Monday, January 03, 2011

NACC បញ្ចេញ​របាយការណ៍​ស្ដីពី​ស្ថានភាព​លក្ខខណ្ឌ​ការងារ​ឆ្នាំ​២០១០ របស់ខ្លួន​

លោក សោម អូន ប្រធានសភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា (NACC) នៅ​ថ្ងៃ​ទី​០៣ មករានេះ បាន​បញ្ចេញ​របាយការណ៍​វាយតម្លៃ​អំពី​ស្ថានភាព​លក្ខខណ្ឌ​ការងារ​ឆ្នាំ​២០១០ របស់ខ្លួន ដែល​ចែកចេញ​ជា ៥ ​ផ្នែក​។ 

    របាយការណ៍​នេះ បានលើកឡើង​ពី​សញ្ញា​វិជ្ជមាន និង​ការ​វិវឌ្ឍន៍​ឈាន​ឡើង​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង ដែល​ផ្ទុយ​ពី​របាយការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​មួយចំនួន ដែល​លើកឡើង​តែ​មួយ​ជ្រុង​មក​សរសេរ​។

    *​ស្ថានភាព​រោងចក្រ​ឆ្នាំ​២០១០: 
    សេដ្ឋកិច្ច​កម្ពុជា​មាន​ស្ថិរភាព និង​មាន​កំណើន​គួរឲ្យកត់សម្គាល់ គឺ​មាន​ការបញ្ជា​ទិញ​ច្រើន ជា​ហេតុ​ធ្វើ​ឲ្យ​រោងចក្រ​ជាច្រើន​មាន​លំនឹង ផ្ដល់​ការងារ​គ្រប់គ្រាន់​ដល់​កម្មករ​ន​យោ​ជិត​។ ខុសប្លែក​ពី​ឆ្នាំ​២០០៨-២០០៩ វិស័យ​ឧស្សាហកម្ម​កាត់ដេរ និង​ស្បែកជើង​នៅ​កម្ពុជា ពុំ​សូវ​មាន​អំណោយផល​ល្អ​ទេ​។ កាលណោះ​រោងចក្រ​ចំនួន​៩០ បាន​បិទទ្វារ រោងចក្រ​ចំនួន​៥៥ ព្យួរ​ការងារ និង​រោងចក្រ​បើក​ថ្មី​មាន​ចំនួន​៤៧ រោងចក្រ​ប៉ុណ្ណោះ​។ បញ្ហា​អស្ថិរភាព​នៃ​ការបញ្ជាទិញ និង​ដំណើរការ​ផលិត​អស្ថិរភាព​ជំរុញ​ឲ្យមាន​ជំលោះ​ការងារ​កើត​ឡើង​ញឹកញាប់​។​

    ប៉ុន្តែ​សម្រាប់​ឆ្នាំ​២០១០ មាន​រោងចក្រ​ចំនួន​តែ​ ៥១ បាន​បិទទ្វារ ហើយ​រោងចក្រ​បើក​ថ្មី​មាន​ចំនួន ​៩១ និង​រោងចក្រ​ព្យួរ​ការងារ​មាន​ត្រឹម ៤​ រោងចក្រ​ប៉ុណ្ណោះ​។ តួលេខ​នេះបង្ហាញឲ្យឃើញ​ពី​ភាពវិជ្ជមា​ន នៃ​វិស័យ​កាត់ដេរ​នៅ​កម្ពុជាបាន​ងើបឡើង​ខ្ពស់​ជាង​ឆ្នាំ​មុន​។

    *​ស្ថានភាព​វិវាទ​ការងារ​:
     ឆ្នាំ​២០១០ វិវាទ​ការងារ​រួម និង​វិវាទ​បុគ្គល ព្រមទាំង​វិវាទ​ការងារ​ផ្សេងៗ​ទៀត និង​បញ្ហា​ធ្វើ​កូដកម្ម បាតុកម្ម ត្រូវបាន​កាត់បន្ថយ​ជា​អតិប្បរមា ដែល​ជា​សញ្ញា​បង្ហាញឲ្យឃើញ​ពី​ការរី​ក​ចម្រើន​មួយ​កម្រិត​ថែម​ទៀត ចំពោះ​ការអនុវត្ត​ច្បាប់​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​។ ក្នុងនោះ​មាន​ភាគី​សហជីព​កម្មក​រ និយោជក និង​រាជរដ្ឋាភិបាល​កម្ពុជា​។ អង្គការ​សហជីព​ភាគច្រើន​មាន​ការយល់ដឹង​អំពី​សិទ្ធិ​សេរីភាព និង​ផលប្រយោជន៍​ស្របច្បាប់​របស់​ពួកគេ និង​ការយល់ដឹង​អំពី​ផលប្រយោជន៍​រួម​របស់​សង្គម ដែល​ជា​កត្តា​ជំរុញ​ឲ្យ​ពួកគេ​មាន​មនសិការ​ខ្ពស់​ក្នុង​ការចូលរួម​ការពា​រ​និរន្តរភាព​ការងារ និង​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ហើយ​វិវាទ​ភាគច្រើន​ត្រូវបាន​បញ្ជូន​ទៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល ធ្វើឲ្យ​កូដកម្ម​មាន​ការថយចុះ​។

