រាជធានីភ្នំពេញ ៖ ព្រឹកមិញនេះ (ទី១២ មករា ២០១១) តាមប្រភពព័ត៌មានបានឱ្យដឹងថា លោកម៉ឹក ដារ៉ា អគ្គលេខាធិការអាជ្ញាធរប្រឆាំងគ្រឿងញៀន និងជាប្រធានមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីប៉ូលិសប្រឆាំងគ្រឿងញៀន២នាក់ទៀតត្រូវបានសមត្ថកិច្ចធ្វើការកោះហៅ...ខ្លះថា ឃាត់ខ្លួនដើម្បីសាកសួរពាក់ព័ន្ធនឹងបទល្មើសមួយចំនួន...ហើយសមត្ថកិច្ចដដែលនេះនឹងតាមប្រមាញ់លោកឧកញ៉ាម្នាក់ទៀតដែលកំពុងព្យាយាមគេចខ្លួន ។
ខាងសមត្ថកិច្ចបានលាក់ការណ៍រឿងនេះ មិនព្រមព្រលយឱ្យដឹងពីមូលហេតុ និងកាលបរិច្ឆេទនៃការហៅសាកសួរ ឬខ្លះថា ឃាត់ខ្លួននោះទេ ហើយប្រភពមួយចំនួនក៏មិនហ៊ានទម្លាយដែរ ប៉ុន្តែគេគ្រាន់តែប្រាប់យ៉ាងខ្លីថា «មានការហៅសាកសួរ ឬខ្លះថា ឃាត់ខ្លួនលោកម៉ឹក ដារ៉ា ព្រឹកមិញនេះ និងត្រៀមឃាត់ខ្លួនមនុស្សច្រើននាក់ទៀត» ។ ក្រៅពីលោកម៉ឹក ដារ៉ា ដែលមានឋានៈខ្ពង់ខ្ពស់ ការហៅសាកសួរដ៏គួរឱ្យភ្ញាក់ផ្អើលនេះបានធ្វើឡើងទៅលើមន្ត្រីប៉ូលិសប្រឆាំងគ្រឿងញៀនម្នាក់ និងប្រធានការិយាល័យនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃម្នាក់ទៀតសរុបទាំងអស់គឺ៣នាក់ ។
តាមប្រភពស្និទ្ធនឹងក្រសួងមហាផ្ទៃបានឱ្យដឹងថា ការកោះហៅ ឬឃាត់ខ្លួនមន្ត្រីប៉ូលិសថ្នាក់អន្ទ្រើសទាំង៣នាក់នេះត្រូវបានធ្វើឡើងដោយកំលាំងនគរបាលសន្តិសុខផ្ទៃក្នុងនៃក្រសួងមហាផ្ទៃ គឺហៅពួកគេជាបន្តបន្ទាប់មកសាកសួរជុំវិញការឃុបឃិត-ពុករលួយ...។ អ្នកនាំពាក្យក្រសួងមហាផ្ទៃលោកឧត្តមសេនីយ៍ឯកខៀវ សុភ័គ បានមានប្រសាសន៍ឱ្យដឹងកាលពីរសៀលថ្ងៃទី១២ មករា ២០១១ ថា ពិតជាមានការហៅមន្ត្រីប៉ូលិសប៉ុន្មាននាក់នោះទៅសាកសួរមែន...គឺហៅសាកសួរពីព័ត៌មានផ្សេងៗតែប៉ុណ្ណោះ...លោកមិនប្រាកដថា ឃាត់ខ្លួន ឬយ៉ាងណានោះទេ...ហើយក្រោយពេលសាកសួរហើយ គេបញ្ជូនអ្នកទាំងនោះទៅណាទៀត លោកក៏មិនដឹងដែរ...៕
ដោយ ៖ កោះឯករាជ្យ
No comments:
Post a Comment