ពីទីក្រុងបាងកក ប្រទេសថៃ មានសេចក្តីរាយការណ៍មកថា ពួកក្រុមជ្រុលនិយមអាវលឿងសៀម នៅតែបន្តសកម្មភាពធ្វើការទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជាដោះលែងពលរដ្ឋរបស់ខ្លួន៧នាក់ដែលអាជ្ញាធរកម្ពុជាបានចាប់ខ្លួនពីបទឆ្លងដែនចូលក្នុងទឹកដីកម្ពុជាដោយខុសច្បាប់កាលពីព្រឹកថ្ងៃទី២៩ ធ្នូ កន្លងមកនេះ ។ យោងតាមគេហទំព័របាងកកប៉ុស្តិ៍របស់ថៃចេញផ្សាយនៅព្រឹកថ្ងៃទី៣ មករា ឆ្នាំ២០១១ នេះបានឱ្យដឹងថា ក្រុមបណ្តាញអ្នកស្នេហាជាតិថៃសង្ឃឹមថា នឹងមានមនុស្សជាច្រើនពាន់នាក់ចូលរួមធ្វើបាតុកម្មទាមទារឱ្យរដ្ឋាភិបាលក្រុងភ្នំពេញដោះលែងជនជាតិថៃ៧នាក់ ដែលនឹងធ្វើឡើងនៅវេលាថ្ងៃអង្គារស្អែកនេះ ។
ពួកគេនឹងចាប់ផ្តើមធ្វើការប្រមូលផ្តុំគ្នានៅក្រៅវិមានរដ្ឋាភិបាលក្រុងបាងកកនារសៀលថ្ងៃទី៣ មករា ហើយបើតាមេមដឹកនាំនៃបណ្តាញអ្នកសេ្នហាជាតិថៃ លោកឆៃរ៉ាត់ ស៊ិនស៊ូវង្ស បាននិយាយថា នឹងមានអ្នកចូលរួមប្រមាណ៥ពាន់នាក់ ដើម្បីតវ៉ាទាមទារ និងដាក់សម្ពាធឱ្យរដ្ឋាភិបាលក្រុងភ្នំពេញ ដោះលែងជនជាតិសៀមទាំង៧នាក់នេះ ។ កោះសន្តិភាពមិនទាន់អាចទាក់ទងដើម្បីសុំសេចក្តីអត្ថាធិប្បាយពីលោកខៀវ កាញារីទ្ធ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបាននៅឡើយទេ នៅវេលាព្រឹកថ្ងៃទីចន្ទនេះ ។ គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ ពួកអាវលឿងប្រមាណ៥០នាក់បានទៅកាន់វិមានរដ្ឋាភិបាលថៃ ដើម្បីប្រឆាំងតវ៉ានឹងការចាប់ខ្លួនជនជាតិថៃ៧នាក់នេះ និងបានធ្វើការទាមទារឱ្យរដ្ឋាភិបាលថៃពន្លឿនការដោះស្រាយ ដើម្បីធានាឱ្យមានការដោះលែងជនជាតិថៃទាំង៧នាក់ ។ ពួកអ្នកប្រឆាំងតវ៉ាក៏បានដុតមឈូសដែលបិទរូបថតលោកនាយករដ្ឋមន្ត្រីថៃអាប់ភីស៊ីត វ៉េចាជីវ៉ា នឹងគ្រោងបោះជំរំនៅទីនោះរហូតដល់ថ្ងៃអង្គារស្អែកនេះ ។
ដោយឡែកនៅឯព្រំដែនខ្មែរ-ថៃត្រង់ចំណុចភូមិសាស្ត្រភូមិជោគជ័យ ឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទល់ភូមិណងចាន់ ស្រុកគោកធ្យូង ខេត្តស្រះកែវ របស់ថៃឯណោះវិញ មានសេចក្តីរាយការណ៍ថា កំលាំងចម្រុះរបស់ថៃជាច្រើនរយនាក់កំពុងត្រៀមទប់ទល់នឹងក្រុមអាវលឿងដែលគ្រោងធ្វើដំណើរមកកាន់បង្គោលឡាក់លេខ៤៦ ស្ថិតក្នុងភូមិសាស្ត្រខាងលើ ទីដែលជនជាតិថៃ៧នាក់ត្រូវបានអាជ្ញាធរខ្មែរឃាត់ចាប់ខ្លួន ពីបទឆ្លងដែនចូលដីខ្មែរដោយខុសច្បាប់ កាលពីព្រឹកថ្ងៃទី២៩ ធ្នូ កន្លងមកនេះ ។ ទោះជាយ៉ាងណា បើតាមអ្នកយកព័ត៌មានកោះសន្តិភាពដែលកំពុងមានវត្តមានតាមដានពីស្ថានការណ៍នេះ នៅទីតាំងខាងលើបានឱ្យដឹងថា ក្រុមអាវលឿងទំនងជាមិនអាចចូលមកដល់បង្គោលឡាក់លេខ៤៦នោះបានទេដោយសារកំលាំងរបស់ថៃជាច្រើនរយនាក់ក៏បានត្រៀមទប់ទល់នៅត្រង់ចំណុចផ្លូវបំបែកជាបួនចេញពីខេត្តស្រះកែវ ឆ្ពោះមកកាន់ស្រុកគោកធ្យូង ចំងាយជាង១០គីឡូម៉ែត្រពីបង្គោលឡាក់លេខ៤៧នោះ ៕
ដោយ ៖ ខេមរិទ្ធ
No comments:
Post a Comment