Tuesday, January 25, 2011

សវនាការ ៥ លើក​អំពី​ករណី​ប៉ុនប៉ង​សម្លាប់​ភរិយា​លោក ស៊ុន ចាន់ថុល មិនទាន់​ចប់​

ភ្នំពេញ: ​ទោះបីជា​បើកសវនាការ​៥​លើក​ហើយ​ក៏ដោយ ក៏​រឿងក្តី​ក្នុង​គ្រួសារ​ត្រកូល​ខូវ​នៅ​មិនទាន់​ចប់​ដែរ ។ នៅ​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១១ លោកស្រី​ប៉ែន ជីវ​ណ្ណ អតីត​ភរិយា​របស់លោក ខូវ ជឺ​លី បានមក​ចូល​ឆ្លើយបំភ្លឺ​នាពេល​សវនាការ​រឿងក្តី​ភរិយា​ក្រោយ​របស់លោក​ឧកញ៉ា ខូវ ជឺ​លី និង​មនុស្ស​ចំនួន ៤ នាក់​ទៀត ដែលមាន​ការជាប់​ពាក់ព័ន្ធ​នឹង​ការរៀប​គម្រោង​សម្លាប់​ប្រពន្ធ​កូន របស់លោក ស៊ុន ចាន់ថុល អតីតរដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង ដឹកជញ្ជូន ព្រមទាំង​ជា​កូនស្រី និង​ចៅស្រី​របស់លោក​ឧកញ៉ា ខូវ ជឺ​លី​។​

​    ​ជនជាប់ចោទ​ទាំង ៥ នាក់ នោះ​មានឈ្មោះ ចាន់ សុខា ភេទ​ស្រី អាយុ ៣៧ ឆ្នាំ មុខរបរ​អ្នកបម្រើ​ផ្ទាល់ខ្លួន​នៅផ្ទះ​លោក​ខូវ ជឺ​លី ឈ្មោះ​នាង ស៊ី​ណាត ភេទ​ស្រី អាយុ​២៥​ឆ្នាំ អ្នកបម្រើ​នៅផ្ទះ​ស៊ុន ចាន់ថុល​, ឈ្មោះ ខន ឡាក់ ហៅ​សុខ ឡាក់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​សន្តិសុខ​ក្រុមហ៊ុន​ខូវ ជឺ​លី​, ឈ្មោះ​យាន សុធា​រិ​ទ្ធ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​សន្តិសុខ​ក្រុមហ៊ុន​ខូវ​ជឺ​លី បាន​ត្រូវ​សមត្ថកិច្ច​ប៉ូលិស​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ កាលពី​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១០ និង​ខែកក្កដា ឆ្នាំ​២០១០ ។ 

​    ​ដោយឡែក​ឈ្មោះ សេង ច​ន្ទ័​ដា ហៅ ខូវ ច​ន្ទ័​ដា ភរិយា​លោក ខូវ ជឺ​លី បាន​ត្រូវ​សមត្ថកិច្ច​ប៉ូលិស​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១០ តែ​នៅ​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១០ ចៅក្រម​ស៊ើបសួរ​បានសម្រេច​មិន​ឃុំខ្លួន​រួច​ដោះលែង ឲ្យ​មាន​សេរីភាព​វិញ​ដោយ​ដាក់​ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ។ ប៉ុន្តែ​មកដល់​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១០ ប៉ូលិស​បាន​ឃាត់​លោកស្រី តាម​ដីកា​រួច​បញ្ជូនមក​តុលាការ​ចាត់ការ​តាមច្បាប់​ក្នុង​រឿង​ដដែល​ខាងលើនេះ ។​

​    ​នាពេលនេះ​លោកស្រី ប៉ែន ជីវ​ណ្ណ អាយុ​៧៨​ឆ្នាំ អតីត​ភរិយា​ទី​២ របស់លោក​ឧកញ៉ា​ខូវ ជឺ​លី ដែល​ស្ថិតនៅក្នុង​បន្ទប់​សវនាការ ទាំង​អង្គុយ​លើ​រទេះរុញ​បាន​ឆ្លើយបំភ្លឺ​ប្រាប់​តុលាការ​ថា ខ្ញុំ​ជា​មនុស្ស​កាន់សីល​ដូច្នេះ​ខ្ញុំ​និយាយ​អ្វី​ការពិត ហើយ​កន្លងមក​កូនៗ​ទាំងអស់​តែង​និយាយប្រាប់​ខ្ញុំ​ថា ពួកគេ​មានការ​មិន​ពេញចិត្ត​ចំពោះ​លោកស្រី សេង ច​ន្ទ័​ដា ដែលជា​ភរិយា​ទី​៤ របស់​លោកប៉ា ព្រោះ​ពួកយើង​តែងមាន​បញ្ហា​ជាមួយ​គាត់​រហូត ។ ចំណែក​កូន​ឈ្មោះ ស៊ុន សុថា គឺ​មិន​ពេញចិត្ត​នឹង​សេង ច​ន្ទ័​ដា ទេ​ដោយសារតែ​កូន​ស្អប់​មនុស្ស​ដែល​យកប្តី​គេ ដូច្នេះ​ទើប​កូន​ម្នាក់នេះ​មិន​ទទួលស្គាល់ សេង ច​ន្ទ័​ដា ជា​ម្តាយ​ទេ ។ ដោយសារតែ​បញ្ហា​នេះហើយ​ទើប​ឈ្មោះ សេង ច​ន្ទ័​ដា មានការ​មិន​ពេញ​ចិត្តនឹង​កូន​ឈ្មោះ ស៊ុន សុថា​ទេ រហូត​ហៅ​បក្ខពួក​មក​ប៉ុនប៉ង​សម្លាប់ និង​រំលោភ​លើ​កូន​ម្នាក់នេះ ។​

