រាជធានីភ្នំពេញ ៖ តាមការអញ្ជើញរបស់លោកបណ្ឌិត រ.ម. ម៉ាទី ម. ណាតាឡេហ្គាវ៉ា (Dr. R.M. Marty M. Natalegawa) រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌូណេស៊ី លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានមិនចំហ ដែលប្រព្រឹត្តទៅនាថ្ងៃទី១៥ ដល់១៧ មករា ២០១១ នៅឡុបុក សាធារណរដ្ឋឥណ្ឌូណេស៊ី ។
កិច្ចប្រជុំខាងលើនេះ នឹងពិភាក្សាលើបញ្ហាមួយចំនួនរួមមាន ការផ្លាស់ប្តូរទស្សនវិស័យអំពី បញ្ហាអន្តរជាតិ និងក្នុងតំបន់ ការកសាងសហគមន៍អាស៊ាន កិច្ចប្រជុំកំពូលអាស៊ី-បូព៌ា និងការតភ្ជាប់សហគមន៍អាស៊ាន ។ ក្រៅពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានមិនចំហនេះ នឹងមានកិច្ចប្រជុំពិសេសមួយនៃក្រុមប្រឹក្សាសំរេចសំរួលអាស៊ាន ដើម្បីត្រួតពិនិត្យឡើងវិញនូវការអនុវត្តផែនការមេ ស្តីពីការតភ្ជាប់សហគមន៍អាស៊ាន ដែលត្រូវបានអនុម័តដោយអ្នកដឹកនាំអាស៊ាន កាលពីខែតុលា ឆ្នាំ២០១០ និងអនុម័តលក្ខខណ្ឌប្រតិបត្តិនៃគណៈកម្មការសំរបសំរួលការតភ្ជាប់អាស៊ាន ។
លើសពីនេះ លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង នឹងជួបពិភាក្សាទ្វេភាគីជាមួយលោកបណ្ឌិត រ.ម. ម៉ាទីម. ណាតាឡេហ្គាវ៉ា រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋឥណ្ឌូណេស៊ី និងលោកបណ្ឌិតស៊ូរិន ពិតសុវណ្ណ (Surin Pitsuwan) អគ្គលេខាធិការអាស៊ានផងដែរ ៕
ដោយ ៖ កោះឯករាជ្យ
No comments:
Post a Comment