ភ្នំពេញ: វរៈ ស៊ុមខ្វាមឃីត( Veera Somkwamkit) ត្រូវបានតុលាការរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសឱ្យជាប់ពន្ធនាគារចំនួន៨ឆ្នាំ និងផាកពិន័យជាប្រាក់ចំនួន ១លាន៨សែនរៀល និងឈ្មោះ រ៉ាត់ទ្រីប៉ៃ ពូតាណាប៉ៃប៊ូន ( Ratree Paiputanapaiboon) ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារចំនួន៦ឆ្នាំ និងផាកពិនយ័ជាប្រាក់ចំនួន១លាន២សែនរៀល ស្របតាមមាត្រា២៩នៃច្បាប់អន្តោប្រវេសន៍ និងមានត្រា ២៧, ៤៤៦, ៤៧៣ និងមាត្រា៤៣៩ នៃក្រមព្រហ្មទណ្ឌ។
អ្នកទាំងពីរនេះត្រូវបានតុលាការចោទពីបទឆ្លងដែនខុសច្បាប់ ចូលក្នុងតំបន់យោធាដោយចេតនាទុច្ចរិត និងប៉ុនប៉ងប្រមូលព័ត៌មានដែលអាចនាំឱ្យអន្តរាយដល់ការការពារជាតិ ហើយត្រូវបានគេនាំមកដល់តុលាការរាជធានីភ្នំពេញនៅវេលាម៉ោង៧និង៤០នាទីព្រឹកថ្ងៃទី១ខែកុម្ភៈនេះដើម្បីបើកសវនាការជុំនុំជម្រះទោស។
អង្គសវនាការមានចៅក្រម៣នាក់គឺលោកសួស សំអាត លោកជ័យ សុវណ្ណ និងលោកអឿង សៀង និងដោយមានលោកសុខ រឿន ព្រះរាជអាជ្ញារងតុលាការរាជធានីភ្នំពេញជាតំណាងអយ្យការ។ មេធាវីខ្មែរពីររូបដែលការពារជនជាតិថៃទាំងពីរគឺលោកប៉ិច វិច្ឆិកា និងលោករស់ អូន។
នៅចំពោះមុខអង្គសវនាការ ជនជាតិថៃទាំង២មិនបានទទួលស្គាល់ថាខ្លួនបានដើរចូលក្នុងទឹកដីកម្ពុជាទេ តែពួកគេអះអាងថាទីនោះជាដីរបស់ថៃ។ ការជជែកតឹងសសៃករវាងព្រះរាជអាជ្ញានិងជនជាប់ចោទក្បាលរឹងទាំងពីរមានលក្ខណៈតឹងតែងនិងប្រើពេលយូរដោយសារតែពួកគេមិនព្រមទទួលថាបានដើរចូលក្នុងទឹកដីខ្មែរ។
បន្ទាប់ពីដេញដោលអស់មួយព្រឹកធំមក តុលាការបានបន្តការសួរដេញដោលនៅពេលរសៀលទៀតដោយមានទាំងការចាក់ខ្សែវីដេអូរបង្ហាញផង។ តែវរៈ ស៊ុមខ្វាមឃីតនៅតែអះអអាងថាទីនោះជាដីរបស់ថៃដែលខ្មែរបានឈ្លានពានយក។ យ៉ាងណាក៏ដោយ ដោយផ្អែកលើភស្តុតាងនានា តុលាការបានរកឃើញថាជនជាតិថៃទាំងពីរពិតជាមានពិរុទ្ធភាពដូចការចោទប្រកាន់មែន។
សូមបញ្ជាក់ថាវរៈ ស៊ុមខ្វាមឃីត( Veera Somkwamkit) និងឈ្មោះ រ៉ាត់ទ្រីប៉ៃ ពូតាណាប៉ៃប៊ូន ( Ratree Paiputanapaiboon) គឺជាជនជាតិថៃចុងក្រោយក្នុងចំណោម៧នាក់ដែលតុលាការកម្ពុជា ត្រូវជំនុំជម្រះទោស។ ជនជាតិថៃ ៥ នាក់ផ្សេងទៀតដែលមានឈ្មោះផានិច វីគីតសេត (Panic Vikitseth) ជាសមាជិកសភា ឈ្មោះណារឿម មុលជិតវ៉ារ៉ាតាណា ( Maruemol Chitwaratana) ឈ្មោះគុជ ពុនថនជូសាណាសេរី (Kochpontorn Chusana Seree) ឈ្មោះ សែម ឌីនឡឺតប៊ូឆា (Samdin Lersbusya) និងឈ្មោះតាយ ណែមួងម៉ាកចន (Taynae Moonmachon) ត្រូវបានតុលាការដោះលែងឱ្យមានសេរីភាពវិញហើយកាលពីថ្ងៃទី២១មករាឆ្នាំ២០១១នេះ។
ជនជាតិថៃទាំង៧នាក់នេះត្រូវបានអាជ្ញាធរខ្មែរចាប់ខ្លួនកាលពីថ្ងៃទី២៩ធ្នូឆ្នាំ២០១០ខណៈ ដែលពួកគេដើរចូលក្នុងដីខ្មែរដោយខុសច្បាប់ក្នុងភូមិសាស្ត្រចំណុចគីឡូម៉ែតលេខ២៦ ក្នុង ខេត្តបន្ទាយមានជ័យ។ ពួកគេត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទ ឆ្លងដែលខុសច្បាប់ និងចូលក្នុងតំបន់យោធាក្នុងបំណងទុច្ចរិត។ ប៉ុន្តែ ជនជាតិថៃ២នាក់ ចុងក្រោយនេះត្រូវបានតុលាការចោទបន្ថែម ពីបទប៉ុនប៉ងប្រមូលព័ត៌មានដែលអាចធ្វើឱ្យ អន្តរាយដល់ការការពារជាតិ។
ពេលចេញពីសវនាការ វរៈ ស៊ុមខ្វាមឃីតបានស្រែកថានេះជាការកាត់ក្តីដ៏អយុត្តិធម៌មួយដែលគាត់មិនអាចទទួលយកបានឡើយ ហើយគាត់នឹងប្តឹងទៅសាលាឧទ្ទរណ៍បន្តទៀត។ សូមបញ្ជាក់ថា អ្នកស្រី រ៉ាត់ទ្រីប៉ៃ ពូតាណាប៉ៃប៊ូន មុនពេលកាត់ក្តីនេះគឺមិនត្រូវបានឃុំខ្លួនក្នុងពន្ធនាគារទេគឺអ្នកស្រីបានស្នាក់នៅក្នុងស្ថានទូតថៃចាប់តាំងពីក្រោយការដោះលែងឱ្យមានសេរីភាពនៅក្រៅឃុំបណ្តោះអាសន្នមក។ តែពេលនេះ អ្នកស្រីត្រូវបានចៅក្រមបញ្ជាឱនាំខ្លួនទៅឃុំនៅបណ្ឌលអប់រំកែប្រែ ម២ ព្រៃសវិញហើយ៕
ដោយ : រតនា
No comments:
Post a Comment