ភ្នំពេញ ៖ អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី១៩បានប្រារព្ធពិធីបើកនៅព្រឹកថ្ងៃទី០៣ខែមករាឆ្នាំ២០១១នេះនៅសាលសន្និសីទចតុមុខដោយមានការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាធម្មពោធិសាលជា ស៊ីមប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្ដមមិនឃិនរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាបានថ្លែងអោយដឹងថាអនុសំវច្ឆរមហាសន្និបាតមានរយៈពេល២ថ្ងៃគឺថ្ងៃទី០៣ដល់០៤ខែមករាឆ្នាំ២០១១ដើម្បីបូកសរុបពិនិត្យមើលលទ្ធផលនៃការអនុវត្តសង្ឃប្រកាសរបស់អនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃកន្លងទៅនិងពិភាក្សាប្តូរយោបល់លើការងារព្រះពុទ្ធសាសនាពេលបច្ចុប្បន្ន និងលើកទិសដៅបន្តសំដៅពង្រឹងអនុវត្តរចនាសម្ព័ន្ធដឹកនាំគ្រប់គ្រង់ ពង្រឹងលិខិតបទដ្ឋានគតិ យុទ្ធដែលមានស្រាប់ធ្វើឲ្យវិស័យព្រះពុទ្ធសាសនារីកចំរើន សក្ដិសមជាទីគោរពបូជារបស់ពុទ្ធបរិស័ទនិងពង្រឹងគុណភាពពុទ្ធិកសិក្សាដើម្បីអភិវឌ្ឍន៍ធនធានបុព្វជិកឲ្យកាន់តែសុ ក្រឹត្យភាពនិងគុណភាពខ្ពស់។
សម្ដេចជា ស៊ីម ប្រធានព្រឹទ្ធសភា ក៏បានបញ្ជាក់ថាទន្ទឹមនិងការរីកចំរើនក៏នៅមានបញ្ហាជាច្រើនដែលត្រូវបន្តដោះស្រាយ។ សម្ដេចប្រធានព្រឹទ្ធសភាក៏បានឯកភាពអំពីមហាសន្និបាតលើកនេះបានចាប់អារម្មណ៍ដល់ការពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងអភិបាលកិច្ចការគោរពប្រតិបត្តិធម៌វិន័យនិងការចូលរួមការងារសង្គមជាមួយរាជរដ្ឋាភិបាលកម្ពុជាពិសេសអប់រំសីលធម៌ព្រោះព្រះពុទ្ធសាសនាគឺជាកម្លាំងដឹកនាំចរិយាធម៌សង្គមដ៏ល្អបំផុត។សម្ដេចបន្ថែមទៀតថាការពង្រឹងគុណភាពលើអភិបាលកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងជួរមន្ត្រីសង្ឃត្រូវផ្សារភ្ជាប់និងបច្ចេកវិទ្យាទំនើបដើម្បីឲ្យកិច្ចការសាសនាមានសណ្ដាប់ធ្នាប់ល្អនិងធានាបាននូវសាមគ្គីភាពក្នុងជួរពុទ្ធសាសនិកជន។ សម្ដេចក៏សូមអោយជនរួមជាតិខិតខំសំអាតកាយវាចាជម្រះនូវសេចក្ដីសៅហ្មងទាំងឡាយធ្វើដំណើរតាមគន្លងព្រះធម៌និងមានសេចក្ដីជ្រះថ្លាក្នុងការប្រមូលផ្តុំកម្លាំងថែរក្សាការពារសេចក្ដីសុខសន្តិភាពស្ថេរភាពសាមគ្គីភាពក្តីសង្ឃឹមហើយជំរុញការកសាងជាតិឆ្ពោះទៅរកភាពថ្កុំថ្កើងរុងរឿងសម្បូរសប្បាយតរៀងទៅ៕
No comments:
Post a Comment