Tuesday, January 25, 2011

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ជំរុញ​ឲ្យ​ពលរដ្ឋ​ចិញ្ចឹម​ពូជ​គោ​ប្រា​ម៉ាន់​

កណ្តាល: នៅក្នុង​ពិធី​តាំងពិព័រណ៍​ពូជ​គោ​ប្រា​ម៉ាន់​លើក​ទី​២ និង ការតាំងពិព័រណ៍​ផលិតផល​កសិកម្ម ពាណិជ្ជកម្ម​នៅ​ភូមិ​-​ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម កាលពី​ចុង​សប្តាហ៍​មុន លោក​បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ និង សមាគម​បង្កាត់​ពូជ​គោ​បាន​ជំរុញឱ្យមាន​ការ​បង្កាត់​ពូជ​គោ​ប្រ៉ា​ម៉ាន់​នៅ​កម្ពុជា​ចាប់ពីពេលនេះ​តទៅ​ដើម្បី​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​ស្រុក​មួយ​ដែល​មានពូជ​គោ​ធំៗ ។ 
​លោក ជួង សុផល ប្រធាន​ប្រតិបត្តិ​សមាគម​បង្កាត់​ពូជ​គោ​ប្រា​ម៉ាន់​កម្ពុជា បានឱ្យដឹងថា​គោ​ចំនួន ១១៣​ក្បាល ពូជ​មកពី​បរទេស និង ក្នុងស្រុក​បាន​ត្រូវដាក់​តាង​បង្ហាញ​ឱ្យ​ប្រជាកសិករ​ខ្មែរ​បានឃើញ​និង​ធ្វើការ​ដេញថ្លៃ​គោ​កាលពី​ថ្ងៃ​២២-២៣ មករា ឆ្នាំ​២០១១ ។​
​ពូជ​គោ​ប្រា​ម៉ាន់​មិន​រើស​ចំណី ធន​ជំងឺ ធន​នឹង​អាកាសធាតុ​ក្តៅ កម្លាំង​ខ្លាំង មាឌធំ និង សាច់​ល្អ ដែល​អាច​ចិញ្ចឹម​យក​សាច់ បង្កាត់​ពូជ និង សម្រាប់​ជា​កម្លាំង​អូសទាញ​ក៏បាន ។ បើ​ញី​សម្បូរ​ទឹកដោះ​និង​កើតកូន​ថ្លោស (៣៥​គីឡូ​) ។ ប្រា​ម៉ាន់​ញី​មាន​ទម្ងន់ ៥០០ ទៅ ៦០០ គីឡូ បើ​ឈ្មោល ៨០០ ទៅ ៩០០ គីឡូក្រាម​ដែល​គោ​ធម្មតា​មាន​ទម្ងន់​តែ ២០០ ទៅ ២៥០ គីឡូក្រាម​ប៉ុណ្ណោះ ។ កម្ពុជា​ចាំបាច់​ត្រូវ​នាំ​ពូជ​គោ​ប្រា​ម៉ាន់​មក​កម្ពុជា ព្រោះ​ការប្រើ​ពូជ​ថ្មី​នឹង​ជួយ​ដល់​វិស័យ​ផលិតកម្ម​សត្វ ហើយ​ការតាំងពិព័រណ៍​ពូជ​គោ​ប្រា​ម៉ាន់​នេះ​នឹង​លើកទឹកចិត្ត​ដល់​ការចិញ្ចឹម​សត្វ​គោ​នៅ​កម្ពុជា ។​

​លោក ស្រី ច​ន្ឋូ បានឱ្យដឹងថា​ថ្មីៗ​នេះ​ក្រុមហ៊ុន 7NG បាន​ចាប់​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន​មកពី​ស៊ុយ​អ៊ែត​ក្នុងការ​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​និង​សាងសង់​រោងចក្រ​ផលិត​ទឹកដោះគោ​នៅក្បែរ​ជើងភ្នំ​គីរីរម្យ​ខេត្តកំពង់ស្ពឺ ដែល​វា​នឹង​ជួយ​ឱ្យ​ប្រជាជនមាន​ការងារ​ធ្វើ​បង្កើន​ប្រាក់ចំណូល​។ លោក ស្រី បន្តថា ប្រធាន​សមាគម​បង្កាត់​ពូជ​គោ​ប្រា​ម៉ាន់​កម្ពុជា​និង​កសិដ្ឋាន​គំរូ អេ​ច ភី បានបញ្ជាក់​ពី​គោលបំណង​នៃ​ការតាំងពិព័រណ៍​ពូជ​គោ​ប្រា​ម៉ាន់​លើក​ទី​២ និង ការតាំងពិព័រណ៍​ផលិតផល​កសិកម្ម ពាណិជ្ជកម្ម ថា គឺ​ជំរុញ​ការចិញ្ចឹម​គោ​នៅ​កម្ពុជា​ឱ្យ​ទ​ទូល​បាន​សាច់ ទឹកដោះគោ សម​ស្របតាម​ស្តង់ដារ ។ ជាពិសេស​ដើម្បី​ជំរុញ​ទឹកចិត្ត​ប្រជាកសិករ​ងាក​ទៅរក​វិស័យ​ចិញ្ចឹមសត្វ​វិស័យ​កសិកម្ម​ដើម្បី​បង្កើន​ប្រាក់ចំណូល​ព្រមទាំង​ចែករំលែក​បទពិសោធន៍​រវាង​សមាគម​និង​កសិដ្ឋាន​នានា និង កាត់បន្ថយ​ភាពក្រីក្រ​។ 

