បន្ទាយមានជ័យ ៖ ស្ថានភាពព្រំដែនចំណុចបង្គោលលេខ៤៦ ចាប់ផ្ដើមតានតឹងថែមទៀតហើយ ដោយសារក្រុមអាវលឿងបានដឹកកម្លាំងបន្ថែមមកជាង៣០ឡាន បន្ថែមពីលើកម្លាំងរបស់គេដែលមានស្រាប់ជិត១០០០នាក់។
លោកអ៊ុង អឿន អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់កម្ពុជាថ្មីមុននេះថា ជាការពិតហើយ ចំណុចព្រំដែនជោគជ័យ ត្រង់បង្គោលលេខ៤៦ មកដល់ម៉ោងនេះសភាពការបន្តតានតឹងខ្លាំងឡើង។ លោកអ៊ុង អឿន និយាយថា ឥឡូវក្រុមអាវលឿងបានឲ្យកម្លាំងជាង១០០នាក់មកតវ៉ានៅចំណុចច្រកអូរបីជាន់បន្ថែមទៀត។ ខ្ញុំបានជួបជាមួយនឹងមន្រ្តីជាន់ខ្ពស់កងទ័ពថៃមួយរូបតាមរយៈទូរស័ព្ទ គាត់ប្រាប់ថា ថ្មីៗនេះ ក្រុមអាវលឿងបានដឹកកម្លាំងចូលជាង៣០ឡានថែមទៀត តែតម្រួតយោធាថៃក៏គេបានបង្កើនកម្លាំងថែមដើម្បីទប់ស្កាត់ពួកជ្រុលនិយមនេះ។ មន្រ្តីរូបនោះបានប្រាប់ថា ឥឡូវក្រុមអាវលឿងនិយាយលែងស្ដាប់គ្នាហើយ ពួក គេបានចែកជាបីក្រុម ក្រុមទី១កំពុងតវ៉ានៅមុខអគ្គកុងស៊ុលកម្ពុជាក្នុងខេត្តស្រះកែវ ក្រុមទី២ នៅប្រចាំការ ទល់មុខច្រកព្រំដែនជោគជ័យ ចម្ងាយពីបន្ទាត់ព្រំដែនប្រមាណ២០០ម៉ែត្រប៉ុណ្ណោះ និងក្រុមទី៣ នៅច្រកអូរបីជាន់។
ពួកក្រុមអាវលឿងបានព្រមានធ្វើការតវ៉ាជាទ្រង់ទ្រាយធំនៅព្រឹកស្អែកនេះទៀត ដើម្បីទាមទារឲ្យដោះលែង ពួកគេទាំង៧នាក់។ លោកអ៊ុង អឿន បានបន្តទៀតថា កងទ័ពរបស់យើងក៏បានបន្ថែមទៅចំណុចខាងលើ ដើម្បីទប់ស្កាត់ក្រុមជ្រុលនិយមសៀម ខ្លាចក្រែងពួកគេរុលចូលមកក្នុងដែនដីរបស់យើង។ ប៉ុន្តែយ៉ាងណាក៏ដោយ អាជ្ញាធរថៃកំពុងសហការជាមួយ យើងយ៉ាងល្អពាក់ព័ន្ធនឹងរឿងនេះ៕
No comments:
Post a Comment