សៀមរាប ៖ ប្រជាពលរដ្ឋនៅតាមទីជនបទឆ្ងាយៗដែលមិនសូវទទួលបានការថែទាំសុខភាពឲ្យបានដិតដល់ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១១នេះ បានទទួលការយកចិត្តទុកដាក់ពីសំណាក់ក្រុមការងារមនុស្សធម៌របស់អគ្គនាយកដ្ឋាន ទូរទស្សន៍ និងវិទ្យុបាយ័ន ដោយមានការរួមសហការពីដៃគូមនុស្សមកពីសហរដ្ឋអាមេរិក កាណាដា និងប្រទេសកូរ៉េផង ដើម្បីបំពេញបេសកកម្មមនុស្សធម៌ផ្ដល់ថ្នាំពេទ្យ ពិនិត្យជំងឺ និងព្យាបាលជំងឺមួយចំនួននៅខេត្តសៀមរាប។
លោកទិត ថាវរិទ្ធ អគ្គនាយករងទូរទស្សន៍ និងវិទ្យុបាយ័ន បានប្រាប់កម្ពុជាថ្មីឲ្យដឹងថា ចាប់ពីម៉ោង៩ព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០១១នេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់អគ្គនាយកដ្ឋានទូរទស្សន៍ និងវិទ្យុបាយ័ន បានបំពេញបេសកកម្មជារៀងរាល់ខែ ចុះជួយព្យាបាលជំងឺដល់ប្រជាពលរដ្ឋនៅតាមខេត្តនានាឆ្ងាយៗ ដោយបានមើលឃើញអំពីការលំបាកក្នុងការថែទាំសុខភាពរបស់ប្រជាពលរដ្ឋនៅជនបទ ទើបលោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាទូរទស្សន៍ និងវិទ្យុបាយ័ន ដាក់ចេញផែនការមនុស្សធម៌សម្រាប់ក្រុមការងារទូរទស្សន៍ និងវិទ្យុបាយ័នអនុវត្តន៍ជារៀងរាល់ខែ។ បេសកកម្មលើកនេះបានធ្វើឡើងនៅក្នុងឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប ដោយមានការចូលរួមសហការ ពីក្រុមការងារនៃអង្គភាពគ្រូពេទ្យស្ម័គ្រចិត្ត ឈ្មោះProject LACE មកពីសហរដ្ឋអាមេរិក កាណាដា និងប្រទេសកូរ៉េ ចំនួន២១នាក់ និងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់អគ្គនាយកដ្ឋានទូរទស្សន៍ និងវិទ្យុបាយ័ន ប្រមាណជាង២០នាក់ផងដែរ។
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបានប្រាប់កម្ពុជាថ្មីតាមទូរស័ព្ទថា ប្រជាពលរដ្ឋដែលមកទទួលការពិនិត្យ និងព្យាបាលជម្ងឺភាគច្រើនមានជំងឺផ្លូវដង្ហើម និងជម្ងឺពោះវៀន ដែលជម្ងឺទាំងនេះកើតមានទៅលើកុមារនិងក្មេងជំទង់។ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបានឲ្យដឹងទៀតថា ក្រុមការងាររបស់អគ្គនាយកដ្ឋានទូរទស្សន៍ និងវិទ្យុបាយ័នផ្ដោតជាសំខាន់ទៅលើជំងឺរបស់កុមារ និងមនុស្សវ័យជំទង់ ហើយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តមកពីសហរដ្ឋអាមេរិក កាណាដា និងប្រទេសកូរ៉េផ្ដោតជាទូទៅលើអ្នកជំងឺវ័យកណ្ដាល និងមនុស្សចាស់។ ដូច្នេះការងារនេះយើងសហការគ្នាបានកាន់តែប្រសើរ។
ក្រុមប្រជាពលរដ្ឋប្រមាណ៨០០នាក់ ដែលបានមកទទួលការព្យាបាលពីក្រុមការងារគ្រូ ពេទ្យស្ម័គ្រចិត្ត របស់អគ្គនាយកដ្ឋានទូរទស្សន៍ និងវិទ្យុបាយ័ន នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១១នេះ បានអង្គុយរង់ចាំ និងតម្រង់ជួរបន្តបន្ទាប់គ្នា ដើម្បីពិនិត្យជំងឺ។ ក្រុមប្រជាពលរដ្ឋបានថ្លែងអំណរគុណ ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់អគ្គនាយកដ្ឋានទូរទស្សន៍ និងវិទ្យុបាយ័ន បានមកព្យាបាលពួកគាត់ដល់ទីកន្លែង ទាំងនេះជាទង្វើមនុស្សធម៌មួយដែលប្រជាពលរដ្ឋខ្មែរយើងតែងតែជួយគ្នាជា ដរាបរៀងមក។
បេសកកម្មរបស់ក្រុមការងារទាំងពីរនិងបន្តដំណើរទៅបំពេញបេសកកម្មនៅខេត្តបន្ទាយមាន ជ័យជាបន្តទៀត ដើម្បីពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១១នេះទៀត៕
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត
No comments:
Post a Comment