(រូបថត អរុណ)
ក្រុងប៉ោយប៉ែត ៖ ពលករខ្មែរមួយក្រុមមានប្រុស មានស្រីស្ថិតក្នុងវ័យប្រហាក់ប្រហែលគ្នាមិនលើសពី៣០ឆ្នាំ ចំនួនជាង២០០នាក់ត្រូវសមត្ថកិច្ចសៀមចាប់បញ្ជូនមកឱ្យប៉ូលិសអន្តោប្រវេសន៍កម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅព្រឹកថ្ងៃទី១៥ មករា ភាគច្រើនគ្មានស្បែកជើងពាក់ទេ ឯខោពួកគេអះអាងថា ត្រូវសមត្ថកិច្ចសៀមកាត់ផ្តាច់ពាក់កណ្តាល បន្ទាប់ពីត្រូវគេចាប់ដាក់គុកនៅក្រុងបាងកក។ ពួកគេទៅប្រទេសសៀមធ្វើការសំណង់។ ក្រុមពលករទាំងនេះភាគច្រើនពាក់អាវពណ៌លឿងដោយពួកគេប្រាប់ថា ក្រុមហ៊ុនដែលយកពួកគេទៅធ្វើការសំណង់បើកឱ្យពាក់។
ពលករខ្មែរទាំងនេះបន្តថា ពួកគេត្រូវគេចាប់ដាក់គុករាងចាន់ បាងកក ស្ថិតក្នុងខេត្តសាមុទ្រប្រាកាន ប្រទេសសៀម ចំនួន៣៨ថ្ងៃ បើគិតទាំងថ្ងៃដែលគេបញ្ជូនមកកម្ពុជានេះផង។ តាមការឱ្យដឹងពីឈ្មោះអ៊ុក សុខអេង ភេទប្រុស អាយុ២៧ឆ្នាំ មកពីខេត្តកំពង់ចាមថា លោកបានទៅនៅដីថៃចំនួន៧ខែ ជាលក្ខណៈពលករខុសច្បាប់ចូលតាមច្រករបៀង។ បន្ទាប់ពីធ្វើការឱ្យគេបានចំនួន២ខែ ពុំទាន់បើកលុយផងត្រូវសមត្ថកិច្ចសៀមចាប់ខ្លួន។ ចំណែកឈ្មោះអៀ អឿត ភេទប្រុស អាយុ១៩ឆ្នាំ មកពីឃុំប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាប ប្រាប់ថា ក្រោយការចាប់របស់សមត្ថកិច្ចសៀម រូបគេ ក៏ដូចជាកម្មកររួមអាជីពត្រូវសមត្ថកិច្ចសៀមចាប់កោរសក់ លើកលែងតែស្រីៗ។ ចំណែកឯខោជើងវែងត្រូវគេកាត់ពាក់កណ្តាលគ្រប់គ្នា។
ក្រុមពលករទាំងនេះនិយាយថា ពួកគេបានចូលទៅដីសៀមតាមច្រករបៀងដោយខុសច្បាប់ ឯអ្នកខ្លះអះអាងថា ធ្វើប័ណ្ណឆ្លងព្រំដែនសំរាប់មួយសប្តាហ៍ ក៏ធ្វើដំណើរបង្ហួស ឯស្រីៗនិយាយថា បានចំណាយប្រាក់ម្នាក់ៗ២.៥០០បាតតាមរយៈមេខ្យល់។ ពលករទាំងនេះមួយចំនួនធំបាននិយាយថា ការចាប់ខ្លួនពួកគេគឺទំនងជាថៅកែប្តឹងឱ្យចាប់ដើម្បីបានសល់លុយតំលៃការងាររបស់ពួកគេ ព្រោះថាការងារជិតរួច ហើយក៏ជិតដល់ថ្ងៃបើកលុយផងដែរ។
ពួកគេប្រាប់ថា គ្រប់គ្នាសុទ្ធតែពុំបានបើកលុយ ការងារពីថៅកែសៀមឡើយ។ ពួកគេទាំង២០៤នាក់ បានជាប់គុកជុំគ្នា។
