Monday, January 17, 2011

រដ្ឋបាល​ព្រៃឈើ​អះអាងថា មាន​សំណុំរឿង​ព្រៃឈើ​ជិត​១​ពាន់​ករណី​កំពុង​នៅក្នុង​ដៃ​តុលាការ​

ភ្នំពេញ: រដ្ឋបាល​ព្រៃឈើ​បាន​អះអាង​ថា​ជាមួយនឹង​ការ​រឹបអូស​ឈើ​ល្មើស​រាប់ពាន់​ម៉ែត្រគូប​និង​ការចាប់​បាន​ជនល្មើស​ជិត​១០០​នាក់​បញ្ជូន​ទៅ​តុលា​ការ​នោះ​ពេលនេះ​ក៏មានសំណុំ រឿង​បទល្មើស​ព្រៃឈើ​ជិត​មួយ​ពាន់​ករណី​កំពុង​នៅ​ក្នុង​ដៃ​តុលាការ​ដែរ ​។​

​    ​យោងតាម​របាយការណ៍​បូក​សរុប​ប្រចាំឆ្នាំ​២០១០​របស់​រដ្ឋបាល​ព្រៃឈើ​បានឲ្យដឹង​ថា ​ដោយ​មាន​ការចូលរួម​ពី​ស្ថាប័ន និង​អង្គភាព​ពាក់​ពន្ធ័​អាជ្ញាធរ​មូលដ្ឋានកងកំលាំង ប្រដាប់អាវុធ សហគមន៍មូលដ្ឋាន និង​អង្គការក្រៅរដ្ឋាភិបាល រដ្ឋបាល​ព្រៃឈើ​បាន​ចាប់​ឃាត់​និង​រឹបអូស​ឈើ​គ្រប់​ប្រភេទ​បាន​សរុប​ប្រមាណ ១០​ពាន់ ម៉ែត្រ​ត្រីគុណ និង បាន​ចាប់ខ្លួន​ជនល្មើស​បញ្ជូន​ទៅ​តុលាការ​ចំនួន ៨២​នាក់ ហើយ​បាន​ចងក្រង​សំណុំរឿង​បញ្ជូនទៅ​តុលាការចំនួន ១ ៣៧៧ ករណី ។

​    ​របាយការណ៍​ដដែល​និយាយទៀតថា  ជាមួយគ្នានេះ សំណុំរឿង​ដែល​បាន​បញ្ជូន​មក ត្រូវបាន​ចាត់ថ្នាក់​ទៅ​តាម​ប្រភេទ​បទល្មើស​ចំនួន ១៥០៧ ករណី ក្នុងនោះ​បញ្ចប់​សំណុំរឿង​ចំនួន ៥៤២​ករណី កំពុង​ចងក្រង​សំណុំរឿង ៣០​ករណី និង​ស្ថិត​ក្នុង​សមត្ថកិច្ចតុលាការចំនួន ៩៣៥ ករណី ។ ចំនួន​បទល្មើស​ក្នុង​ឆ្នាំ ២០១០​នេះ​មាន​ការកើនឡើង​លើស​ឆ្នាំកន្លងមក​ ។ ​ប៉ុន្ដែ​តួលេខ​នេះ​មិន​មានន័យថា​ មាន​បទល្មើស​កើតឡើង​ច្រើន​លើស​ឆ្នាំ​កន្លងមក​នោះ​ទេ ​តែ​ជា​សញ្ញា​មួយ​បង្ហាញ​ពី​ការខិតខំយក ចិត្ដទុកដាក់​អនុ​វត្ដ​ការងារកាន់តែ​សកម្ម​ឡើង​របស់​ថ្នាក់ដឹកនាំ​និង​មន្ដ្រី​រដ្ឋបាល​ព្រៃឈើ​គ្រប់​ជាន់ថ្នាក់​ ។​

