Friday, January 21, 2011

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល​​នៃ​សម័យ​ប្រជុំពេញ​អង្គ​គណៈ​រដ្ឋមន្ត្រី ​ថ្ងៃទី ២១ ខែ ​មករា ​ឆ្នាំ២០១១

       ថ្ងៃទី២១ ខែមករា​ ឆ្នាំ២០១១ វេលាម៉ោង ៨​ និង៣០នាទីព្រឹក នៅវិមាន​​សន្តិភាព​ មានបើក​​សម័យ ​ប្រជុំពេញ​អង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៍​ខ្ពង់ខ្ពស់​បំផុត​របស់ សម្តេច​​អគ្គ​មហា​​​សេនា​​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណា​ចក្រ​កម្ពុជា ក្នុង​អាណត្តិទី ៤ ដើម្បីឆ្លងៈ
១-​សេចក្តី​ព្រាង​ច្បាប់​ ស្តីពី​របប​ហិរញ្ញ​វត្ថុ​ និង​ការ​គ្រប់​គ្រង​​ទ្រព្យ​សម្បត្តិ​ របស់​រដ្ឋបាល​​ថ្នាក់​ក្រោម​​ជាតិ​​។
២-​សេច​ក្តី​ព្រាង​​កម្មវិធី​វិនិយោគ​​សាធារណៈ​ ៣ ឆ្នាំ​​ រំកិល ២០១១-២០១៣​​​ ។
៣-​​​​បញ្ហា​ផ្សេងៗ ៖​ សំណើ​សុំ​ការ​​យល់​ព្រម​​ពីគណៈរដ្ឋមន្រ្តី​ ដើម្បី​ផ្ញើទៅ​ស្ថាប័ន​​នីតិប្បញ្ញាតិ្ត​ លើ​"ពិធីសារ​ទី​២ ដើម្បី​ធ្វើ​វិសោធន​កម្ម​​​លើ​កិច្ច​ព្រម​ព្រៀង​​ស្តី​ពី​ពាណិជ្ជ​កម្ម​ទំនិញ​ នៃ​ កិច្ច​ព្រម​ព្រៀង​​ក្រប​ខ័ណ្ឌ​ ស្តីពី​កិច្ច​សហប្រតិបត្តិ​ការ​​សេដ្ឋកិច្ច​ទូលំ​ទូលាយ​ រវាង​ សមា​គម​​ប្រជាជាតិ​​​អាស៊ី​អាគ្នេយ៍ និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ "
     ក្រោយពីបានស្តាប់របាយការណ៍ និងមតិពិភាក្សា​ផ្លាស់ប្តូរ​​យោបល់រួចមក កិច្ចប្រជុំពេញ​អង្គ​គណៈ រដ្ឋ​មន្ត្រី​បាន​សម្រេចៈ
I-សេចក្តី​ព្រាង​ច្បាប់​ ស្តីពី​របប​ហិរញ្ញ​វត្ថុ​ និង​ការ​គ្រប់​គ្រង​​ទ្រព្យ​សម្បត្តិ​​រ​បស់​រដ្ឋបាល​​ថ្នាក់​​ក្រោម​​ជាតិ៖
នៅ​ក្នុង​​ក្រប​ខ័ណ្ឌ​នៃ​កម្ម​​វិធី​កែ​​ទម្រង់​សេដ្ឋ​កិច្ច​ និង​កម្មវិធី​​កែ​ទម្រង់​​​រដ្ឋបាល​សាធារណៈ​ តាម​គោល ​នយោបាយ​វិមជ្ឈការ និង​វិសហមជ្ឈការ​​របស់​រាជ​រដ្ឋាភិបាល​ ច្បាប់​ស្តី​ពី​​ប្រព័ន្ធ​​​ហិរញ្ញវត្ថុ​​សាធារណៈ​ និង ​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រង​​​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវ​បាន​អនុម័ត និង​ប្រកាស​ឲ្យ​ប្រើ​ ដោយ​ព្រះ​រាជក្រម​ នៅ​ក្នុង​ខែ ឧសភា ឆ្នាំ​២០០៨ ដែលជាបន្ត​បន្ទាប់​តម្រូវ​ឲ្យ​មាន ​ការ​រៀបចំ​ តាក់​តែង ​នូវ​ច្បាប់​ និង​លិខិត​បទប្បញ្ញត្តិ​ច្បាប់​ទាំង​ឡាយ​ ដើម្បី​ឲ្យ​ច្បាប់​ទាំង​ពី​រ​ខាង​លើ​អាច​អនុវត្ត​បាន ​ដោយ​មាន ​សង្គតិភាព​​ជា​មួយ​គ្នា។​​
