Tuesday, January 25, 2011

មន្ត្រី​សិទ្ធិមនុស្ស​អាដហុក​ចាញ់​ក្តី​ក្រុមហ៊ុន KCC

ភ្នំពេញ​: ​តុលាការ​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង​បាន​ប្រកា​សាលក្រម​នៅ​ព្រឹក​ថ្ងៃទី​២៥​មករា​នេះ​ឱ្យ​មន្ត្រី សិទ្ធិ​មនុស្ស​លោក សម ចាន់​គារ មន្ត្រី​ស៊ើបអង្កេត​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ចាញ់ក្តី​ក្នុង​រឿង​បរិហារកេរ្តិ៍​ក្រុមហ៊ុន KCC របស់​លោកស្រី​ជា ខេង ភរិយា​លោក​ស៊ុយ សែម​។​

​លោក​សាន សុផាត​ចៅក្រម​សាលាដំបូង​កំពង់ឆ្នាំង​បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លោក​សម ចាន់​គារ​ដោយ​ត្រូវ​ពិន័យ​ជា​ប្រាក់​១​លាន​រៀល និង​សងជំងឺចិត្ត​ក្រុមហ៊ុន​៣​លាន​រៀល​ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​។​

​រឿងក្តី​នេះ​ត្រូវបាន​តុលាការ​លើក​មក​ជំនុំជម្រះ​កាលពី​ថ្ងៃ​ទី​១៨​មករា​បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​ពី​លោក ថៃ គី តំណាង​ក្រុមហ៊ុន KCC ចោទប្រកាន់​មន្ត្រី​សិទ្ធិមនុស្ស​ខាងលើ​ពី​បទ​បរិហារកេរ្តិ៍​នៅពេល​ដែល​មន្ត្រី​រូប​នោះ​និយាយប្រាប់​កាសែត​ថា​ក្រុមហ៊ុន​បាន​រំលោភ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​។​

​អ្នក​ភូមិ​ម្នាក់​ទៀត​ឈ្មោះ​រាជ សីមា​ក៏​ត្រូវបាន​តុលា​ការផ្តន្ទាទោស​ក្នុង​សំណុំរឿង​នេះ​ដែរ​កាលពី​ថ្ងៃ​ទី​១៧​មករា​ដោយ​តម្រូវឱ្យ​បង់​ប្រាក់​ពិន័យ​៨​លាន​រៀល​និង​ប្រាក់​ជំងឺ​ចិត្ត​២​លាន​រៀល​។​លោក​ចាន់​ស​វ៉េ​ត មន្ត្រី​អង្គការ​អាដហុក​បាន​អះអាង​នៅថ្ងៃនេះ​ថា​អ្នក​ទាំង​ពីរ​នឹង​ប្តឹង​ឧទ្ធរណ៍​ជំទាស់​ទៅ​នឹង​ការកាត់ក្តី​នេះ​៕

ដោយ : រតនា

No comments:

Post a Comment