Wednesday, January 12, 2011

រដ្ឋា​ភិបាល​ជប៉ុន​​មាន​គំរោង​រៀប​ចំ​ប្រព័ន្ធ​ការ​ពារ​ទឹក​ជំនន់​ និង​​កែ​លំអ​ប្រព័ន្ធ​លូ


(​រូបថត ណា​រិទ្ធ)
រដ្ឋា​ភិបាល​ជប៉ុន​​មាន​គំរោង​រៀប​ចំ​ប្រព័ន្ធ​ការ​ពារ​ទឹក​ជំនន់​ និង​​កែ​លំអ​ប្រព័ន្ធ​លូ
រាជធានីភ្នំពេញ ៖ តាម​រយៈ​អង្គ​ការ​ JICA រាជ​រដ្ឋា​ភិបាល​​ជប៉ុន​​មាន​គំរោង​ផ្តល់​ជំនួយ​ឥត​សំណង​​ដល់​​រាជ​រដ្ឋា​ភិបាល​​កម្ពុជា​ ក្នុង​ការ​រៀប​ចំ​ប្រព័ន្ធ​ការ​ពារ​ទឹក​ជំនន់ និង​​កែ​លំអ​ប្រព័ន្ធ​​លូ​ប្រឡាយ​សំរាប់​​ជំហាន​ទី​៣ បន្ទាប់​ពី​ជំហាន​ទី ១ និង​ទី​២ បាន​បញ្ចប់​​ក្នុង​ពេល​កន្លង​មក​នេះ។ ​នាព្រឹក​ថ្ងៃ​ទី​១២ មករា ឆ្នាំ​២០១១ នៅ​សាលា​រាជ​ធានី​ភ្នំពេញ ក្រុម​​​បេសក​កម្ម​សិក្សា​រៀប​ចំ​គំរោង​​ការ​ពារ​ទឹក​ជំនន់​របស់​អង្គ​ការ JICA បាន​ចូល​ជួប​លោក​កែប ជុតិមា អភិ​បាល​រាជ​ធានី​ភ្នំពេញ និង​​ធ្វើ​សេច​ក្តី​រាយ​ការណ៍​លំអិត បន្ទាប់​​ពី​ក្រុម​​នេះ​បាន​ធ្វើ​ការ​សិក្សា​លើ​​​​សេច​ក្តី​ព្រាង​របាយ​ការណ៍​បញ្ចប់​​រួច​មក ដើម្បី​​​ចុះ​ហត្ថ​លេខា​។ ការ​ងារ​នេះ ​ក៏​មាន​​​ធ្វើ​ការ​សិក្សា​យ៉ាង​លំអិត​មួយ​ទៀត ​ដាក់​​ជូន​រដ្ឋា​ភិបាល​ជប៉ុន ដើម្បី​សុំ​ការ​សំរេច​ថា​គួរ​ផ្តល់​​ឱ្យ ឬ​យ៉ាង​ណា។
​នេះ​ជា​គំរោង​ការ​ពារ​ទឹក​ជំនន់​របស់​អង្គ​ការ JICA សំរាប់​ជំហាន​ទី​៣ ក្នុង​នោះ​មាន​ការ​​កែ​លំអ​​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​ស្អុយ​នៅ​តំបន់​​អូរ​ឫស្សី​ បឹង​រាំង តំបន់​មុនី​រ៉េត ទួល​ស្វាយ​ព្រៃ ​ទួល​ស្លែង បឹង​កេង​កង ទួល​ទំពូង​ខាង​ជើង និង​តំបន់​ទួល​ទំពូង​ខាង​ត្បូង ដែល​មាន​ប្រវែង​​២.