ភ្នំពេញ: មន្ត្រីនៃក្រសួងព័ត៌មានចំនួនជាង ១០០នាក់ ត្រូវបានមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយណែនាំពន្យល់ពីរបៀបបំពេញ លើសំនុំឯកសារប្រកាសទ្រព្យសម្បត្តិ និង បំណុលដាក់ជូនអង្គភាពប្រឆាំងអំពើពុករលួយដែលការណែនាំនេះធ្វើឡើងដោយ លោកសៀង បូរ៉ាត់ អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និង ក្រោមអធិបតីភាពលោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។
លោកសៀង បូរ៉ាត់ អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានមានប្រសាសន៍ណែនាំដល់ ក្រុមមន្ត្រីក្រសួងព័ត៌មានឱ្យបានយល់ថាៈ មន្ត្រីក្រសួងព័ត៌មានត្រូវធ្វើការ
ប្រកាសទ្រព្យសម្បត្តិដាក់ជូនទៅអង្គភាពប្រឆាំងអំពើពុករលួយនៅដើម សប្តាហ៍ទី១ ខែកុម្ភៈ ឆ្នាំ២០១១ ខាងមុខនេះ ។ លោកមានប្រសាសន៍បន្តថា ការប្រកាសទ្រព្យសម្បត្តិ គឺមន្ត្រីដែលមានភារកិច្ចតម្រូវឱ្យប្រកាសទ្រព្យសម្បត្តិ គឺត្រូវតែធ្វើកាប្រកាសឱ្យអស់នូវទ្រព្យសម្បត្តិដែលមានរាប់ទាំង អចលនទ្រព្យ គ្រឿងអលង្ការ រួមទាំងនាឡិកាដៃមានតំលៃចាប់ពី ១០០០ ដុល្លារឡើងទៅ ។
លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍លើកទឹកចិត្តដល់មន្ត្រីក្រសួង ដែលមានភារកិច្ចត្រូវធ្វើការប្រកាសទ្រព្យសម្បត្តិទៅតាមច្បាប់កំណត់ នោះ កុំមានការភ័យខ្លាច ។ លោកខៀវ កាញារីទ្ធ មានប្រសាសន៍បន្តថាៈ បើគ្មានបញ្ហា គឺអង្គភាពប្រឆាំងអំពើពុករលួយមិនបើកស្រោមសំបុត្ររបស់យើងមើលទេ លើកលែងតែមានបណ្តឹងណាមួយកើតឡើង ។
ជាមួយគ្នានោះដែរលោកខៀវ កាញារីទ្ធ មានប្រសាសន៍បន្តថាៈ ច្បាប់ប្រឆាំងអំពើពុករលួយ គឺជារបង ឬ ជាស្ពានមួយក្នុងការទប់ស្កាត់អំពើពុករលួយ ហើយរាជរដ្ឋាភិបាលបានធ្វើជាដំណាក់កាលដូចជា ការដកមន្ត្រីមួយចំនួនដែលធ្វើឱ្យប្រជាជនថ្នាំងថ្នាក់យកទៅឱ្យតុលាការ ធ្វើការផ្តន្ទាទោសតាមច្បាប់ ហើយជាលទ្ធផលរាជរដ្ឋាភិបាលធ្វើបានល្អ ។
លោកខៀវ កាញារីទ្ធ បន្តទៀតថា ថ្នាក់ដឹកនាំរជារដ្ឋាភិបាលធ្វើការបានល្អតែមន្ត្រីថ្នាក់ក្រោមៗ គឺជាអ្នកធ្វើឱ្យរាជរដ្ឋាភិបាលចាញ់ឆ្នោតនៅតំបន់ខ្លះដោយសារតែមន្ត្រី មូលដ្ឋានធ្វើអំពើឆ្គន់ឆ្គងច្រើន ។ លោកបន្តថា នៅប្រទេសថៃការប្រកាសទ្រព្យសម្បត្តិ គឺធ្វើតែចំពោះសមាជិករាជរដ្ឋាភិបាលទេ តែនៅកម្ពុជាត្រូវធ្វើការប្រកាសទ្រព្យសម្បត្តិទាំងអស់ ដើម្បីឱ្យមានការគ្រប់គ្រងបានល្អ ។ លោកបន្តថាៈ បើរាជរដ្ឋាភិបាលធ្វើការលុបបំបាត់អំពើពុករលួយបានល្អរាជរដ្ឋាភិបាល ចំណេញច្រើនណាស់ ៕
No comments:
Post a Comment