Friday, January 21, 2011

ប្រមុខ​ការទូត​កម្ពុជា គ្រោង​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​ចិន នៅ​គុន​មីង

ភ្នំពេញ: ប្រមុខ​ការទូត​កម្ពុជា លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង គ្រោង​នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​ចិន ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២៤-២៥ ខែ​មករា ឆ្នាំ​២០១១ នៅ​ទីក្រុង​គុន​មីង សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន និង​ចិន នៅ​សប្តាហ៍​ក្រោយ ធ្វើឡើង​ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​គម្រប់ ២០ ឆ្នាំ នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា អាស៊ាន និង​ចិន​។​

​    ​សេចក្តី​ជូន​ព័ត៌មាន របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ចុះ​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១១ បង្ហាញថា ក្នុងកំឡុងពេល​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​ចិន រយៈពេល​ពីរ​ថ្ងៃ​នោះ ប្រមុខ​ការទូត​នៃ​បណ្តា​ប្រទេស​ទាំង ១០ ជា​សមាជិកសមាគម​អាស៊ាន និង​ប្រទេស​ចិន ក៏​នឹង​អញ្ជើញ​ចូលរួម​ពិធី​ប្រារព្ធ​ឆ្នាំ​មិត្តភាព និង​ការផ្លាស់ប្តូរ​រវាង​អាស៊ាន និង​ចិន ផងដែរ​។​
​    ​សេចក្តី​ជូន​ព័ត៌មាន​ដដែល បាន​លើក​បង្ហាញ​ថា ដំណើរ​របស់​លោក​ប្រមុខ​ការទូត ហោ ណាំហុង ទៅកាន់​តុ​ប្រជុំ​នៅ​ទីក្រុង​គុន​មីង ក្នុង​ខេត្ត​យូ​ណាន ប្រទេស​ចិន នា​ដើម​សប្តាហ៍​ក្រោយនេះ ធ្វើឡើង តាម​ការអញ្ជើញ​របស់​លោក យ៉ាង ជាលី រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​
​    ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua បាន​រាយការណ៍​ពី​ទីក្រុង​ប៉េកាំង​ថា កិច្ចប្រជុំ​រវាង​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន និង​ចិន នា​ថ្ងៃ​ទី​២៤ និង​ថ្ងៃ​ទី​២៥​មករា ឆ្នាំ​២០១១ នឹង​ផ្លាស់ប្តូរ​យោបល់ និង​ពិនិត្យ​ឡើងវិញ​លើ​ទំនាក់ទំនង​ជា​យុទ្ធសាស្ត្រ​នៃ​កិច្ចសហប្រតិបត្តិកា​ររ​វាង​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន និង​មហាអំណាច​ចិន​។​
​    ​ជំនួយការ​របស់​រដ្ឋ​មន្ត្រី​ការបរទេស​ចិន លោក ហូ ហ្សិ​ង​យូ ( Hu Zhengyue ) បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua ថា កិច្ចប្រជុំ​រវាង​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន និង​ចិន នា​អាទិត្យ​ក្រោយ ក៏​នឹង​រាប់បញ្ចូល​ទាំង​ការ​ប្រារព្ធ​ឆ្នាំ​មិត្តភាព និង​ការផ្លាស់ប្តូរ​រវាង​អាស៊ាន​-​ចិន ដែល​ជា​ព្រឹត្តិការណ៍​ដ៏​មាន​អត្ថន័យ​សំខាន់បំផុត ដើម្បី​ធ្វើឲ្យ​ប្រសើរឡើង​នូវ​ទំនុកចិត្ត​ផ្នែក​នយោបាយ និង​ការធ្វើឲ្យ​ស៊ីជម្រៅ​បន្ថែមទៀត​លើ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ទ្វេភាគី​រវាង​អាស៊ាន និង​ចិន​។ ព្រឹត្តិការណ៍​សំខាន់​នៃ​ពិធី​ប្រារព្ធ​ឆ្នាំ​មិត្តភាព និង​ការផ្លាស់ប្តូរ​រវាង​អាស៊ាន និង​ចិន គម្រប់ ២០ ឆ្នាំ​នោះ ផ្តោត​សំខាន់​លើ​គោលនយោបាយ ឈ្នះ ឈ្នះ និង​ភាព​ជា​ដៃគូ​ល្អ​នឹង​គ្នា​។​
​    ​ប្រទេស​ចិន និង​សមាជិក​បណ្តា​ប្រទេស​ក្នុង​សមាគម​អាស៊ាន បាន​បង្កើត​ទំនាក់ទំនង ជា​ដៃគូ​សន្ទនា​នឹង​គ្នា កាលពី​ឆ្នាំ​១៩៩១​។ ភាគី​ទាំងពីរ បាន​បង្កើត​នូវ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ ដើម្បី​សន្តិភាព និង​វិបុលភាព នៅ​ឆ្នាំ​២០០៣​។ ក្នុង​ខែ​មករា ឆ្នាំ​២០១០ អាស៊ាន​-​ចិន ក៏​បាន​អនុវត្ត​នូវ​តំបន់​សេដ្ឋកិច្ច​សេរី តាមរយៈ​ការលើកលែង​ពន្ធ​នាំចេញ​-​នាំចូល​ទំនិញ​មួយចំនួន​៕​

ដោយ : លីហូវ CEN

No comments:

Post a Comment