០៦៥​គីឡូ​ម៉ែត្រ ក្នុង​នោះ​​ក៏​មាន​​ការ​ស្តារ​អណ្តូង​លូ​ធំ និង​ការ​ផ្តល់​ឧបករណ៍​​សំរាប់​លាង​សំអាត​​លូ​ផង​ដែរ។ ដោយ​ឡែក​ គំរោង​ការ​ពារ​​ទឹក​ជំនន់​ជំហាន​ទី​១ និង​ជំហាន​ទី​២ ត្រូវ​បាន​បញ្ចប់​​។ ជំហាន​ទី​១ ដែល​បាន​អនុ​វត្ត​កន្លង​មក​រួម​មាន​ ការ​​ស្ថាបនា​កែ​លំអ​​ប្រឡាយ​បឹង​​​សាឡាង ​ប្រឡាយ​បឹង​ទំពុន ​ប្រឡាយ​ស្ទឹង​មាន​ជ័យ ស្ថានីយ​បូម​ទឹក​ថ្មី ទំនប់​បឹង​ទំពុន និង​ទ្វារ​​ទឹក​នៅ​ស្វាយ​ប៉ាក។ សំរាប់​ជំហាន​ទី​២ ក៏​បាន​អនុ​វត្ត​រួច​មក​ហើយ​ដែរ គឺ​ប្រព័ន្ធ​លូ​ក្រោម​​​ដី​នៅ​ក្នុង​ភូមិ​សាស្ត្រ​ខណ្ឌ​ដូន​ពេញ ស្ថានីយ​បូម​ទឹក និង​អាង​ស្តុក​ទឹក​ក្រោម​ដី​ធំ​ៗ​ចំនួន​៤​កន្លែង​នៅ​​តាម​បណ្តោយ​មាត់​​ទន្លេ​​មុខ​វាំង និង​បណ្តា​​លូ​មេ លូ​​ពង្វាង​ទឹក​ស្អុ​យ​មិន​ឱ្យ​ហូរ​ចូល​ទន្លេ​សាប​ដោយ​​ឱ្យ​ហូរ​ធ្លាក់​ទៅ​ប្រឡាយ​បឹង​​ត្របែក​វិញ។
​មន្ត្រី​ជំនាញ​សាលា​រាជ​ធានី​ភ្នំពេញ បាន​ឱ្យ​ដឹង​ថា ​ក្រុម​បេសក​កម្ម​​របស់​អង្គ​ការ​ JICA ប្រទេស​ជប៉ុន​ បាន​ធ្វើ​ការ​សិក្សា​គំរោង​ការ​ពារ​ទឹក​ជំនន់់​ជំហាន​ទី​៣​នេះ​​​រយៈ​ពេល​​៣​​ខែ​ គឺ​ពី​ខែ​មីនា​ដល់​​ខែ​ឧសភា ឆ្នាំ​២០១០ នៅ​ភ្នំពេញ និង​បន្ទាប់​មក​យក​ទៅ​ធ្វើ​ការ​សិក្សា​លំអិត​ និង​ពិនិត្យ​ការ​ងារ​បច្ចេក​ទេស​បញ្ចប់ ហើយ​សំរេច​ជា​លទ្ធ​ផល​នៅ​ប្រទេស​ជប៉ុន នាខែ​ធ្នូ ឆ្នាំ​២០១០។ នៅ​ក្នុង​ជំនួប​​ជា​មួយ​លោក​កែប ជុតិមា អភិ​បាល​រាជ​ធានី​ភ្នំពេញ នា​ពេល​នេះ ​អ្នក​ជំនាញ​របស់ JICA ជប៉ុន​បាន​អះ​អាង​ថា ក្រោយ​ការ​រៀប​ចំ​គំរោង​​​នេះ​រួច​ គឺ​តំបន់​ទាំង​អស់​ខាង​លើ​​​នឹង​​មិន​មាន​ការ​លង់​លិច​ទៀត​​ទេ ឬ​ក៏​អាច​បន្ថយ​ពី​ការ​លិច​លង់​ដែល​រយៈ​ពេល​កន្លង​មក​ លិច​កន្លះ​ម៉ោង​មក​ត្រឹម​១០​នាទី ពី​កំពស់​ទឹក​កន្លះ​ម៉ែត្រ ឱ្យ​នៅត្រឹម​តែ​២​តឹក​យ៉ាង​ច្រើន​បំផុត។ ​នៅ​ក្នុង​ឱកាស​នោះ​ លោក​កែប ជុតិមា បាន​ថ្លែង​អំណរគុណ​ដល់​​តំណាង JICA ​ក៏​ដូច​ជា ​​រដ្ឋា​ភិបាល​​ជប៉ុន ដែល​បាន​ជួយ​ដល់​រដ្ឋា​ភិបាល​​កម្ពុជា ជា​ពិសេស​ជួយ​ដល់​​រាជ​ធានី​ភ្នំពេញ​ នា​ពេលកន្លង​មក​ក៏​ដូច​​ជា​ពេល​នេះ៕

ដោយ ៖ កោះឯករាជ្យ

No comments:

Post a Comment