បាត់ដំបង: នគរបាលយុត្តិធម៌ក្រុងបាត់ដំបង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលកំពុងចែកចាយថ្នាំញៀនជាក់ស្តែងនៅថ្ងៃទី១២ ខែមករានេះ ឆ្នាំ២០១១ វេលាម៉ោង ៩ និង ៣០នាទី នៅចំណុចក្រុមទី៩ ភូមិ សង្កាត់រតនៈ ក្រុងបាត់ដំបង ។
លោកអនុសេនីយ៍ទោស៊ន កុសលនាយផ្នែកព្រហ្មទណ្ឌក្រុងបាត់ដំបងបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះប៉ែន ទីណូ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិ សង្កាត់ខាងលើ។ ចំណែកវត្ថុតាងដែលរឹបអូសបាន មានថ្នាំយ៉ាម៉ាចំនួន ២គ្រាប់ និងខេទឹកកក១កញ្ចប់តូច។
លោកអនុសេនីយ៍ឯកចាន់ រ៉ា អធិការរងក្រុង បញ្ជាក់ថា ជនសង្ស័យធ្លាប់រកស៊ីជួញដូរនិងចែកចាយគ្រឿងញៀនជាច្រើនខែមកហើយ ដោយទិញពីបុរសម្នាក់មិនស្គាល់ឈ្មោះ ហើយយកទៅលក់ឱ្យអ្នកដទៃពិសេសសិស្សសាលា។ ចំពោះថ្នាំយ៉ាម៉ា១គ្រាប់ទិញពីគេមកថ្លៃ ១៥០០០រៀល ហើយលក់ទៅវិញបាន ១៨០០០រៀល។ រីឯថ្នាំខេទឹកកកក្នុង ១កញ្ចប់តូច ថ្លៃ១ម៉ឺនរៀលហើយលក់ទៅវិញបាន ១ម៉ឺន៥ពាន់រៀល។ នៅព្រឹកថ្ងៃទី១២ ខែមករា ២០១១ មានបុរសម្នាក់បានទូរស័ព្ទមកខ្លួនឱ្យយកថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន២គ្រាប់ និងខេទឹកកកចំនួន១កញ្ចប់តូច។ ពេលខ្លួនដើរចេញមកដល់កន្លែងណាត់ក៏ត្រូវប៉ូលិសក្រុងឃាត់ខ្លួនតែម្តង ហើយនាំទៅកាន់អធិការដ្ឋាននគរបាលក្រុងធ្វើការសាកសួរ។
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យនិងវត្ថុតាងជាក់ស្តែងរួចមក សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា ជនជាប់សង្ស័យពីបទជួញដូរនិងចែកចាយគ្រឿងញៀនហាមឃាត់ខុសច្បាប់ដែលមានចែងក្នុង មាត្រា៣៦ ថ្មីនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់គ្រឿងញៀនខុសច្បាប់ចុះថ្ងៃទី៩ខែឧសភាឆ្នាំ២០០៥។នៅរសៀលថ្ងៃទី១២ដដែលសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការនគរបាលខេត្តដើម្បីចាត់ការបន្ត ៕
No comments:
Post a Comment