ពួកគេប្រាប់ថា គ្រប់គ្នាសុទ្ធតែពុំបានបើកលុយ ការងារពីថៅកែសៀមឡើយ។ ពួកគេទាំង២០៤នាក់ បានជាប់គុកជុំគ្នា។
គេកត់សំគាល់ថា ការចាប់បញ្ជូនពលករខ្មែរដែលចូលទៅធ្វើការនៅទឹកដីសៀមដោយខុសច្បាប់ ត្រូវសមត្ថកិច្ចសៀមនាំមកប្រគល់ឱ្យសមត្ថកិច្ចកម្ពុជា ស្ទើរគ្មានថ្ងៃណាមួយអាក់ខានទេ គឺបញ្ជូនមកជារៀងរាល់ថ្ងៃ បើទោះជាសភាពការណ៍ព្រំដែនមួយរយៈនេះមានសភាពតានតឹងក៏ដោយ។ ករណីនេះត្រូវបានមតិនានាយល់ថា កើតឡើងដោយសារការធូររលុងរបស់សមត្ថកិច្ចមួយចំនួនតាមបន្ទាត់ព្រំដែន ព្រោះតែផលប្រយោជន៍។ ពាក់ព័ន្ធទៅនឹងពលករខុសច្បាប់ដែលសមត្ថកិច្ចសៀមចាប់បញ្ជូនមកឱ្យសមត្ថកិច្ចកម្ពុជា លោករម្មនា ប្រធានសេនាធិការប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតប្រាប់កោះសន្តិភាពថា សំរាប់ថ្ងៃទី១៥ មករា មានពលករចំនួនជាង២០០នាក់ត្រូវសមត្ថកិច្ចសៀមចាប់បញ្ជូនមកឱ្យសមត្ថកិច្ចអន្តោប្រវេសន៍កម្ពុជា។ ខណៈសភាពការណ៍ព្រំដែនមានភាពតានតឹង បញ្ហាពលករខ្មែរដែលសមត្ថកិច្ចសៀមចាប់បញ្ជូនមកមានចំនួនថយចុះ ប៉ុន្តែការដឹកបញ្ជូនមកមានជារៀងរាល់ថ្ងៃ គ្រាន់តែតិច ឬច្រើនប៉ុណ្ណោះ។
កន្លងមករាល់ការបញ្ជូនពលករខ្មែររបស់សមត្ថកិច្ចសៀមមកឱ្យសមត្ថកិច្ចកម្ពុជា គឺមានចំរុះទាំងចាស់ ទាំងក្មេង និងមានអីវ៉ាន់ជាប់មកផង តែដោយឡែកពលករដែលចាប់បញ្ជូននៅថ្ងៃទី១៥ មករា ពួកគេមានតែខ្លួន ហើយគ្មានមនុស្សចាស់ ឬកូនក្មេងដូចមុនទេ។ ចំពោះពលករប្រុសៗទើបតែដុះសក់ឡើងវិញ ក្រោយពីត្រូវគេចាប់កោរនៅក្នុងគុក ឯខោត្រូវគេកាត់ជើងគ្រប់ៗគ្នា។ មួយចំនួនតូចដែលមានខោវែងស្លៀកបានប្រាប់ថា ដោយសារបងប្អូនលួចយកឱ្យដល់គុកតាមរយៈជនជាតិសៀមមុនពេលគេដឹកមកស្រុកវិញ។ ការឆ្លងទៅទឹកដីសៀមដោយខុសច្បាប់ពេលកើតមានបញ្ហា គឺគ្មាននរណាដោះស្រាយ ឬរកយុត្តិធម៌ជូនទេ ដូច្នេះគួរតែប្រជាពលរដ្ឋភ្ញាក់រលឹក ឈប់ធ្វើចំណាកស្រុកខុសច្បាប់បែបនេះទៀត៕
ដោយ ៖ កោះឯករាជ្យ
No comments:
Post a Comment