    *​ការអនុវត្ត​លក្ខខណ្ឌ​ការងារ​:
     យោង​តាម​ស្ថានភាព​ជាក់ស្ដែង និង​យោងតាម​របាយការណ៍រ​បស់​អង្គការ​ពលកម្ម​អន្តរជាតិ ផ្នែក​ត្រួតពិនិត្យ​ការងារ​នៅ​កម្ពុជា (ILO-BFC) បានបញ្ជាក់​ថា បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​ក្នុង​តំបន់ កម្ពុជា​ជា​ប្រទេស​ជើងឯក មានកេរ្តិ៍ឈ្មោះ​ល្អ​ជាងគេ​ខាង​ការអនុវត្ត​លក្ខខណ្ឌ​ការងារ​។ រាជរដ្ឋាភិបាល​មាន​សេចក្ដីក្លាហាន​ផ្ដល់​សិទ្ធិ​ពេញលេញ​ដល់​អង្គការ​ជាតិ និង​អន្តរជាតិ​នានា ចូលរួម​តាមដាន​ត្រួតពិនិត្យ និង​វាយតម្លៃ​លក្ខខណ្ឌ​ការងារ​របស់​កម្ពុជា​។ ការអនុវត្ត​លក្ខខណ្ឌ​ការងារ​ល្អ គឺជា​ការទាក់ទាញ​អ្នកវិនិយោគ និង​អ្នកបញ្ជា​ទិញ​ឲ្យមាន​ជំនឿ​ចិត្ត​ដើម្បី​ពង្រឹង និង​បន្ត​ធ្វើ​ពាណិជ្ជកម្ម​នៅ​ប្រទេស​កម្ពុជា និង​ការទាក់ទាញ​អ្នកប្រើប្រាស់​ផលិតផល​របស់​កម្ពុជា ពី​សំណាក់​ប្រជាជន​នៅ​លើ​ពិភពលោក​។

    *​វិធានការ​សង្គ្រោះ និង​ការពារ​ឧស្សាហកម្ម​កាត់ដេរ​:
     រាជរដ្ឋាភិបាល​បាន​ចេញ​នូវ​វិធានការ​មួយចំនួន ដើម្បី​ជួយសង្គ្រោះ​ដល់​វិស័យ​កាត់ដេរ និង​ស្បែកជើង​ឲ្យមាន​ស្ថានភាព​នឹងនរ នៅ​គ្រា​ដែល​ជួប​នូវ​វិបត្តិ​សេដ្ឋកិច្ចពិភពលោក​។ ជាង​ស្ដែង ១. ការបន្ត​ពន្យារ​មិន​យក​ពន្ធលើប្រាក់ចំណេញ​មួយ​ភាគរយ (២០០៩-២០១១) ពី​និយោជក ២. ចេញ​ថវិកា​ឲ្យ​និយោជក​ចំនួន ០,៣​ភាគរយ នៃ​ថវិកា ០,៨​ភាគរយ សម្រាប់​បង់​ចូល​បេឡា​សន្តិសុខ​សង្គម ដើម្បី​ជួយ​កម្មករ​នៅពេល​មាន​គ្រោះ​ថា្នក់ ៣. សម្ដេច​តេជោ ហ៊ុន សែន បាន​ផ្ដល់​ថវិកា​របណ្ដុះបណ្ដាល​ជំនាញ​ដល់​កម្មករ និង​យុវជន បាត់បង់​ការងារ​បាន​ចំនួន ៤០.១៤០​នាក់​។

