បន្ទាយមានជ័យ ៖ លោកអ៊ុង អឿន អភិបាលខេត្តបន្ទាយមានជ័យបានប្រាប់កម្ពុជាថ្មីថា តាមសេចក្ដីរាយការណ៍ពីប្រទេសថៃបានឲ្យដឹងថា ក្រុមអាវលឿងដែលបានមកធ្វើបាតុកម្មនៅច្រកព្រំដែនជោគជ័យ ត្រូវបានកងទ័ពថៃកំពុងទប់ជាប់នៅចំណុចភូមិគោកធ្យូង។
លោកអ៊ុង អឿន និយាយថា អាជ្ញាធរខេត្តស្រះកែវនឹងកងទ័ពរបស់ថៃបានជូនដំណឹងមក កម្ពុជាជាប្រចាំម៉ោងថា ពួកក្រុមអាវលឿងដែលប៉ុនប៉ងធ្វើបាតុកម្មនៅចំណុចច្រកព្រំដែននេះ ត្រូវ បានទប់ស្កាត់នៅចំណុចគោកធ្យូង។ សេចក្ដីរាយការណ៍ឲ្យដឹងថា ពួកគេជាង២០០នាក់ បានមក ដល់ចំណុចខាងលើតាំងពីម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១១នេះមកម្ល៉េះ។ សម្រាប់សេចក្ដីរាយការណ៍ថាមានក្រុមបាតុករអាវលឿងជាង១ម៉ឺននាក់គ្រោងធ្វើដំណើរមកនោះ នៅមិនទាន់ឃើញនៅឡើយទេ។ ប៉ុន្តែកងទ័ពថៃបានបន្ថែមកម្លាំងទប់ស្កាត់មិនឲ្យក្រុមអាវលឿងមកដល់ ចំណុចព្រំដែននៃប្រទេសទាំង២នោះទេ។ លោកអ៊ុង អឿង បានបន្តថា លោកបានឲ្យលោកអ៊ឹម ភាន់សុផល អភិរងខេត្តបន្ទាយមានជ័យ និងអភិបាលស្រុកអូរជ្រៅនៅប្រចាំការរាយការណ៍ជាប្រចាំនៅ ច្រកព្រំដែនដែលមានទំនាស់នោះ។
លោកអ៊ុង អឿន បានបញ្ជាក់ថា អាជ្ញាធរថៃនិងកម្ពុជាបានសហការគ្នាល្អ ដោយពួកគេបាន សន្យាថានឹងទប់ស្កាត់ក្រុមអាវលឿងមិនឲ្យមកប៉ះពាល់ជាមួយកម្ពុជាឡើយ។ ចំណែកឯច្រកព្រំដែន ផ្សេងៗនៅដំណើរការជាធម្មតា លើកលែងតែច្រកជោគជ័យដែលកំពុងបិទដោយសារតែមានបញ្ហា ប្រឈម៕
No comments:
Post a Comment