Monday, January 03, 2011

ក្រសួង​ព័ត៌មាន​ឲ្យ​វិទ្យុ​និង​ទូរទស្សន៍​ទាំង​អស់​បញ្ឈប់​ការ​ចាក់​ផ្សាយ​ការ​និពន្ធ​ទំនុក​ច្រៀង​ថ្មី​យក​តាម​លំនាំ​បទ​ឱ​ភ្នំពេញ​អើយ

ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​ចេញ​លិខិត​មួយ​ច្បាប់​ដោយ​ជម្រាប​ជួន​តាម​បណ្ដា​​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​ទាំង​អស់​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ចាក់​ផ្សាយ​តាម​វិទ្យុ​និង​ទូរទស្សន៍​នូវ​ការ​និពន្ធ​ទំនុក​ច្រៀង​ថ្មី​ដោយ​យក​តាម​លំនាំ​បទ​ឱ​ភ្នំពេញ​អើយ​!។
លិខិត​របស់​ឯកឧត្ដម​ខៀវ​ កាញារីទ្ធ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​០៣​ខែ​មករា​ឆ្នាំ​២០១១​បាន​ឲ្យ​ដឹង​ថា​ក្រសួង​ព័ត៌មាន​បាន​ពិនិត្យ​ឃើញ​រយៈ​ពេល​ថ្មី​កន្លង​មក​នេះ​មាន​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មួយ​ចំនួន​បាន​ចាក់​ផ្សាយ​នូវ​ទំនុក​ច្រៀង​ដែល​និពន្ធ​ថ្មី​ប្រាស​ចាក​ន័យ​ដើម​ទាំង​ស្រុង​នៃ​បទ​ចម្រៀង​ឱ​ភ្នំពេញ​អើយ​ដែល​អត្ថ​ន័យ​នៃ​បទ​ភ្លេង​នេះ​មាន​លក្ខណៈ​ជា​ប្រវត្តិ​សាស្ត្រ​ជាតិ​របស់​យើង​យ៉ាង​ទូលំ​ទូលាយ​រួច​ទៅ​ហើយ​។

លិខិត​របស់​រដ្ឋមន្ត្រី​​ក្រសួង​ព័ត៌មាន​បាន​លើក​ឡើង​ថា​ខ្លឹម​សារ​នៃ​បទ​ឱ​ភ្នំពេញ​អើយ​បាន​ឆ្លុះ​បញ្ចាំង​យ៉ាង​គ្រប់​គ្រាន់​នូវ​ទុក្ខ​សោក​វេទនា​របស់​ប្រជាជន​យើង​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍​​ប៉ុល​ពត​ការ​ក្រោក​ឡើង​តស៊ូ​របស់​អ្នក​ស្នេហា​ជាតិ​ដើម្បី​រំដោះ​ជាតិ​មាតុ​ភូមិ​ការ​បង្កើត​ឡើង​នូវ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​២​ធ្នូ​ឆ្នាំ​១៩៧៨​ជោគជ័យ​ជា​ប្រវត្តិ​សាស្ត្រ​ថ្ងៃ​៧​មករា​ឆ្នាំ​១៩៧៩​ជា​ថ្ងៃ​រំ​ដោះ​ជាតិ​និង​ប្រជាជន​ការ​ជួប​ជុំ​ជាតិ​និង​ញាតិមិត្ត​ឡើង​វិញ​ការ​នាំ​មក​នូវ​សិទ្ធ​សេរីភាព​ជូន​ប្រជាជន​ដំបូង​បង្អស់​គឺ​សិទ្ធិ​ក្នុង​ការ​រស់​រាន​មាន​ជីវិត​ឡើង​វិញ​​ក្នុង​នោះ​មាន​រាជធានី​ភ្នំពេញ​ដែល​ជា​បេះដូង​នៃ​ប្រទេស​យើង​ត្រូវ​បាន​រស់​រាន​មាន​ជីវិត​ឡើង​វិញ​បន្ទាប់​ពី​ត្រូវ​ទទួល​រង​នូវ​មហា​វិនាស​កម្ម​យ៉ាង​ធ្ងន់​ធ្ងរ​ជា​ទី​បំផុត​ក្នុង​រយៈពេល​៣​ឆ្នាំ​៨​ខែ​និង​២០​ថ្ងៃ​។
រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​ចាត់​ទុក​ថា​ការ​និពន្ធ​ទំនុក​ច្រៀង​ថ្មី​ដើម្បី​គ្រាន់​តែ​បំ​ភ្លេច​ចោល​នូវ​ប្រវត្តិ​សាស្ត្រ​ជាតិ​ដែល​បាន​ទទួល​រង​នូវ​ភាព​ជូរ​ចត់​នោះ​ហើយ​យក​មក​បញ្ជូន​នៅ​ក្នុង​បទ​ភ្លេង​ដែល​មាន​ន័យ​គ្រប់​គ្រាន់​ដូច​បទ​ឱ​ភ្នំពេញ​អើយ​!គឺ​ជា​ការ​ខុស​ឆ្គង​មួយ​ទោះ​បី​ជា​ចេតនា​រឺ​អចេតនា​ក្តី​។
ដូច្នេះ​ក្រសួង​ព័ត៌មាន​បាន​ស្នើ​ទៅ​អ្នក​គ្រប់​គ្រង់​គ្រប់​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​ទាំង​អស់​មេត្តា​ចាត់​វិធាន​ការ​បញ្ឈប់​ជា​បន្ទាន់​និង​ហាម​ឃាត់​ការ​ចាក់​ផ្សាយ​នូវ​ទំនុក​ច្រៀង​និពន្ធ​ថ្មី​ដោយ​យក​លំនាំ​បទ​ឱ​ភ្នំពេញ​អើយ​!នៅ​ក្នុង​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​៕

No comments:

Post a Comment