Friday, January 21, 2011

បុគ្គលិក​ក្រុមហ៊ុន BEST FAMILY ២​នាក់​ដើរ​លក់​ថ្នាំសម្រើប​និង​ឱសថ​ខុសច្បាប់​ផ្សេងទៀត​

កំពង់ចាម: យុវជន​ចំនួន​ពីរ​នាក់​ដែល​អះអាង​ខ្លួនឯង​ថា ជា​បុគ្គលិក​របស់​ក្រុមហ៊ុន BEST FAMILY ដែល​មាន​ទីតាំង​នៅក្នុង រាជធានី​ភ្នំពេញ​បាន ដើរ​ធ្វើ​ចរាចរណ៍​ឱសថ​ខុសច្បាប់ លក់​ថ្នាំ​ខុសច្បាប់​បង្ក​ឱ្យ​ប្រែប្រួល​សរីរាង្គ​ភេទ និង គ្មាន​លិខិត​បញ្ជា​បេសកកម្ម ត្រូវបាន​មន្ទីរ​សុខា​បាល​ខេត្ត​កំពង់ចាម​សហការ​ជាមួយ​ប៉ូលិស សម្រេច​ចាប់ខ្លួន កាលពី​ព្រឹក​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០១១ ។​

​    ​លោក ហង្ស វ៉ាន់​ច​ន អធិការរង​ប៉ូលិស​ក្រុង​កំពង់ចាម​បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ហេង ឧត្តម អាយុ​២៦​ឆ្នាំ និង ម្នាក់ទៀត​ឈ្មោះ ចាន់ ម៉ា​លីន អាយុ​២៦​ឆ្នាំ ។ គេ​បាន​ឆ្លើយ​ប្រាប់​ប៉ូលិស​ថា ជា​បុគ្គលិក​របស់​ក្រុមហ៊ុន​ឈ្មោះ​“ បែ​ស​ហ្វែ​មីលី ” នៅ​ភ្នំពេញ​បាន​ដើរ​លក់​ថ្នាំ​ខុសច្បាប់ គឺជា​ប្រភេទ​ថ្នាំ​បង្ក​ឲ្យ​បម្រែបម្រួល​សរីរាង្គ​ភេទ​មានៈ ថ្នាំសម្រើប​សម្រាប់​បុរស ថ្នាំ​ពង្រីក​សុដន់​សម្រាប់​ស្ត្រី និង ថ្នាំ​បង្រួម​ផ្លូវភេទ​សម្រាប់​ស្ត្រី ។ 

​    ​លោក​អធិការរង​ប៉ូលិស​បានឲ្យដឹង​ទៀតថា ក្នុង​នោះ​ខាង​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ចាម​បាន​រកឃើញ​ថ្នាំ ចំនួន​១៤​មុខ បាន​ចរាចរ ឱសថ​ខុសច្បាប់ លក់​ថ្នាំ​ខុសច្បាប់ គឺជា​ថ្នាំ​បង្កឲ្យមាន ការប្រែប្រួល​សរីរាង្គ និង​ថា​ពីរ​នាក់​នេះ​មិនមែន​ជា​បុគ្គលិក​ដែល​មាន​ការទទួលស្គាល់​ពី ក្រសួង​សុខាភិបាល ។​

​    ​លោក​វេជ្ជបណ្ឌិត ឈាង សេណា អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ចាម​បានឲ្យដឹងថា ឱសថ​ចំនួន​៨០​ប្រអប់ ដែល​ភ្នាក់ងារ ទាំងពីរ បាន​យក​មក​ធ្វើចរាចរ​ខុសច្បាប់ គឺ​អត់​មាន​ស​លាកប​ឱសថ មានតែ​វិក្កយបត្រ​របស់ ក្រុមហ៊ុន BEST FAMILY ដែល​មាន​អាស័យដ្ឋាន លេខ​១៩៣ ផ្លូវ​នរោត្តម សង្កាត់​បឹង​កេងកង ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។ 
​ទោះបីជា​ខាង​លោក​បាន​បង្ហាញ​អត្តសញ្ញាណ​យ៉ាងណា​រហូតមកទល់​ពេលនេះ ក្រុមហ៊ុន​មួយ​នេះ​នៅ មិន​ព្រម​ឆ្លើយតប​ទេ ហើយ​ភ្នាក់ងារ ទាំងពីរ​ក៏​គ្មាន​លិខិត​ឧទ្ទេស​នាម​ដែរ ។​

​    ​លោក​វេជ្ជបណ្ឌិត​បានឲ្យ​ដឹង​ទៀងថា ឥឡូវនេះ​យើង​រង់ចាំ​តែ​យោបល់​របស់​លោក​ព្រះរាជអាជ្ញា​ថា​តើ​ត្រូវ ចាត់ការ​យ៉ាងណា​ចំពោះ ជនសង្ស័យ​ទាំង​ពីរ និង វត្ថុតាង​ជា​ប្រភេទ​ថ្នាំ​ខុសច្បាប់​ដែល​បង្ក​ឱ្យ​ប្រែប្រួល​សរីរាង្គ​ភេទ គឺ ថ្នាំសម្រើប​សម្រាប់​បុរស ថ្នាំ​ពង្រីក​សុដន់​សម្រាប់ ស្ត្រី និង​ថ្នាំ​បង្រួម​ផ្លូវភេទ​សម្រាប់​ស្ត្រី​ដែល​មាន​ចំនួន ១៤​មុខ នោះ ៕

ដោយ : កងមាស CEN

No comments:

Post a Comment