Friday, January 21, 2011

២៩មករា២០១២កាលបរិច្ឆេទបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាសនៈព្រឹទ្ធសភានីតិកាលទី៣មានចំនួន៦១ចែកតាមភូមិភាគ៥៧

រាជធានីភ្នំពេញ​ ៖ អគ្គ​​លេខាធិការ​ដ្ឋាន​ព្រឹទ្ធ​សភា​បាន​​ប្រកាស​ឱ្យ​​ដឹងថា នាព្រឹក​ថ្ងៃទី​២០ ខែមករា ឆ្នាំ២០១១ វេលា​ម៉ោង​៨ព្រឹក​ ព្រឹទ្ធ​សភាបាន​បន្ត​សម័យ​ប្រជុំ​លើកទី​៨ នីតិកាល​ទី២ ​ក្រោមអធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច​អគ្គ​មហា​​ធម្មពោធិសាល​ជា ស៊ីម ប្រធាន​ព្រឹទ្ធ​សភា នៃ ព្រះរាជាណាចក្រកម្ពុជា​ ។
របៀប​វារៈទី​១ គឺជា​របៀប​វារៈ​ពិសេស​នៃ​កិច្ច​ប្រជុំ​ព្រឹទ្ធ​សភា​។ ព្រឹទ្ធ​សភា​ ត្រូវ​ពិនិត្យ​ និង​សំរេច​លើ​បញ្ហា​ដូច​មាន​​ចែង​ក្នុង​មាត្រា​៧ និង​មាត្រា​១០ នៃ​ច្បាប់​ស្តីពីការ​បោះ​ឆ្នោត​​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​ដែល​បាន​កំណត់​​ថា ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​​ព្រឹទ្ធ​សភា​ត្រូវ​ធ្វើ​ឡើង​៦ឆ្នាំ​ម្តង នៅ​ថ្ងៃអាទិត្យ​ សប្តាហ៍​ទី​៨ មុន​ដំណាច់​ឆ្នាំទី​៦ នៃនីតិកាល​ព្រឹទ្ធ​សភា ​​ហើយ​​ក្នុង​រយៈពេល​៦​ខែ​យ៉ាង​តិច​មុន​បញ្ចប់​នីតិ​កាល​​ព្រឹទ្ធ​សភា​ត្រូវ​កំណត់​ចំនួន​អាសនៈ​ និង​ការ​បែង​ចែក​អាសនៈ​តាម​ភូមិ​ភាគ​​នីមួយៗ​ សំរាប់​​នីតិ​កាលបន្ទាប់ ។​
នៅ​ក្នុង​​របៀប​វារៈ​នេះ​ព្រឹទ្ធ​សភា​ បាន​អនុម័ត​​យល់​ព្រម​​ចំនួន​៥៨លើ៥៨សំឡេង​​ លើ​សេចក្តី​​សំរេច​ស្តីពី​កំណត់​កាល​បរិច្ឆេទ​​នៃ​ការ​បោះ​ឆ្នោត​​ការកំណត់​​ចំនួន​អាសនៈ​ និង​ការបែង​ចែក​អាសនៈ​តាម​ភូមិភាគ​នីមួយៗ​សំរាប់​ការ​បោះ​ឆ្នោត​​ជ្រើ​សតាំង​​សមាជិក​ព្រឹទ្ធ​សភា​នីតិកាលទី​៣ ដែល​មានខ្លឹម​សារ​សំខាន់ៗ​ដូចតទៅ ៖
១-​កាលបរិច្ឆេទ​​នៃ​ការ​បោះ​ឆ្នោត​​ជ្រើស​តាំង​សមាជិក​​ព្រឹទ្ធ​សភា​ សំរាប់​នីតិកាល​ទី៣ ​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃអាទិត្យ ទី២៩ មករា ឆ្នាំ​២០១២ ។​
២-​ចំនួន​​អាសនៈ​ទាំងអស់​​របស់​ព្រឹទ្ធ​សភា​ នីតិកាល​ទី៣​ មាន​ចំនួន​៦១​(ហុកសិបមួយ)។​
៣-ចំនួន​អាសនៈ​ទាំងអស់​របស់​ព្រឹទ្ធ​សភា​ នីតិកាល​ទី៣ ដែល​ត្រូវ​បោះ​ឆ្នោត​​ជ្រើសតាំង​ត្រូវ​កំណត់​ត្រឹម​៥៧ (ហាសិបប្រាំពីរ) ដោយ​ត្រូវ​បែង​ចែក​តាម​ភូមិ​ភាគ​ដូច​ខាង​ក្រោម​៖
-ភូមិភាគទី១ រាជធានីភ្នំពេញមាន​៦​អាសនៈ​​
-ភូមិភាគ​​ទី២ ខេត្ត​កំពង់​ចាម មាន​៨​អាសនៈ 
