និស្សិតចំនួន ៣ក្រុម ត្រូវបានប្រកាសថា ជាអ្នកទទួលបានជ័យលាភី ពីកម្មវិធីប្រកួត គម្រោង អាជីវកម្មខ្នាតតូច និងមធ្យម ថ្នាក់ជាតិឆ្នាំ ២០១០ ដែលប្រារឰធ្វើនៅសណ្ឋាគារ ឡឺរ៉ូយ៉ាល់ នារាត្រីថ្ងៃទី ១៥ ខែមករា ឆ្នាំ២០១១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម បណ្ឌិតសភាចារ្យ សុខ អានឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកស្ដីទីការ គណៈរដ្ឋមន្ដ្រី ។
លោក សុខ ពុទ្ធិវុធ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យពុទ្ធិសាស្ដ្រ និងជា សហប្រធាន នៃគម្រោងអាជីវ កម្មខ្នាតតូច និងមធ្យម ថ្នាក់ជាតិ បានឱ្យដឹងថា កម្មវិធីនេះបាន ប្រកាសចាប់ផ្ដើម កាលពីខែកក្កដា ឆ្នាំ២០១០ ដើម្បី ជ្រើសរើសរក និស្សិតឆ្នើមៗ ក្នុងការ រៀបចំគម្រោងអាជីវកម្មខ្នាតតូច និងមធ្យម នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ក្នុងរយៈពេល ៦ខែ កន្លងមកនេះ មាននិស្សិតជាង ១០០ ក្រុម មកពីសាកលវិទ្យាល័យនានា ទូទាំងព្រះរាជា ណាចក្រ កម្ពុជា ដាក់ពាក្យចូលប្រកួត ហើយជា លទ្ធផលជ្រើសរើសបាន ១០ក្រុម សម្រាប់ធ្វើ ការបណ្ដុះបណ្ដាលរយៈពេល ៤ខែ ដើម្បីចូលរួម ប្រកួតផ្ដាច់ព្រ័ត្រ និងប្រកាសជ័យលាភី នាថ្ងៃទី ១៥ ខែមករា ឆ្នាំ២០១១ នេះ ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម បណ្ឌិត សុខ អាន បានលើកឡើងថា ព្រះរាជាណា ចក្រកម្ពុជា មាន ប្រជាពលរដ្ឋ ៨០% ជាកសិករ និងជាប្រទេស ដែលទើបចេញ ផុតពីសង្គ្រាម ការប្រកួត ប្រជែងគម្រោងអាជីវកម្មខ្នាត តូច និងមធ្យម ថ្នាក់ជាតិឆ្នាំ២០១០ ជា ព្រឹត្ដិការណ៍ប្រវត្ដិសាស្ដ្រ របស់កម្ពុជា និងធ្វើជាស្ពានចម្លងរវាងបឭាវ័ន្ដ និងធុរៈ កិច្ចជន ក្នុងការ បង្កើត និងលើកកម្កើង សហគ្រិនខ្នាតតូច និងមធ្យមនៅកម្ពុជា ។ ដោយបានវាយខ្ពស់តម្លៃចំពោះ កិច្ចការសហប្រតិបត្ដិការ រវាងសាកលវិទ្យាល័យពុទ្ធិសាស្ដ្រជាមួយក្រុមការងារផ្នែកឯកជន និងអង្គការ ព្រមទាំងសាកលវិទ្យាល័យ មកពីប្រទេសជប៉ុន ឯកឧត្ដម បណ្ឌិត សុខ អាន បានមាន ប្រសាសន៍ថា ការបណ្ដុះបណ្ដាល សមត្ថភាពជំនាញ ដោយសាកលវិទ្យាល័យនានា គឺមានសារៈសំខាន់ក្នុងការធ្វើឱ្យ និស្សិតដែលបញ្ចប់ ការសិក្សា មានសមត្ថភាព និងមធ្យោបាយក្នុងការធ្វើការងារផលិតកម្ម ។ ឯកឧត្ដម បណ្ឌិត សុខ អានបានបញ្ជាក់ថា ការអប់រំផ្នែកសហគ្រិន ជួយផ្ដល់ជូនដល់និស្សិតដែលបញ្ចប់ការសិក្សា នូវ ជំនាញ ក្នុងការបង្កើត អាជីវកម្មដោយខ្លួនពួកគេក៏ដូចជា ជួយជំរុញឱ្យមាននៅការប្រែប្រួល និង បង្កើតនូវ ឱកាសការងារ ។
សូមបញ្ជាក់ថា ក្រុមនិស្សិត ទាំង ៣ក្រុម ដែលទទួលបានជ័យលាភី ក្នុងកម្មវិធីប្រកួត គម្រោង អាជីវកម្មខ្នាត តូច និងមធ្យម ថ្នាក់ជាតិឆ្នាំ ២០១០ រួមមាន ជ័យលាភីទី ១-បានទៅ លើក្រុមគម្រោង សមាគមរទេះរុញ ដែលក្រុម នេះ នឹងបង្កើតឱ្យមានការងារធ្វើ តាមរយៈធ្វើ អាជីវកម្មលក់ដូរតាម ចិញ្ចើមថ្នល់ ទទួលបានរង្វាន់ជាថវិកា ៣ពាន់ដុល្លារ អាមេរិក ។ ទី២- បានទៅលើគម្រោងការកែច្នៃ កាកសំណល់កសិកម្ម ទទួលបានថវិកា ២ពាន់ដុល្លារអាមេរិក និង ក្រុម ទី៣- បានទៅលើគម្រោង អាជីវកម្មរថយន្ដដឹកជញ្ជូនសុវត្ថិភាព គឺដឹកជញ្ជូនសិស្សតាម សាលារៀន និងភ្ញៀវទេសចរណ៍ ដែល ទទួលបានរង្វាន់ ១ពាន់ដុល្លារអាមេរិក ។ ក្រុមដែល ទទួលបានជ័យលាភីទី ១ នឹងត្រូវបានជ្រើសរើស ឱ្យទៅចូលរួម ប្រកួតជាលក្ខណៈតំបន់ ជា បន្ដទៀត ។
ការប្រកួតគម្រោងអាជីវកម្មខ្នាតតូច និងមធ្យម ថ្នាក់ជាតិឆ្នាំ ២០១០ ត្រូវបានរៀបចំ ឡើងដោយ សាកលវិទ្យា ល័យពុទ្ធិសាស្ដ្រ សហការជាមួយមូលនិធិ ស៊ីអាយអ៊ីអេសអេហ្វ (CIESF) និងទទួលបាន ការឧបត្ថម្ភថវិកាពីសាកល វិទ្យា វេស៊ីដា (WASEDA) ប្រទេស ជប៉ុន ព្រមទាំងពីសាកលវិទ្យាល័យ និងក្រុមហ៊ុនក្នុងព្រះរាជាណាចក្រកម្ពុជា ជាច្រើនទៀត ។
No comments:
Post a Comment