Sunday, January 16, 2011

ក្តីសង្ឃឹម​របស់​ប្រជាពលរដ្ឋ​ក្រុងកែប​ចំពោះ​ការ​បាន​ទឹកស្អាត​ប្រើប្រាស់ ហាក់​នៅ​ឆ្ងាយ​សន្លឹម​

កំពត: ក្រោយពី​ឃើញ​ដំណើរការ​សាងសង់​គ្រប់ផ្នែក​ទាំងអស់​នៃ​ការដ្ឋាន​ទំនប់ទឹក​ស្អាត​របស់​ក្រុមហ៊ុន Western Coastal Development Co.ltd នៅ​ចំណុច​ទំនប់​ប៉ោ​ហេង ក្នុង​ទឹកដី​ភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុងកែប បាន​ផ្អាក​សកម្ម​ភាពជា​យូរ​មកហើយ​នោះ ប្រជាពលរដ្ឋ​ក៏ដូចជា​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​បាន​សម្តែង​នូវ​ក្តី​អស់​សង្ឃឹមថា ក្រុង​នេះ​នឹង​នៅតែ​គ្មាន​ទឹកស្អាត ប្រើប្រាស់​បន្តទៅទៀត ផ្ទុយ​ពីអ្វី​ដែល​តំណាង​ក្រុមហ៊ុន​ធ្លាប់​អះអាងថា “ ក្រុងកែប​នឹង​បាន​ទឹកស្អាត​ប្រើប្រាស់​ដូច​បណ្តា​ខេត្ត​នានា​នៅ មុន​ដំណាច់ឆ្នាំ​២០១០​នោះ ” ។ 

 នេះ​ជាការ​ប្រែប្រួល​នូវ​ក្តីសង្ឃឹម​ស្ទើរ​កម្រិត ១៨០​អង្សារ របស់​ក្រុង​ទេសចរណ៍​ឆ្នេរសមុទ្រ​ទៅនឹង មោទនភាព​ដែល​បានកើត​ឡើង​ពេល​ក្រុមហ៊ុន​មកដល់​ដំបូង​ដោយ​រាយការណ៍​ថា ប្តេជ្ញា​ដាក់ចិត្ត​ដាក់​កាយ​មក​អភិវឌ្ឍន៍​ជាមួយ​អាជ្ញា ធរ​ខេត្ត​ឱ្យមាន​ការរីកចម្រើន​ឆាប់រហ័ស​ក្នុង​ទំហំ​ទឹកប្រាក់ ៤​លាន​ដុល្លា ដែល​មិន​ត្រឹមតែ​ក្នុង​ទីប្រជុំជន​តំបន់​រដ្ឋបាល​ប៉ុណ្ណោះ​ទេ សូម្បី រមណីយដ្ឋាន​កោះទន្សាយ​ឆ្លងកាត់​សមុទ្រ​រហូត​ចម្ងាយ​៤ គីឡូម៉ែត្រ​ក៏​ទទួលបាន​ទឹកស្អាត​ប្រើប្រាស់​គ្រប់គ្រាន់​ដែរ ។ 

​    ​ចំណាយពេល​ធ្វើដំណើរ​បែក​ចេញពី​ផ្លូវ​ឆ្ពោះទៅកាន់​រមណីយដ្ឋាន​ឆ្នេរកែប​ត្រង់ចំណុច​ក្បែរ​សាលាបឋមសិក្សា​ស្បូវ  ដោយ ឆៀង​ចូលទៅ​ខាងឆ្វេង​ដៃ​ចម្ងាយ​ប្រមាណ​ប្រហែល​មួយ​គីឡូម៉ែត្រ នោះ​នឹង​ដល់​ទំនប់​ប៉ោ​ហេង​ដែល​ស្ថិតនៅ​ចន្លោះ​ភ្នំ​ជាទី​ប្រជុំ​នៃ​ប្រ ភព​ទឹក​ដ៏​សម្បូរបែប​ក្នុងករណី​មានការ​ទប់ និង គ្រប់គ្រង​បានល្អ ។  បច្ចុប្បន្ន​នៅទីនេះ​មាន​សភាព​ស្ងាត់ជ្រងំ​ដោយសារ​ការដ្ឋាន​ទំនប់ ទឹកស្អាត​ត្រូវបាន​គេ​ផ្អាក​សកម្មភាព បន្សល់​នូវ​គ្រោង​សំណង់​បញ្ឈរ​រខេករខាក​គួរឱ្យ​ទាស់ភ្នែក ។ ចំណែក​ទំនប់ទឹក​ដែល​បានធ្វើ​ឡើងវិញ ដោយពេល​កំពុងមាន​ស​កម្ម​ភាព​មន្ត្រី​ជំនាញ​ផ្នែក​សំណង់​បាន​ធ្លោយមាត់​ថា មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​ស្តង់ដារ​និង​គ្មាន​គុណភាព​នោះ កំពុង​បាក់ស្រុត​គ្មាន​ការថែទាំ​គ្រាន់​ជា​ទំនុកចិត្ត​បន្តិច​ណា​ឡើយ ។  ព្រោះតែ​ទិដ្ឋភាព​បែបនេះ​ទើប​មតិ​សាធារណជន​មួយចំនួន និយាយ​តាមបែប​សង្ស័យថា ក្រុមហ៊ុន​នេះ​មក​វិនិយោគ​ដោយ​របៀប​ធ្វើ​នំ​ដែល​មិនចាំបាច់​ចំណាយ​ម្សៅ ខណៈពេល​ស្វែងរក​ដៃគូ​មិន បាន​ក៏​ដាក់​មេ​ផាយ បន្ទាប់ពី​បញ្ចេញ​សកម្មភាព​សើៗ​សម្រាប់​គ្រាន់តែ​ល្អ​ភ្នែក​មើល​នៅ​គ្រា​ដំបូង​នោះ ។ 