​មានតែ​មួយគត់​កសិដ្ឋាន​គំរូ​អេ​ច​ភី​ក្នុងការ​ប្រមូល​ពូជ​គោ​ផ្សេងៗ​មក​អភិរក្ស​ដូចជា ប្រា​ម៉ាន់ អ៊េ​ង​ហ្គឺ​ស​....​ជាដើម ។ ពូជ​គោ​ទាំងអស់នេះ​សាច់​របស់​វា​មានតម្លៃ​ខ្ពស់​លើ​ទីផ្សារ​ជាពិសេស​ពេញនិយម​នៅតាម​បណ្តា​ហាង​និង​សណ្ឋាគារ​ទំនើបៗ ឱ្យតែ​យើង​មានពូជ​គោ​សុទ្ធ​ការចិញ្ចឹម​ការថែរក្សា​ផ្តល់​ចំណី​សម​ស្របតាម​បច្ចេកទេស​ស្តង់ដារ​អន្តរជាតិ​យើង​នឹង​ទទួលផល​ប្រយោជន៍​ជាច្រើន​។​

​លោក​បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​មានប្រសាសន៍ថា សព្វថ្ងៃ​កម្ពុ​ជាមាន​គោក្របី​ជាង ៤ លាន​ក្បាល ក្នុងនោះ​មាន​គោ ៣ លាន ៤​សែន និង​ង​ក្របី​ជាង ៧០ ម៉ឺន​ក្បាល ។ ភាគច្រើន​គោក្របី​ដែល​យើង​មាន​នេះ​មិនមែនជា​ពូជ​ល្អ​ទេ គឺ​ពូជ​ក្នុងស្រុក​ដែល​ចេះតែ​តូច​ទៅៗ​ដូច្នេះ​យើង​ចាំបាច់​ត្រូវការ​ពូជ​គោ​ល្អៗ​ដូចជា ប្រា​ម៉ាន់​ដើម្បី​យកមក​បង្កាត់​ពូជ ។ តាមរយៈ​ពិព័រណ៍​ពូជ​គោ​ប្រា​ម៉ាន់​ជា​គំរូ​សង្ឃឹមថា ទៅ​អនាគត​នឹងមាន​កសិដ្ឋាន​ច្រើន​ទៀត​និង​ធ្វើឱ្យ​ការចិញ្ចឹម​សត្វ​កាន់តែ​រីកលូតលាស់​ផងដែរ ។ ទាក់ទង​នឹង​ពូជ​គោ​នោះ លោក​បណ្ឌិត ច័ន្ទ សារុន បាន​មានប្រសាសន៍ថា​កម្ពុជា​បាន​នាំ​ពូជ​គោ អា​រី​យ៉ាណា​កម​ពី​ឥណ្ឌា​នៅ​ឆ្នាំ​១៩៥៦ ។ នៅ​ទស្សវត្ស​១៩៦០​និង​៧០​រដ្ឋាភិបាល​បាន​បង្កើត​ស្ថានីយ៍​ចិញ្ចឹម​គោ​យក​ទឺ​ក​ដោះ​នៅ​ស្ថានីយ៍​ព្រះវិហារ​ខេត្តកំពង់ចាម ។ តែ​នៅ​ទស្សវត្ស​៧០​និង​របប​ប៉ុលពត​ការចិញ្ចឹម​សត្វ​បាត់អស់​ទាំងស្រុង ។ ក្រោយ​ថ្ងៃ ៧​មករា​កម្ពុជា​បាន​នាំ​ពូជ​គោ​ប្រា​ម៉ាន់ ១៨៣ ក្បាល​នៅ​ឆ្នាំ​១៩៨៥ ។ បង្កើត​កសិដ្ឋាន​ចិញ្ចឹម​គោ​នៅ​ភ្នំ​តា​ម៉ៅ ។ នៅ​ឆ្នាំ​២០០៨ បាន​នាំ​ពូជ​គោ​កំផែង​សែន ២២ ក្បាល​ពី​ថៃ ។ ដូច្នេះ​នៅ​កម្ពុជា​មានពូជ​គោ ៤​ប្រភេទ​គឺ គោ​ស្រុក គោ​អា​រី​យ៉ាណា ប្រា​ម៉ាន់​និង​កំផែង​សែន ៕

ដោយ : ចក្ខុ

No comments:

Post a Comment