សេចក្តី​ព្រាង​ច្បាប់​​ស្តីពី​របប​ហិរញ្ញ​វត្ថុ​ និង​ការ​គ្រប់​គ្រង​ទ្រព្យ​​សម្បត្តិ​របស់​រដ្ឋបាល​​​ថ្នាក់​ក្រោម​​ជាតិ​ គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​ដ៏សំខាន់​ ដែល​កំណត់​អំពី​ប្រព័ន្ធ​​គ្រប់​គ្រង​ហិរញ្ញវត្ថុ និង​ថវិកា​ ក៏​ដូច​ជាការ​បង្កើត ​នូវ​ប្រភព​ធនធាន​​ហិរញ្ញ​វត្ថុ​នានា​សម្រាប់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ និង​ការ​កំណត់​​នូវ​បន្ទុក​ប្រភេទ​ចំណាយ ​នានា​ នៃ​រដ្ឋបាល​ថា្នក់​ក្រោម​ជាតិ ក្នុង​ការ​អនុវត្តនូវមុខ​ងារ​ និង​ភារកិច្ច​ ដើម្បី​ពង្រឹង​ការ​​អភិវឌ្ឍន៍​តាម​ បែប​ប្រជាធិបតេយ្យ​​ក្នុង​ដែនសមត្ថកិច្ច​របស់​ខ្លួន​។​ សេចក្តី​ព្រាង​ច្បាប់​នេះ​​នឹង​អនុញ្ញាត ឲ្យ​មាន​ប្រព័ន្ធ​ គ្រប់​គ្រង​ហិរញ្ញវត្ថុ​ និង​ថវិកា​រួម​មួយ​ ដែល​មាន​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ និង​ថវិកាចំនួន​បី​ថា្នក់​ គឺ​ថ្នាក់ រាជធានី-ខេត្ត ថ្នាក់​ក្រុង-ស្រុក-ខ័ណ្ឌ និង​ថ្នាក់​ឃុំ-សង្កាត់​។
សេចក្តី​ព្រាង​ច្បាប់​ ស្តីពី​របប​ហិរញ្ញ​វត្ថុ​ និង​ការ​គ្រប់​គ្រង​​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋបាល​​​ថ្នាក់​ក្រោម​​ ជាតិ​ ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ សហការ​ជាមួយ​ក្រសួង​​មហាផ្ទៃ ​រួមមាន ៨ ជំពូក ៤ផ្នែក និង៥៦​មាត្រា​​។​ 
II-​​ សេច​ក្តី​ព្រាង​​កម្មវិធី​​វិនិយោគ​​សាធារណៈ​ ៣ ឆ្នាំ​​ រំកិល ២០១១-២០១៣ ៖
សេច​ក្តី​ព្រាង​​​កម្មវិធី​វិនិយោគ​​សាធារណៈ​(ក.វ.ស) បី​ឆ្នាំ​​រំកិល ២០១១-២០១៣ នេះ ត្រូវ​បាន​រៀប​ចំ​ ឡើង​ដោយ​ក្រសួង​ផែន​ការ​ដោយ​​បាន​ទទួល​ការ​គាំទ្រ​ និង​កិច្ច​សហការ​យ៉ាង​​ជិតស្និទ្ធ​ពី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ឧត្តម​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​ និង​គណៈកម្មាធិការ​​នីតិសម្បទា​ និង​អភិវឌ្ឍន៍​​​កម្ពុជាផងដែរ ដើម្បី​អនុវត្ត​ជា​ជំហានៗ​​នូវ​ការ​ធ្វើ​សុខដុម​នីយកម្ម​ការងារ​​ផែន​ការ​ ចំណាយ​វិនិយោគ​​សាធារណៈ របស់​រដ្ឋ​ និង​ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​។​
