Friday, January 21, 2011

ព្រះរាជ​អំណោយ​ព្រះករុណា​និងសម្តេចឪ សម្តេចម៉ែប្រទាន​ដល់ជនរងគ្រោះ​អគ្គីភ័យ

រាជ​ធានីភ្នំពេញ ៖ ព្រះ​រាជ​អំណោយ​​ព្រះ​ករុណាព្រះ​បាទ​សម្តេច​ព្រះ​បរម​នាថ​ នរោត្តម ​សីហមុនី ​ព្រះ​មហាក្សត្រនៃព្រះ​រាជាណា​ចក្រ​កម្ពុជា​​ និងព្រះ​រាជអំណោយ​ ព្រះ​ករុណា​ព្រះ​មហា​វីរក្សត្រ​ ព្រះវរ​រាជបិតា​ជាតិ​ខ្មែរ ​និង​សម្តេច​​ព្រះ​មហាក្សត្រី ព្រះ​វរ​រាជ​មាតាជាតិ​ខ្មែរ ត្រូវ​​សម្តេច​ចៅហ្វា​វាំង គង់ សំអុល និងជា​ឧប​នាយក​រដ្ឋ​​មន្ត្រី​​​នាំ​យក​ទៅ​ចែក​​ជូន​ដល់​ប្រជា​ពល​រដ្ឋ​​ចំនួន​៩៦​គ្រួសារ ដែល​រងគ្រោះ​​​ដោយ​អគ្គី​ភ័យ​នៅក្នុង​សង្កាត់ច្រាំង​ចំរេះទី២ ​ខណ្ឌប្ញស្សី​កែវ ។ ពិធីនេះ​​រៀបចំ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២១ មករា នៅ​ទី​ធ្លា​ស្នាក់​ការគណ​បក្ស​ប្រជា​ជន​​​ខណ្ឌប្ញស្សី​កែវ ​ស្ថិត​នៅ​ក្បែរ​កន្លែង​កើត​មាន​​គ្រោះអគ្គីភ័យ​​​ ។
​ព្រះ​រាជ​អំណោយ​ព្រះ​​ករុណា ព្រះ​បាទ​សម្តេច​​ព្រះ​បរម​នាថ នរោត្តម ​សីហមុនី ​ព្រះ​មហា​ក្សត្រនៃ​ព្រះរា​ជា​ណាចក្រ​កម្ពុជា ក្នុង​១​គ្រួសារ​ទទួលបាន​អង្គរ១បាវ ​ស្មើ​នឹង​៥០គីឡូ​​ក្រាម ​ឃីត​ចំនួន​១​កញ្ចប់ (មាន​មុង១ ភួយ១ សារុង១ ក្រមា​១) និងថវិកា​ចំនួន១០​ម៉ឺន​រៀល ​។ ដោយ​ឡែក​​ព្រះរាជ​អំណោយ​ព្រះ​ករុណា​ព្រះ​មហា​វីរក្សត្រ​​ព្រះ​វរ​រាជ​បិតាជាតិ​ខ្មែរ ​និងស​ម្តេច​ព្រះ​មហាក្សត្រី​ព្រះ​វរ​រាជ​មាតា​ជាតិ​ខ្មែរ ក្នុង​១​គ្រួសារ​ទទួល​បានក្រមា​ចំនួន១​ សារុង​១ និង​ថវិកា​ចំនួន​១០​ម៉ឺន​រៀល ។
​សម្តេច​ចៅ​ហ្វា​វាំង​​គង់ សំអុល ​​បាន​សំដែ​ងការ​សោក​ស្តាយ​ និង​ចូល​រួម​រំលែក​ទុក្ខ​ចំពោះ​បងប្អូន​​​ដែល​រង​គ្រោះ​ដោយ​អគ្គីភ័យ ។ ការ​កើត​មាន​អគ្គី​ភ័យ​​ដោយ​សារ​តែ​​បង​ប្អូន​មានការ​ធ្វេស​ប្រហែស​ផង សង់​លំនៅ​ឋាន ដោយ​ទុក​ផ្លូវ​តូច​ចង្អៀត​​មិន​អាច​ឱ្យ​រថ​យន្ត​ពន្លត់​អគ្គីភ័យ​ចូលអន្ត​រា​គមន៍​​​ទាន់ពេលផង ។ ​ដូច​នេះ​សូម​បង​ប្អូន​ពេល​សង់​ផ្ទះ​ឡើង​វិញ ត្រូវ​ទុក​ផ្លូវ​​ដែល​អាច​រថយន្ត​ពន្លត់​អគ្គីភ័យ​ចេញ​ចូល​បាន ។

លោក​​ឧប​នាយករដ្ឋ​មន្ត្រី គង់​ សំអុល រដ្ឋ​​មន្ត្រី​​ក្រសួង​​ព្រះបរ​ម​រាជវាំងថ្លែងថា ​រាជ​រដ្ឋាភិបាល​ដែលមាន​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ជាប្រមុខ​បាន​យកចិត្ត​ទុក​ដាក់​​យ៉ាង​ខ្លាំង​ និងណែ​នាំ​​ដល់​មន្ត្រី​ក្រោមឱវាទ​​ឱ្យ
ចុះ​ជួយ​​ និង​សំរួល​ការ​លំបាកជូន​បង​ប្អូន ។ ចំណែកព្រះ​ករុណា​ព្រះបាទ​​សម្តេច​ព្រះ​បរមនាថ នរោត្តម​ សីហមុនី ​ព្រះមហា​ក្សត្រនៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​​មាន​ព្រះ​រាជហប្ញទ័យ​​​ព្រួយ​បារម្ភ​​ និងមាន​ព្រះ​រាជតំរិះ គិត​​ដល់​បង​ប្អូន ។ ចំពោះ​សម្តេចឪ​ សម្តេច​ម៉ែ​ដែល​គង់នៅ​ក្រៅ​ប្រទេស​​មានការ​ព្រួ​យ​បារម្ភ​​ចំពោះ​ជីវ​ភាព​បង​ប្អូន​ដែ​លកំពុង​ជួបការ​លំបាក​ ។
លោក​ឧប​នាយករដ្ឋ​មន្ត្រី​គង់ សំអុល ​​បាន​​ពាំ​នាំ​ព្រះ​រាជ​បណ្តាំ​សួរ​សុខ​ទុក្ខ​ និង​ពាំ​នាំ​​ព្រះ​រាជ​អំណោយ​​មក​ចូល​រួម​រំលែក​ទុក្ខ​ដល់​បង​ប្អូន ។ ព្រះ​រាជ​អំណោយ​ទាំងនេះ​ ​គ្រាន់​តែ​​ជា​ជំនួយ​ឧបត្ថម្ភ​​​សំរាល​ការ​លំបាកខ្លះដល់​បងប្អូន​
ប៉ុណ្ណោះ ។ កន្លង​មក​ កាក​បាទក្រហម​កម្ពុជា​បាន​នាំ អំណោយ​​​មក​ចែក​ជូន​បង​ប្អូន​ដែលនេះ​ជាទឹក​ចិត្ត​​​របស់កា​ក​បាទក្រហម​​ក្រោម​ការ​ដឹកនាំ​របស់​លោកជំទាវ​​​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ៕

ដោយ ៖ កោះឯករាជ្យ

No comments:

Post a Comment