Wednesday, January 12, 2011

តុលាការ​​ចោទសួរ​​ជនជាតិ​ថៃ​២​នាក់​ក្រោយពី​ទទួល​ការចោទប្រកាន់​បន្ថែម​



ភ្នំពេញ​: ជនជាតិ​ថៃ​២​នាក់​ក្នុងចំណោម​៧​នាក់​ត្រូវបាន​គេ​នាំ​ឡើង​តុលាការ​ម្តងទៀត​នៅ​ព្រឹក​នេះ​ដើម្បី​សាកសួរ​បន្ថែម​ពី​ចេតនា​ប៉ុនប៉ង​ប្រមូល​ព័ត៌មាន​ក្នុង​ទឹកដី​កម្ពុជា​។ 

​លោកស្រី​ចាំង ស៊ី​ណាត ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ អនុរក្ស​ពន្ឋនាគារ​ព្រៃ​ស​បញ្ជូន​ជនជាតិ​ថៃ​ទាំង​២​នាក់​ដែល​រង​នូវ​ការចោទប្រកាន់​បន្ថែម​ពី​បទ​ប៉ុនប៉ង​ប្រមូលផ្តុំ​ពត៌មាន​ដែល​អាច​ធ្វើឱ្យ​អន្តរាយ​ការ​ការពារជាតិ មក​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០១១​នេះ​ដើម្បី​ធ្វើ​ការសាកសួរ​អំពី​ការចោទប្រកាន់​ថ្មី​នេះ​។​
 
​ជនជាតិ​ថៃ​ទាំង​២​នាក់​ដែល​ត្រូវបាន​គេ​នាំ​ឡើង​តុលាការ​ព្រឹក​នេះ​មានឈ្មោះ វិរៈ​ស៊ុំ​ក្វាម​ឃីត​( Veera Somk wamkit ) អាយុ​៥៣​ឆ្នាំ ជា​អគ្គលេខាធិការ​បណ្តាញ​ប្រជាជន​ប្រឆាំង​អំពើពុករលួយ និង ឈ្មោះ រ៉ាត់​ទ្រី​ប៉ៃ ពូ​តា​ណា​ប៉ៃ​ប៊ូ​ន (Ratree Paiputanapaiboon) ភេទ​ស្រី ជា​អ្នកលក់​គ្រឿងទេស​និង​ជា​អ្នកសារព័ត៌មាន​។​

​តាម​ប្រភព​មួយ​បាន​បង្ហើប​ឱ្យដឹង​ថា​ដើមចម​ដែលនាំឱ្យ​មាន​ការសាកសួ​រ​នេះ​គឺ​កើតឡើង​កាលពី ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០១១ ក្នុងខណៈពេល​ដែល​លោក​សុខ រឿន​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទប្រកាន់​បន្ថែម​លើ​ជនជាតិ​ថៃ​ទាំង​២​នាក់ នេះ​ពី​បទ​ប៉ុនប៉ង​ប្រមូលផ្តុំ​ពត៌មាន​ដែល​អាច​ធ្វើ​អន្តរាយ​ការ​ការពារជាតិ​។​

 ដូច្នេះ​តាម​នីតិវិធី​ចៅក្រម​ស៊ើបសួរ​ត្រូវ​ហៅ​ជនជាតិ​ថៃ​២​នាក់​នេះ​មក​ធ្វើការ​សាកសួរ​បន្ថែម​ជុំវិញ​ការចោទប្រកាន់​ថ្មី​នេះ​។ ប្រភព​ដដែល​បាន​អះអាង​ថា​ក្រៅពី​បញ្ហា​ខាងលើ​នេះ តុលាការ​បាន​រកឃើញ​តម្រុយ​សន្មត​មួយចំនួន​ដែល​បង្ហាញ​ថា​ជនជាតិ​ថៃ​ទាំង​២​នាក់​នេះ​ជា​មេក្លោង​ក្នុង​ការដឹកនាំ​ជនជាតិ​ថៃ​៥​នាក់​ផ្សេង​ទៀត​ចូល​មក​ទឹកដី​ប្រទេស​កម្ពុជា​តាម​រូបភាព​ថត​វីដេអូ និង​ផ្តិត​យក​រូបភាព​។​

​តែ​ធាតុពិត ពួកគេ​មាន​គោលបំណង​ផ្សេង ពោល​គឺ​មុននឹង​ចូលមក វិរៈ​ស៊ុំ​ក្វាម​ឃីត បាន​បែងចែក​កម្លាំង​ជា​៣​ក្រុម មាន​ក្រុម​ដាច់ខាត ក្រុម​ជួប​ប្រជារាស្ត្រ និង​ក្រុម​ពិនិត្យ​បង្គោល​ព្រំដែន បើទោះជា​ដឹងថា​ទីតាំង​នោះ​ជា​ទឹកដី​កម្ពុជា​ក៏ដោយចុះ ក្នុងនោះ​ស្ត្រី​រ៉ាត់​ទ្រី ពូ​តា​ណា​ប៉ៃ​ប៊ូ​ន បាន​លាក់​ម៉ាស៊ីនថតសំឡេង​ដែល​អាច​ថត​បាន​ដល់​២០០​ម៉ោង​និង​ស្រូប​សំឡេង​ជុំវិញ​ខ្លួន​រាប់សិប​ម៉ែត្រ​សម្រាប់​បំពេញ​បេសកកម្ម​ក្នុង​ទឹកដី​កម្ពុជា​។​

​ប្រភព​ដដែល​បាន​បន្តថា ក្រោយពេល​ជាប់​ឃុំ​ខ្លួន​នៅ​ពន្ឋនាគារ​ព្រៃ​ស​ហើយ វិរៈ​ស៊ុំ​ក្វាម​ឃីត នៅតែ​បន្ត​ទំនាក់ទំនង​មក​ខាងក្រៅ​តាមរយៈ​ការសរសេរ​សំបុត្រ​ផ្ញើ​ចេញមក​ដែល​ខ្លឹមសារ​ក្នុង​សំបុត្រ​នោះ​មាន​ភាពស៊ីសង្វាក់​ទៅ​នឹង​សកម្មភាព​តាមរបៀប ចារកម្ម​ឆ្លងដែន​យ៉ាង​ដូច្នេះ​ដែរ​៕

No comments: