Friday, January 21, 2011

ការស្ទង់មតិៈ ៧៦​ភាគរយ​នៃ​ពលរដ្ឋ​ខ្មែរ​យល់ថា​រដ្ឋាភិបាល​ដើរ​លើ​ផ្លូវត្រូវ​

ភ្នំពេញ​: វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ ( IRI ) របស់​អាមេរិក​ទើប​តែ​បាន​បង្ហាញ​លទ្ធផល​នៃ​ការ​ស្ទាបស្ទង់​មតិ​មួយ​នៅ​ព្រឹក​ថ្ងៃទី​២១​ មករា ​ដែល​បង្ហាញ​ថា​ ៧៦ ​ភាគរយ​នៃ​ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវបាន​សា​កសួរ​បាន​អះអាង​ថា ​រដ្ឋាភិបាល​កំពុង​ដើរ​លើ​ផ្លូវត្រូវ ​។​

​ការ​ស្ទាបស្ទង់​មតិ​នេះ​ត្រូវបាន​គេ​ធ្វើឡើង​ទៅ​លើ​មនុស្ស​ចំនួន​ជាង​ ២០០០ ​នាក់​ដែល​មាន​អាយុ​ចាប់ពី ​១៨ ​ដល់ ​៦៩​ឆ្នាំ​ ។ អ្នក​ដែល​យល់ថា​រដ្ឋាភិបាល​ដើរ​លើ​ផ្លូវ​ត្រូវ​ដោយ​សំអាង​លើ​សមិទ្ធផល​ដែល​រដ្ឋាភិបាល​បាន​កសាង​ដូចជា​ហេ​ដ្ឋា​រចនាសម្ព័ន្ធផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ និង​ប្រព័ន្ធ​ធារាសាស្ត្រ​ជាដើម​ ។ ​

​ចុះ​ណែ​កឯ​ ២៣​ ភាគរយ​នៃ​អ្នក​ដែល​ត្រូវបាន​សាកសួរ​អះអាង​ថា ​រដ្ឋាភិបាល​កំពុង​ដើរ​លើ​ផ្លូវខុស​ដោយសារ​តែ​អំពើពុករលួយ ទំនិញ​ចេះតែ​ឡើងថ្លៃ អំពើ​បក្សពួកនិយម ការបំផ្លាញ​បរិស្ថាន និង​ការគ្រប់គ្រង​ជនអន្តោប្រវេសន៍​មិនល្អ ​។ 

​ក្នុង​ចំណោម​អ្នក​ដែល​គេ​ស្ទង់​មតិ ៤០​ភាគរយ​និយាយថា ​មាន​អំពើ​ពុករលួយ​ក្នុង​ចំណោមមន្ត្រីរាជការ​រដ្ឋាភិបាល​ ។ ១២​ភាគរយ​អះអាងថា រដ្ឋាភិបាល​កំពុង​ដុតដៃ​ជើង​ក្នុងកា​រលុប បំបាត់​អំពើពុករលួយ​ ។ ៤១​ភាគរយ​និយាយថា​ភ្នាក់ងារ​រដ្ឋាភិបាល​តែង​យក​តម្លៃលើសពី​ច្បាប់​កំណត់​ ។ ៣១​ ភាគរយ​ថា​មាន​អំពើ​ពុករលួយ​ក្នុង​ជួរ​ប៉ូលិស​ ។ ២២​ ភាគរយ​យល់ថា អំពើពុករលួយ​មកពីប្រាក់ខែ​តិច​ រីឯ ​៥ ​ភាគរយ​យល់ថា​អំ​ពើ​ពុករលួយ​ គឺជា​ទម្លាប់​ ។​

​ការ​ស្ទាបស្ទង់​រកឃើញ​ទៀត​ថា​យុវជន ​គឺជា​កម្លាំងចលករ​យ៉ាង​ខ្លាំង​សម្រាប់​ចលនា​នយោបាយ​មានន័យថា ​គណបក្ស​ណា​ដែល​ដ​ណ្តើ​មបាន​ការគាំទ្រ​ពី​យុវជន​នឹង​ទទួលបាន​សន្ទុះ​យ៉ាង​ឆាប់រហ័ស​មួយ ​៕

ដោយ : រតនា CEN

No comments:

Post a Comment