ប្រជាពលរដ្ឋកម្ពុជាចំនួន ៧៥នាក់ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសម៉ាឡេស៊ី ឃាត់ខ្លួនទុកនៅកន្លែងប្រមូលផ្តុំមួយ នៅថ្ងៃទី៣ខែមករាឆ្នាំ២០១១នេះ ពីបទចោទប្រកាន់ថា បាននិង កំពុងស្នាក់នៅក្នុងប្រទេសម៉ាឡេស៊ីដោយខុសច្បាប់ អន្តោប្រវេសន៍របស់ប្រទេសនេះ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថាអគ្គកុងស៊ុលនៃស្ថានទូតកម្ពុជាប្រចាំ នៅទីក្រុងកូឡាឡាំពួរ កំពុងតែពិភាក្សាដោះស្រាយបញ្ហានេះជាមួយនឹងអាជ្ញាធរម៉ាឡេស៊ី។
តាមគេហទំព័របណ្តាញសារព័ត៌មានម៉ាឡេស៊ី (The Bemama.com ) បានរាយការណ៍ឱ្យដឹងថា ប្រជាពលរដ្ឋខ្មែរចំនួន៦៥នាក់ក្នុងនោះស្ត្រី៣៧នាក់ បុរស១៣នាក់ និងក្មេង១៥នាក់ដែលមាន អាយុចាប់ ពី៣ខែ ទៅដល់៤៥ឆ្នាំ ត្រូវបានអាជ្ញាធរម៉ាឡេស៊ីចាប់ខ្លួន កាលពីថ្ងៃទី១ខែមករាឆ្នាំ២០១១ នៅក្នុងប្រតិបត្តិការរបស់ប្រទេសម៉ាឡេស៊ី ដែលមានឈ្មោះថា Operation sapu man ដោយមាន ការចូលរួមពីនគរបាលម៉ាឡេស៊ី ៨០នាក់។
លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ការ ឃាត់ខ្លួនពលរដ្ឋខ្មែរយើងដោយអាជ្ញាធរម៉ាឡេស៊ី អាចនឹងមានមូលហេតុ។យើងក៏ត្រូវដឹងឱ្យបាន ច្បាស់ពីមូលហេតុថា ពលរដ្ឋយើងទៅទីនោះតាមប្រភពណាខ្លះ និងមានកំហុសអ្វីខ្លះ។ ប៉ុន្តែជាទូទៅ កិច្ចការនេះ គឺស្ថិតនៅលើសមត្ថកិច្ចរបស់ក្រសួងការបរទេសពីព្រោះប្រជាពលរដ្ឋយើងកំពុងតែស្ថិត នៅឯក្រៅប្រទេស។
ជុំវិញករណីនេះ លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសបានឱ្យដឹងថានៅរសៀលថ្ងៃទី៣ ខែមករានេះ ដោយផ្អែកតាមប្រភពព័ត៌មានពីស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីថាអាជ្ញាធរ មានសមត្ថកិច្ចនៃប្រទេសម៉ាឡេស៊ី បានឃាត់ខ្លួនប្រជាពលរដ្ឋកម្ពុជាយើងចំនួន៧៥នាក់ មិនមែន៦៥នាក់នោះទេ។ ពួកគេកំពុងស្ថិតនៅទីកន្លែងប្រមូលផ្តុំមួយ។
អគ្គកុងស៊ុលនៃស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសម៉ាឡេស៊ីកំពុងតែជួបពិភាក្សាជាមួយអាជ្ញាធរ ម៉ាឡេស៊ីដើម្បីដោះស្រាយនូវបញ្ហាដែលប្រជាពលរដ្ឋកម្ពុជាយើងកំពុងធ្វើអន្តោប្រវេសន៍ នៅទីនោះ។ លោកបានបញ្ជាក់ថា អាជ្ញាធរនៃប្រទេសទាំងពីរកំពុងតែធ្វើការលើករណីនេះ។ លោកបន្ថែមថា ឥឡូវនេះ អាជ្ញាធរម៉ាឡេស៊ី កំពុងតែប្រមូលផ្តុំពួកគេឱ្យនៅមួយកន្លែងដើម្បីរង់ចាំ ការសាកសួរព័ត៌មាន។
លោកបានឱ្យដឹងទៀតថា ប្រទេសទាំងពីរ បានព្រមព្រៀងគ្នាលើការលើកលែងទិដ្ឋាការក្នុងរយៈ ពេលតែ៣០ថ្ងៃប៉ុណ្ណោះ។ ដូច្នេះក្នុងចំណោមប្រជាពលរដ្ឋកម្ពុជាយើងដែលត្រូវបានឃាត់ខ្លួននោះ មានមួយចំនួន គឺមានលិខិតឆ្លងដែនត្រឹមត្រូវ ក៏ប៉ុន្តែពួកគេបានស្នាក់នៅក្នុងប្រទេសម៉ាឡេស៊ី ហួសទិដ្ឋាការដែលបញ្ហានេះ ជាការខុសច្បាប់។
ដោយឡែក ប្រជាពលរដ្ឋយើងមួយចំនួនទៀត មិនមានឯកសារដើម្បីបានស្នាក់នៅក្នុងប្រទេស នេះទេ។ ទោះបីជាយ៉ាងនេះក៏ដោយ ក៏អគ្គកុងស៊ុលកម្ពុជាកំពុងតែពិភាក្សាដោះស្រាយបញ្ហានេះ ជាមួយនឹងអាជ្ញាធរម៉ាឡេស៊ី។ រីឯលទ្ធផលយ៉ាងម៉េចទៀតនោះ យើងនឹងត្រូវរង់ចាំរយៈពេល ២ទៅ៣ថ្ងៃទៀត ព្រោះថា ជាចៃដន្យ នៅពេលចូលឆ្នាំសាកលនេះ មន្ត្រីម៉ាឡេស៊ីឈប់សម្រាក និង មន្ត្រីកម្ពុជាយើងក៏ស្ថិតនៅក្នុងថ្ងៃឈប់សម្រាបកដែរ។
បើតាមរបាយការណ៍របស់អង្គការខារ៉ាម បានឱ្យដឹងថា ពលករខ្មែរចំណាកស្រុកទាំងស្របច្បាប់ និងមិនស្របច្បាប់មាន២ម៉ឺននាក់ ក្នុងនោះនៅប្រទេសម៉ាឡេស៊ី ២សែននាក់ នៅប្រទេសថៃ មាន ៩ ពាន់ នាក់ នៅប្រទេសកូរ៉េខាងត្បូង មាន ៥ពាន់នាក់ និងនៅកោះតៃវ៉ាន់ផងដែរ៕
No comments:
Post a Comment