​សេច​ក្តី​ព្រាង​​កម្មវិធី​វិ​និយោគ​សាធារណៈ​ បីឆ្នាំ​​ រំកិល ២០១១-២០១៣ ជា​ការងារ​អាទិភាព​ ដែល​​ អាច​ផ្តល់​នូវ​ផល​ប្រយោជន៍​ចំពោះ​មុខ​ និង​យូរ​អង្វែង​ ក៏ដូច​ជា​ផ្តល់​នូវ​​បណ្តាញ​សុវត្ថិភាព​សង្គ​ម​ដ៏​ ឆាប់​រហ័ស​ សម្រាប់​ប្រជាជន​​ក្រី​ក្រ​ ដែល​ភាគ​ច្រើន​រស់​នៅ​​តំបន់​ជនបទ ព្រម​ទាំង​អាច​​បង្កើន​នូវ​អំណាច​ ទិញ​ និង​សុខុមាល​ភាព​​របស់​ពួក​គាត់​ ធានា​នូវ​ចីរភាព កំណើន​សេដ្ឋកិច្ច​ និង​ជម្រុញ​​ការ​ធ្វើ​ពិពិធកម្ម​ និង​ពង្រឹង​មូល​ដ្ឋាន​​សេដ្ឋកិច្ច​ឲ្យ​បាន​​ទូលាយ​ជាង​មុន​។​ នៅ​ក្នុង​​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​អនុវត្ត​ ដើម្បី​ឲ្យ​បាន ​សម្រេច​នូវ​គោល​ដៅ​ទាំង​នេះ​ ​​ ក.វ.ស បីឆ្នាំ​រំកិល ២០១១-២០១៣ នៅ​តែ​ទទួល​បាន​អាទិភាពខ្ពស់ ដោយ​​ធនធាន​ប្រមាណ ៦៥% ​ត្រូវ​បាន​ធ្វើ​ការ​វិភាជ​​​សម្រាប់​ការ​វិនិយោគ​នៅ​​តំបន់​ជនបទ​។​
កម្មវិធីវិនិយោគ​សាធារណៈ បីឆ្នាំ​រំកិល​ ២០១១-២០១៣ មាន​គម្រោង​សរុប​ចំនួន​ ៤៤៧ ក្នុង ​នោះ​ ១៨៣ ជា​គម្រោង​កំពុង​ដំណើរ​ ដែល​ត្រូវ​ការ​ទុន​ចំនួន​ ២៦៧៣ លាន​ដុល្លារ​អាមេរិក​ និង​ ២៦៤ ជា​គម្រោង​សម្រាប់​អនុវត្ត​ ផ.យ.អ.ជ ដែល​ត្រូវ​ការ​ទុន​ចំនួន ​១៥៦៧ លាន​ដុល្លារ​អាមេរិក​។​ 
III-​​បញ្ហា​ផ្សេងៗ ៖
អង្គ​ប្រជុំ​ពេញ​អង្គ​​គណៈរដ្ឋមន្រ្តី​បាន​សម្រេច​បញ្ជូន​ ​"ពិធីសារ​ទី​២​ដើម្បី​​ធ្វើ​វិសោធន​កម្ម​​ លើ​កិច្ច​ ព្រម​ព្រៀង​ស្តី​ពី​ពាណិជ្ជ​កម្ម​ទំនិញ​ នៃ​កិច្ច​ព្រម​ព្រៀង​ក្រប​ខ័ណ្ឌ​ ស្តីពី​កិច្ច​សហប្រតិបត្តិ​ការ ​សេដ្ឋកិច្ច​ទូលំទូលាយ​ រវាង​សមា​គម​ប្រជាជាតិ​​អាស៊ី​អាគ្នេយ៍ និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ " ទៅ​ សុំ​ការ​អនុម័ត​ពី​ស្ថាប័ន​នីតិប្បញ្ញាតិ្ត​។​
-​​សម្តេច​​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ក្រើន​រំលឹក​សារជា​ថ្មី​ ឲ្យ​​ មន្រ្តី​​ណា​ក៏ដោយ​ បើ​សិន​ណា​ជា​​មាន​ការ​ពាក់​ព័ន្ធ​និង​អំពើ​ពុក​រលួយ​ ការ​ជួញ​ដូរ​គ្រឿង​ញៀន​ ​ការ​រំលោភ ​ដីធ្លី ការ​កាប់​បំផ្លាញ​ព្រៃឈើ​ ទោះ​បី​​អះអាង​ថា​ស្មោះស្ម័គ្រ​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​ដោយ​ ​ត្រូវ​បញ្ឈ​​ប់​សកម្ម​ភាព​ជា​បន្ទាន់​ ដើម្បី​ជៀស​វាង​​ពី​ការ​ផ្តន្ទាទោស​​ដោយ​​ច្បាប់​រដ្ឋ​។​ 
 អង្គប្រជុំគណៈរដ្ឋមន្ត្រី បានបិទសម័យប្រជុំនៅវេលាម៉ោង១២និង00នាទី។
រាជធានីភ្នំពេញ ថ្ងៃទី២១  ខែមករា ឆ្នាំ២០១១

No comments:

Post a Comment