​    ​ជុំវិញ​មតិ​រិះគន់ និង ការវាយលុក​ចោទប្រកាន់​ខាងលើ ស៊ី​.​អ៊ី​.​អិន មិនអាច​ស្វែងរក​ការបំភ្លឺ​ណាមួយ ពី​ក្រុមហ៊ុន Western Coastal Development Co.ltd នូវ​មូលហេតុ​នៃ​ការផ្អាក​សកម្មភាព​នោះបានទេ ។  ប៉ុន្តែ​លោក ហាស់ សារ៉េត អភិបាលខេត្ត​កែប​បាន​មានប្រសាសន៍​កាលពី​ថ្ងៃ​សុក្រ​ចុង​សប្តាហ៍​ទី​ពីរ​នៃ​ខែមករា ឆ្នាំ​២០១១ ទាក់ទិន​នឹង​ការងារ​ទឹកស្អាត​នេះ​ថា នា​អំឡុងពេល​ប៉ុន្មាន​សប្តាហ៍​នេះ​អាជ្ញាធរ​កំពុង​ចាត់ការ​ដោយ​ហៅ​ភាគី​អ្នកកាន់កាប់​នោះ​ចូល​ដោះស្រាយ​ជាមួយ​ក្រសួង ត្បិត​រឿងនេះ​មន្ទីរ​ឧស្សាហកម្ម​បានធ្វើ​លិខិត​បញ្ជូនទៅ​ក្រុមហ៊ុន​ហើយ ដើម្បីឱ្យ​ក្រុមហ៊ុន​ធ្វើ​របាយការណ៍​តប​មក​វិញ​ថា តើ​អាច​ធ្វើបាន​ត្រឹម​កម្រិតណា ហើយ​មិនអាច​ធ្វើបាន​កម្រិតណា ។​
 
 លោក​ចុះឡើង​ភ្នំពេញ​ប៉ុន្មាន​លើកចុងក្រោយ​នេះ​សុទ្ធតែ​ពាក់ព័ន្ធ​នឹង​បញ្ហា​ទឹកស្អាត ព្រោះ​កែប​ខ្វល់ខ្វាយ​ណាស់​ពី​រឿងនេះ ដូច្នេះ​ដើម្បី​ទទួលបាន​នូវ​ភាព​ឈ្នះ​ទាំងអស់គ្នា​ត្រូវ​រក​ដំណោះស្រាយ​សិន ។ តាមមើលទៅ​ក្រុមហ៊ុន​នេះ​ប្រហែលជា​មិនមាន​លទ្ធភាព​ទេ ម្ល៉ោះហើយ​បើ​អ្នក​ចាស់​ធ្វើ​មិនបាន​ត្រូវ​រក​អ្នកមាន​លទ្ធភាព តែ​សំខាន់​អាច​ទទួលយកបាន​ទាំងអស់គ្នា​តាមរយៈ​ដំណោះស្រាយ​ឈ្នះ​ឈ្នះ ។ លោក​អភិបាល​បន្តទៀតថា ខេត្ត​មិនអាច​ទុកឱ្យ​រឿងនេះ​នៅ​រាំងស្ទះ​បានឡើយ ព្រោះ​កែប​នៅ​ខ្វះ​តែ​បញ្ហា​ទឹកស្អាត​មួយ​មុខ​ទៀត​ប៉ុណ្ណោះ ។ លោក​មិនទាន់​និយាយ​អ្វី​វែងឆ្ងាយ​ទេ លទ្ធផល​យ៉ាងណា​នឹង​ដឹង​នៅពេល​ក្រោយ ៕

ដោយ : ចក្រី

No comments:

Post a Comment