ជាមួយនឹងព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិដល់កូនប្រុសច្បងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោកឧត្តមសេនីយ៍ត្រី ហ៊ុន ម៉ាណែត ក៏ត្រូវបានតែងតាំងមុខងារ ជាមេបញ្ជាការរង នៃបញ្ជាការដ្ឋានកងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន។ អនុក្រឹត្យ ស្តីពីការតែងតាំងមុខងារ នាយទាហាន ដល់លោកឧត្តមសេនីយ៍ត្រី ហ៊ុន ម៉ាណែត ត្រូវបានចុះហត្ថលេខាដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១០។
ពិធីបំពាក់ឋានន្តរសក្តិ និងប្រកាសតែងតាំងមុខងារ ដល់លោកឧត្តមសេនីយ៍ត្រី ហ៊ុន ម៉ាណែត ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១១ នៅទីស្តីការក្រសួងការពារជាតិ។ លោកនាយឧត្តមសេនីយ៍ ផ្កាយមាស ៤ ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបំពាក់ឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ ផ្កាយពីរ ដល់លោកឧត្តមសេនីយ៍ត្រី ហ៊ុន ម៉ាណែត។
សូមរម្លឹកថា កូនប្រុសច្បងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលបានសញ្ញាប័ត្រផ្នែកយោធា មកពីសាលាបណ្ឌិតសភាយោធារបស់សហរដ្ឋអាមេរិក West Point រួមទាំងសញ្ញាប័ត្រជាច្រើនទៀត។ លោកឧត្តមសេនីយ៍ទោ ហ៊ុន ម៉ាណែត បច្ចុប្បន្ន មានតួនាទីជាអគ្គមេបញ្ជាការរងកងអង្គរក្ស និងជាប្រធាននាយកដ្ឋានពិសេស ព្រមទាំងមានតួនាទីជាមេបញ្ជាការ នៃបញ្ជាការដ្ឋានជាតិកំលាំងពិសេសប្រឆាំងភេរវកម្ម នៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម៕
ដោយ : លីហូវ
No comments:
Post a Comment