Friday, January 21, 2011

ក្រសួង​យុត្តិធម៌​ចាត់​វិធាន​ការ​ក្ដៅ​ចំពោះ​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​រាជធានី-ខេត្ត ដែល​ធ្វេស ប្រហែស​ឲ្យ​អ្នក​ទោស​បាន​នៅ​ក្រៅ​មណ្ឌល​ឃុំ​ខ្លួន

ភ្នំពេញ ៖​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១១​នេះ កម្ពុជា​ថ្មី​បាន​ទទួល​លិខិត​មួយ​ច្បាប់ លេខ​១១២ កយ.រប/១១​ ចុះ​ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០១១ ដោយ​ឲ្យ​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​រាជធានី ខេត្ត​ទាំងអស់ ត្រូវ​យក​ចិត្ត​ទុក​ដាក់​អនុវត្តន៍​តួនាទី​របស់​ខ្លួន និង​ចាត់​វិធាន​ការ​ដោះ​ស្រាយ​ជា​បន្ទាន់ ស្រប​តា​ម​ច្បាប់ និង​នីតិវិធី​ជា​ធរមាន ករណី​ពិនិត្យ​ឃើញ​ភាព​មិន​ប្រក្រតី​ការ​គ្រប់គ្រង​ឃុំ​ខ្លួន​បុគ្គល ជា​ពិសេស​ការ​ដោះ​លែង​បុគ្គល​ឃុំ​ខ្លួន​មិន​ប្រក្រតី និង​ការ​ឃុំ​ខ្លួន​បុគ្គល​ខុស​នីតិវិធី។
លិខិត​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា កន្លង​មក​ក្រសួង​យុត្តិធម៌​បាន​ទទួល​ព័ត៌មាន​ពី​ភាព​មិន​ប្រក្រតី មួយ​ចំនួន​ទាក់​ទង​ទៅ​នឹង​ការ​គ្រប់គ្រង​ការ​ឃុំ​ខ្លួន​នៅ​តាម​ពន្ធនាគារ និង​មណ្ឌល​ឃុំ​ខ្លួន​មួយ​ចំនួន ហើយ​នា​ពេល​ថ្មី​ៗ​នេះ​ទៀត ក៏​មាន​លេច​ឮ​នូវ​ព័ត៌មាន​ទាក់​ទង​នឹង​ករណី​ដែល​ទណ្ឌិត និង​បុគ្គល​ឃុំ ខ្លួន​មួយ​ចំនួន ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មាន​សេរីភាព​នៅ​ក្រៅ​ឃុំ ដោយ​មិន​ប្រក្រតី និង​មិន​ត្រឹមត្រូវ​តាម នីតិវិធី និង​គោល​ការណ៍​នៃ​ច្បាប់​ជា​ធរមាន។

ដូចនេះ​ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព​នៃ​ច្បាប់ ក៏​ដូច​ជា​ធានា​នូវ​សន្តិសុខ​សណ្ដាប់​ធ្នាប់​សាធា​រណៈ និង​ដើម្បី​ពង្រឹង​តួនាទី និង​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​ស្រប​តាម​ច្បាប់ និង​នីតិ​វិធី​ជា​ធរមាន ក្រសួង​យុត្តិធម៌​សូម​ធ្វើ​ការ​ក្រើន​រំលឹក និង​ណែ​នាំ​ដល់​អយ្យការ​អម​សាលា​ដំបូង​រាជធានី-ខេត្ត​ទាំង អស់ ដូចតទៅ៖
១-ត្រូវ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​អនុវត្ត​តួនាទី​របស់​ខ្លួន ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់ ឲ្យ​បាន​ត្រឹមត្រូវ និង​ឲ្យ​មាន​ប្រសិទ្ធភាព ស្រប​តាម​បទ​បញ្ញត្តិ​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ នៅ​ក្នុង​ការងារ ត្រួត​ពិនិត្យ​ពន្ធនាគារ និង​មណ្ឌល​ឃុំ​ខ្លួន​ទាំងឡាយ​ដែល​ស្ថិត​ក្នុង​សមត្ថកិច្ច​របស់​ខ្លួន។
២-ត្រូវ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ត្រួត​ពិនិត្យ​បញ្ជី​ឃុំ​ខ្លួន​នៅ​តាម​ពន្ធនាគារ និង​មណ្ឌល​ឃុំ​ខ្លួន ទាំង​ឡាយ​ដែល​ស្ថិត​ក្នុង​សមត្ថកិច្ច​របស់​ខ្លួន ព្រម​ទាំង​ចាត់​នីតិ​វិធី​ធ្វើ​អធិការ​កិច្ច​ឲ្យ​បាន​ទៀងទាត់ និង ជា​ប្រចាំ ដើម្បី​ធានា​ឲ្យ​បាន​នូវ​នីត្យានុកូលភាព​នៃ​ការ​ឃុំ​ខ្លួន និង​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​ច្បាប់ ជា ពិសេស​ធានា​បាន​នូវ​ប្រសិទ្ធភាព និង​ការ​គោរព​សេចក្ដី​សម្រេច ឬ​សេចក្ដី​បង្គាប់​របស់​អាជ្ញាធរ​តុលា ការ​នានា។
៣-ត្រូវ​ចាត់​វិធាន​ការ​ដោះ​ស្រាយ​ជា​បន្ទាន់ ស្រប​តាម​ច្បាប់ និង​នីតិវិធី​ជា​ធរមាន ក្នុង​ករណី ពិនិត្យ​ឃើញ​មាន​ភាព​មិន​ប្រក្រតី ទាក់​ទង​ការ​គ្រប់គ្រង​ការ​ឃុំ​ខ្លួន​បុគ្គល ជា​ពិសេស​ការ​ដោះ​លែង បុគ្គល​ឃុំ​ខ្លួន​មិន​ប្រក្រតី និង​ការ​ឃុំ​ខ្លួន​បុគ្គល​ខុស​នីតិវិធី។
ការ​ចេញ​លិខិត​ណែនាំ​របស់​ក្រសួង​យុត្តិធម៌​នេះ គឺ​ក្រោយ​ពី​មាន​ការ​លេច​ឮ​ព័ត៌មាន​ថា​មាន អ្នក​ទោស​បាន​ចេញ​ពី​ពន្ធនាគារ ហើយ​បង្ក​គ្រោះ​ថ្នាក់​ចរាចរ​នៅ​ខាង​ក្រៅ​ទៀត​ផង៕

No comments:

Post a Comment