៃរបបកម្ពុជាប្រជាធិបតេយ្យ និងអត្ថន័យដ៏ធំធេងជាប្រវត្តិសាស្ត្រនៃជ័យជំនះ ៧ មករា និងក្នុងស្មារតីគោរពដឹងគុណដ៏ជ្រាលជ្រៅ ចំពោះវីរយុទ្ធជន យុទ្ធនារីនៃកង ទ័ពបដិវត្តន៍កម្ពុជា ព្រមទាំងវីរយុទ្ធជននៃកងទ័ពស្មគ្រ័ចិត្តវៀតណាម ដែលបានប្រយុទ្ធធ្វើពលីកម្ម ប្រកបដោយវីរភាពដ៏ឧត្តុង្គឧត្តមបំផុត ដើម្បីបុព្វហេតុនៃការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា ។
ជ័យជនះ ៧ មករា ១៩៧៩ ប្រៀបដូចជាពន្លឺដ៏ភ្លឺចាំងចែងដែលបានមកបំភ្លឺមាតុភូមិកម្ពុជា ឲ្យចេញផុតពីសម័យកាលដ៏ខ្មៅងងឹតបំផុតនោះ ។ ហើយប្រជាជនកម្ពុជាបានចងចាំជានិច្ចថា : ថ្ងៃ៧ មករា គឺជាថ្ងៃកំណើតទី២ របស់ខ្លួនបើគ្មានថ្ងៃជ័យជំនះ ៧ មករា ក៏គ្មានអ្វីៗនាសព្វថ្ងៃនេះដែរ ។ ៣២ ឆ្នាំមកនេះស្មារតី៧ មករាបានបំភ្លឺផ្លូវយើងជានិច្ច និងជាប្រភពកម្លាំងលើកទឹកចិត្តដ៏ខ្លាំងក្លា ដែលបានធ្វើឲ្យយើងអាចពុះ ពារជំនះរាល់ឧបសគ្គតូចធំ បានដោយជោគជ័យ ហើយស្មារតី ៧ មករា គឺសាមគ្គីភាពវីរភាព និងជ័យជំនះ ។
គួរបញ្ជាក់ថា ៖ ខេត្តស្វាយរៀងត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ កម្ពុជាប្រជាធិបតេយ្យនៅថ្ងៃទី៤ ខែមករា ឆ្នាំ១៩៧៩ មុនការរំដោះរាជធានីភ្នំពេញចំនួន ៣ ថ្ងៃ ៕
No comments:
Post a Comment