​    ​កាលពី​សប្តាហ៍​មុន​នេះ​លោក​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ច័ន្ទ ​សារុន ​បាន​ប្រាប់​ទៅ​មន្ត្រី រដ្ឋបាល​ព្រៃឈើ​ឲ្យធ្វើ​ការតាមដាន​និង​ជំរុញ​ឲ្យ​បាន​លឿន​ផងដែរ​នូវ​​រាល់​សំណុំរឿង​បទល្មើស​ព្រៃឈើ​ដែល​បាន​បញ្ជូន​ទៅ​តុលាការ​រួច​ទៅ​ហើយ ។ ​លោក​បាន​កត់សំគាល់ថា​ សំណុំរឿង​ព្រៃឈើ​នៅ​តុលាការ​ហាក់ដូចជា​យឺតយ៉ាវ​ក្នុង​ការ​ជំនុំ​ជំ​រះ ​។

​    ​រដ្ឋបាល​ព្រៃឈើ​ក៏​បានឲ្យ​ដឹង​ផងដែរ​ថា បទល្មើស​កើតមាន​ឡើង​នៅក្នុង​ដែន​ដី​សម្បទាន​សេដ្ឋកិច្ច​រដ្ឋបាល​ព្រៃឈើ​ក៏​បាន​រឹបអូស​នូវ​វត្ថុតាង​បទល្មើស ព្រៃឈើ​ សត្វព្រៃ​ និង​ដី​ព្រៃឈើ និង​ដកហូត  ដែល​ក្នុងនោះ​រួមមាន ៖ ឈើ​ហ៊ុប​មូល​-​ជ្រុង​-​អារ ចម្រុះ​ប្រភេទ ៩.២៨៦,៩២២​ម៉ែត្រ​ត្រីគុណ សសរ ២.៤៧៧​ដើម កូនឈើ ៣.៣៨១​ដើម អុស ២១៦​ស្ទែ​រ ធ្យូង ៦,៧​តោន ផ្ដៅ ១៦២០​គ​.​ក្រ ម្រះព្រៅ ៤៣៦៣ គ​.​ក្រ ផ្លែ​សំ​រ៉ង ២១.៥៧១​គ​.​ក្រ សាច់សត្វ​ចំរុះ ៣.៣២០​ក្បាល និង ៦.៦៧៣​គ​.​ក្រ សំណាក​សត្វព្រៃ ២២​មុខ និង​១៦០ គ​.​ក្រ រថយន្ដ ៦៧១​គ្រឿង ខុន​ថែ​ន​នឺ ០៥​ទូ  គោយន្ដ ៦២ គ្រឿង ត្រាក់ទ័រ ១០ គ្រឿង អេស្កាវ៉ាទ័រ ០៣​គ្រឿង ប៊ុល​ឌឺ​សែរ ០៣​គ្រឿង រទេះគោ ១១ គ្រឿង រទេះ​កង់​ឡាន ៣៥ គ្រឿង រទេះ​សណ្ដោង ១៥ គ្រឿង  រណារយន្ដ ១៥ គ្រឿង  ទូក ៥៧ គ្រឿង ឡូរី ០៧ គ្រឿង  ម៉ូតូ ១០១ គ្រឿង  តុ​ឈូសឈើ ២២ គ្រឿង កំទេច​ឡធ្យូង ៣៣​ឡ ។
 
​    ​រដ្ឋបាល​ព្រៃឈើ​ក៏​បាន​ស្រង់​ស្ថិតិ​ដី​ព្រៃឈើ​ដែល​ត្រូវបាន​រំលោភបំពាន ចំនួន ៧.៩៧៧ ហិកតា  ធ្វើការ​ដកហូត​ដោយ ពុំ​បាន​ចេញ​ដីកា ចំនួន ១២.៦២៣ ហិកតា  ចេញ​ដីកា​បដិសេធ​ដកហូត​ដី​ព្រៃឈើ​មកវិញ មាន​ចំនួន ១​ដីកា ស្មើនឹង ៩.៣១៧ ហិកតា   ស្រង់​ស្ថិតិ​រណារយន្ដ បាន​ចំនួន ៤៥ គ្រឿង និង ដកហូត​បាន ចំនួន ៣៩៤ គ្រឿង ៕ 

ដោយ : សិរី

No comments:

Post a Comment