    *​ស្ថានភាព​សហជីព​:
     ឆ្នាំ​២០១០ ចលនា​សហជីព​មូលដ្ឋាន​ចំនួន​ប្រមាណ​ ១០៨៦ មាន​សហព័ន្ធ​សហជីព​ចំនួន ​៤៦ មាន​សហភាព​សហជីព​ចំនួន ​៦ និង​សភា​សហជីព​ចំនួន​មួយ​។ ការកើតឡើង​នូវ​អង្គការ និង​ចលនា​សហជីព​ដ៏​ច្រើន​នេះ ដោយសារ​ប្រទេស​កម្ពុជា បាន​អនុវត្ត​ពេញលេញ​នូវ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ក្នុងនោះ​មាន​ច្បាប់​ដ៏​សម្បូ​រណ៍​បែប ដែល​ផ្ដល់​សិទ្ធិសេរីភាព​ពេញលេញ​ក្នុង​ការបង្កើត​សហជីព ឬ​ចូលរួម​ក្នុង​ចលនា​សហជីព​។​

    *​ស្ថានភាព​ប្រាក់​ឈ្នួល​កម្មករ​:  
    ឆ្នាំ​២០១០​នេះ គណកម្មការ​ប្រឹក្សា​ការងារ (LAC) ដែល​ជា​ស្ថាប័ន​ត្រី​ភាគី​មាន​ភារកិច្ច​ប្រជុំ​អនុម័ត​រាល់​បញ្ហា​ពាក់ព័ន្ធ​ទៅ​នឹង​សិទ្ធិ និង​ផលប្រយោជន៍​របស់​កម្ម​ក​រ ដោយ​បាន​ប្រជុំ​អនុម័ត​ដំឡើង​ប្រាក់​ឈ្នួល​អ​ប្បរមា​ជូន​កម្មករ​ចំនួន ១១​ ដុល្លារ​បន្ថែមទៀត គឺ​កម្មករ​សាកល្បង ៥៦ ​ដុល្លារ និង​កម្មករ​ពេញសិទ្ធិ ៦១​ ដុល្លារ ក្នុង​១​ខែ​។ ការដំឡើង​ប្រាក់​ឈ្នួល​បន្ថែម​នេះ ជា​យុទ្ធសាស្ដ្រ​ដ៏​សំខាន់​ក្នុង​ការជួយ​បង្កើត​ជីវភាព​រស់នៅ​របស់​ក​ម្មករ ជាពិសេសដើម្បី​ការពារ​ស្ថិរភាព​កម្លាំង​ពលកម្ម​។

    ​ចុងក្រោយ​នៃ​របាយការណ៍​នេះ លោក សោម អូន បាន​ធ្វើ​សេចក្ដីសន្និដ្ឋាន​ថា សម្រាប់​ឆ្នាំ​២០១០ វិស័យ​ឧស្សាហកម្ម​កាត់ដេរ និង​ស្បែកជើង មាន​ស្ថានភាព​ល្អប្រសើរ ហើយ​មាន​រោងចក្រ​តិចតួច​បំផុត​ដែល​បិទទ្វារ និង​ព្យួរការងារ​។ ជម្លោះ​ការងារ​ផ្សេងៗ​រួម​ទាំង​បាតុកម្ម កូដកម្ម បាន​ថយចុះ បើ​ប្រៀបធៀប​ទៅ​ឆ្នាំមុន​។ កត្តា​ខាងលើ​បាន​ឆ្លុះបញ្ចាំង​ពី​ប្រសិទ្ធភាព​អនុវត្ត​ច្បាប់​ភាពចាស់ទុំ និង​បទពិសោធន៍​របស់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​រួម​គ្នា​អនុវត្ត​។ សេរីភាព​សហជីព​ត្រូវបាន​លើកកម្ពស់​ដោយ​ច្បាប់ និង​មាន​ការគាំទ្រ​ពី​គ្រប់ភាគី​។​

​    របាយការណ៍​ក៏​ទទួលស្គាល់​ផង​ដែរ ចំពោះ​លក្ខខណ្ឌ​ការងារ​នៅ​មាន​ចំណុច​អវិជ្ជមាន​មួយចំនួន​ក្នុង​ការអនុវត្ត​ច្បាប់ និង​អនុសញ្ញា​អន្តរជាតិ​ពី​ភាគី​និយោជក និង​សហជីព​ភាគតិច​ដែល​តួអង្គ​ទាំងអស់​ខិតខំ​រួមគ្នា​ដោះស្រាយ​បន្ត​ទៀត​៕​

No comments:

Post a Comment