សៀមរាប ៖ ប្រជាពលរដ្ឋនៅតាមទីជនបទឆ្ងាយៗដែលមិនសូវទទួលបានការថែទាំសុខភាពឲ្យបានដិតដល់ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១១នេះ បានទទួលការយកចិត្តទុកដាក់ពីសំណាក់ក្រុមការងារមនុស្សធម៌របស់អគ្គនាយកដ្ឋាន ទូរទស្សន៍ និងវិទ្យុបាយ័ន ដោយមានការរួមសហការពីដៃគូមនុស្សធម៌មកពីសហរដ្ឋអាមេរិក កាណាដា និងប្រទេសកូរ៉េផងដែរ ដើម្បីបំពេញបេសកកម្មមនុស្សធម៌ផ្ដល់ថ្នាំពេទ្យ ពិនិត្យជំងឺ និងព្យាបាលជំងឺមួយចំនួននៅខេត្តសៀមរាប។
លោកទិត្យ ថាវរិទ្ធ អគ្គនាយករងទូរទស្សន៍ និងវិទ្យុបាយ័ន បានប្រាប់កម្ពុជាថ្មីឲ្យដឹងថា ចាប់ពីម៉ោង៩ព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០១១នេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់អគ្គនាយកដ្ឋានទូរទស្សន៍ និងវិទ្យុបាយ័ន បានបំពេញបេសកកម្មជារៀងរាល់ខែ ចុះជួយព្យាបាលជំងឺដល់ប្រជាពលរដ្ឋនៅតាមខេត្តនានាឆ្ងាយៗ ដោយបានមើលឃើញអំពីការលំបាកក្នុងការថែទាំសុខភាពរបស់ប្រជាពលរដ្ឋនៅជនបទ ទើបលោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាទូរទស្សន៍ និងវិទ្យុបាយ័ន ដាក់ចេញផែនការមនុស្សធម៌សម្រាប់ក្រុមការងារទូរទស្សន៍ និងវិទ្យុបាយ័នអនុវត្តន៍ជារៀងរាល់ខែ។ បេសកកម្មលើកនេះបានធ្វើឡើងនៅក្នុងឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប ដោយមានការចូលរួមសហការ ពីក្រុមការងារនៃអង្គភាពគ្រូពេទ្យស្ម័គ្រចិត្ត ឈ្មោះProject LACE មកពីសហរដ្ឋអាមេរិក កាណាដា និងប្រទេសកូរ៉េ ចំនួន២១នាក់ និងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់អគ្គនាយកដ្ឋានទូរទស្សន៍ និងវិទ្យុបាយ័ន ប្រមាណជាង២០នាក់ផងដែរ។
លោកទិត្យ ថារិទ្ធ បានប្រាប់កម្ពុជាថ្មីទៀតថា ក្រុមគ្រូពេទ្យទាំងអស់នៃក្រុមការងារបាន បំបេញបេសកកម្មដោយមិនមានពេលឈប់សម្រាកពេញមួយព្រឹកនេះ ក៏ដោយសារតែប្រជាពលរដ្ឋ បានមកព្យាបាល និងទទួលថ្នាំ ពិនិត្យជំងឺជាបន្តបន្ទាប់កាន់តែច្រើនឡើងៗរាប់រយនាក់មកហើយ។ លោកបានមានប្រសាសន៍បន្តថា ពេញមួយព្រឹកនេះក្រុមគ្រូពេទ្យបានព្យាបាលប្រជាពលរដ្ឋបាន ប្រហែលជាង៣០០នាក់មកហើយៗបេសកកម្មនេះនឹងបន្តរហូតដល់ម៉ោង៣រសៀលទើបចប់។
លោកអគ្គនាយករងបានឲ្យដឹងដែរថា ក្រុមប្រជាពលរដ្ឋដែលមកព្យាបាលភាគច្រើនកើត ជំងឺព្រូននៅក្នុងខ្លួន ដោយសារតែពួកគាត់បរិភោគ ទឹក ចំណីអាហារ បន្លែ មិនមានអនាម័យត្រឹមត្រូវ ហើយមួយចំនួនទៀតកើតជំងឺក្រពះ រលាកពោះវៀន រាករូស ឈឺសន្លាក់ដៃជើង រោគស្រ្តីជាដើម។ លោកបានថ្លែងទៀតថា ក្រុមប្រជាពលរដ្ឋទាំងអស់បានទទួលថ្នាំព្យាបាលគ្រប់ៗគ្នា ដែលថ្នាំទាំងនោះបានមកពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់អគ្គនាយកដ្ឋានទូរទស្សន៍ និងវិទ្យុបាយ័នដោយមានការចូលរួមឧបត្ថម្ភថវិកាពីលោកជំទាវ ហ៊ុន ម៉ាណា ផ្ទាល់ និងមួយផ្នែកទៀតបានមកពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឈ្មោះ Project LACE ដែលបានយកថ្នាំពេទ្យពីសហរដ្ឋអាមេរិកមកជួយព្យាបាលផងដែរ។
ក្រុមប្រជាពលរដ្ឋប្រមាណ៨០០នាក់ ដែលបានមកទទួលការព្យាបាលពីក្រុមការងារគ្រូ ពេទ្យស្ម័គ្រចិត្ត របស់អគ្គនាយកដ្ឋានទូរទស្សន៍ និងវិទ្យុបាយ័ន នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១១នេះ បានអង្គុយរង់ចាំ និងតម្រង់ជួរបន្តបន្ទាប់គ្នា ដើម្បីពិនិត្យជំងឺ។ ក្រុមប្រជាពលរដ្ឋបានថ្លែងអំណរគុណ ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់អគ្គនាយកដ្ឋានទូរទស្សន៍ និងវិទ្យុបាយ័ន បានមកព្យាបាលពួកគាត់ដល់ទីកន្លែង ទាំងនេះជាទង្វើមនុស្សធម៌មួយដែលប្រជាពលរដ្ឋខ្មែរយើងតែងតែជួយគ្នាជា ដរាបរៀងមក៕
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត
No comments:
Post a Comment