-ភូមិភាគ​ទី៣ ខេត្ត​កណ្តាល​ មាន​៥អាសនៈ
-ភូមិភាគទី៤ ខេត្ត​បាត់​ដំបង បន្ទាយ​មាន​ជ័យ​ សៀមរាប ឧត្តរ​មានជ័យ និង​ខេត្ត​ប៉ៃលិន មាន​១០​អាសនៈ 
-ភូមិ​ភាគទី៥ ខេត្ត​តាកែវ កំពត និង​ខេត្ត​កែប មាន​៧​អាសនៈ 
-ភូមិភាគ​ទី៦ ខេត្ត​ព្រៃវែង​ និង​ខេត្ត​ស្វាយ​រៀង​ មាន​៧​អាសនៈ​
-ភូមិភាគ​ទី​៧ ខេត្ត​កំពង់ឆ្នាំង ពោធិ៍​សាត់ ​កោះកុង និង​ខេត្ត​ព្រះសីហនុ​ មាន​៨អាសនៈ 
-ភូមិភាគទី៨ ខេត្ត​កំពង់ធំ ព្រះ​វិហារ​ ក្រចេះ ស្ទឹង​ត្រែង  រតនគិរី និង​ខេត្ត​មណ្ឌល​គិរី មាន​៦​អាសនៈ​ ។​
យោងតាម​​​ការ​ប្រកាស ​នៅមាន​​របៀប​វារៈ​​ចំនួន​៤​ទៀត​ ដែល​ព្រឹទ្ធ​សភា​បន្ត​ពិនិត្យ​និង​ពិភាក្សា​ គឺ​ ១-ពិនិត្យ​ និង​ឱ្យយោបល់​​លើ​អត្ថ​បទ​​ច្បាប់​កែតំរូវ​ស្តីពី​ហិរញ្ញ​វត្ថុ​សំរាប់​គ្រប់​គ្រង​​ឆ្នាំ២០១០​។​
២-ពិនិត្យ​ និង​ឱ្យ​យោបល់​​លើ​អត្ថ​បទ​ច្បាប់ ស្តីពី​ការ​អនុម័ត​​យល់​ព្រម​​លើ​កិច្ច​​ព្រម​ព្រៀង​​ពហុភាគី​អាស៊ាន​​ សេរីភាវូបនីយកម្ម​​ពេញលេញ​​នៃសេវាកម្ម​ដឹកជញ្ជូន​​ទំនិញ​តាម​ផ្លូវ​អាកាស​ រួម​ទាំង​ពិធី​សារចំនួន​២ និង​កិច្ច​ព្រមព្រៀង ពហុភាគី​​អាស៊ាន​ ស្តីពី​សេវា​កម្ម​ដឹកជញ្ជូន​អ្នក​ដំណើរ​តាម​ផ្លូវ​អាកាស​​រួ​​មទាំង​ពិធី​សារ​ចំនួន​៦។​
៣-​ពិនិត្យ និង​ឱ្យ​យោបល់​លើ​អត្ថបទ​ច្បាប់​ ស្តីពី​ការ​អនុម័ត​យល់​ព្រម​ស្តីពី​ ៖
-កិច្ចព្រមព្រៀង​ក្របខណ្ឌ​ ស្តីពី​កិច្ច​សហ​ប្រតិបត្តិ​ការ​សេដ្ឋ​កិច្ច​ទូលំទូលាយ​​ រវាង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​សាធារណរដ្ឋ​ឥណ្ឌា។​ 
-កិច្ច​ព្រម​ព្រៀង​ស្តីពី​ពាណិជ្ជ​កម្ម​ទំនិញ នៅ​ក្រោម​​កិច្ច​ព្រម​ព្រៀង​​ក្របខណ្ឌ​ ស្តីពី​កិច្ច​សហប្រតិបត្តិការ​​សេដ្ឋ​កិច្ច​ទូលំទូលាយ រវាង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ និងសាធារណ​រដ្ឋ​​ឥណ្ឌា ។​
-កិច្ច​ព្រម​ព្រៀង​​ ស្តីពី​យន្ត​ការ​ដោះ​ស្រាយ​ជម្លោះ​ក្រោម​កិច្ច​ព្រម​ព្រៀង​ក្របខណ្ឌ ស្តីពីកិច្ច​សហប្រតិបត្តិការ​​​សេដ្ឋ​កិច្ច​ទូលំទូលាយ​ រវាង​សមាគម​​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និងសាធារណ​រដ្ឋ​ឥណ្ឌា ។ 
៤-​ពិនិត្យ និង​ឱ្យយោបល់​លើអត្ថបទ​ច្បាប់ ស្តីពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃសមាជ​រដ្ឋ​​សភា និង​ព្រឹទ្ធសភា ៕

ដោយ ៖ កោះឯករាជ្យ

No comments:

Post a Comment