​    ​លោកស្រី ខូវ ជឺ​ឡា​សា​ឌី កូនស្រី​ច្បង​របស់លោក​ឧកញ៉ា ខូវ ជឺ​លី បាន​ឆ្លើយ​បំភ្លឺថា សេង ច​ន្ទ័​ដា ជា​អ្នក​រៀប​គម្រោង​ការចង់​ធ្វើបាប​ពួក​ខ្ញុំ ទើប​នៅ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១០ ខ្ញុំ និង​បងប្អូន​៤​នាក់​ទៀត​បាន​សម្រេចចិត្ត សរសេរ​លិខិត​ទៅ​ប៉ូលិស ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍ ។ កន្លងមក​ឈ្មោះ ចាន់ សុខា ដែល​នៅ​ជិត​ជាមួយ​ប៉ា គឺ​តែង​រាយការណ៍​អ្វីដែល​ជាប់​ពាក់ព័ន្ធ​នឹង​ប៉ា ហើយ​នៅ​ថ្ងៃមួយ ចាន់ សុខា បាន​ប្រាប់ថា មីង​ឈ្មោះ សេង ច​ន្ទ័​ដា បាន​ឲ្យ​ប៉ា​យួរ​កាបូប​ទាំងសងខាង​កាន់​ឡើង​កាំជណ្តើរ ថែមទាំង​ពេល​លោកប៉ា​ឈឺ គឺ​មីង​មិនបាន​មើលថែ​ទេ ។ នៅពេលដែល​ខ្ញុំ​លឺ​ពាក្យ​នេះហើយ ខ្ញុំ​មានការ​ខូចចិត្ត​យ៉ាងខ្លាំង ។​

​    ​ខូវ ជឺ​ឡា​សា​ឌី បាន​បន្តទៀតថា បន្ទាប់ពី ចាន់ សុខា ជាប់​ក្នុង​ពន្ធនាគារ​នាង​ប្រាប់​តាម​ប្អូន​ថា ចង់​ជួប​ខ្ញុំ ទើប​នៅ​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១០ ខ្ញុំ​បាន​ចូលជួប​នាង​នៅ​ពន្ធនាគារ ។ នៅពេលនោះ​នាង​បាន​សារភាព​ពីអ្វី​ដែល​នាង​បាន ធ្វើ​មកលើ​ប្អូនស្រី​ឈ្មោះ ស៊ុន សុថា ហើយ​ខ្ញុំ​បាន​កត់ត្រា​ជាលា​យល​ក្ខ័​អក្សរ ព្រមទាំង​បាន​ថត​សម្លេង​ថែមទៀត ។ ចំណែក​ប្រាក់ ១០០ ដុល្លារ និង​ផ្លែឈើ​គឺ​ខ្ញុំ​បាន​ឲ្យ​នាង​ព្រោះតែ​ការ​អាណិត​តែប៉ុណ្ណោះ មិនមែនជា​ការទិញ​ទឹកចិត្ត​ទេ ហើយ​ខ្ញុំ​ក៏បាន​ឲ្យ​ប្រាក់​ទៅ​ឈ្មោះ នាង ស៊ី​ណាត ចំនួន ១០០ ដុល្លារ​អាមេរិក​ដូចគ្នា​នឹង​ការ​អាណិត​នាង​ដែរ ។​

​    ​គួរ​បញ្ជាក់ថា លោក​មេធាវី ប៉ាល់ ច​ន្ទ័​តារា បាន​ចាក់​វី​ឌី​អូ​ក្នុង​បន្ទប់​សវនាការ ស្តីពី​សកម្មភាព​ដែល​ប៉ូលិស​បាន​សាកសួរ​ចម្លើយ​លើ​ជនជាប់ចោទ​ឈ្មោះ ចាន់ សុខា ដោយ​ពុំមាន​ធ្វើ​ទា​រុ​ណ្ឌ​កម្ម និង​ការគំរាមកំហែង ហើយ​ឈ្មោះ នេះ​បាន​និយាយ​សារភាព​ពី​គម្រោងការ​ប៉ុនប៉ង​ធ្វើឃាត​លើ​ឈ្មោះ ស៊ុន សុថា ។  

​    ​តំណាង​អយ្យការ​បានធ្វើ​សេចក្តីសន្និដ្ឋាន​ស្នើសុំ​ឲ្យ​តុលាការ​ផ្តន្ទា ទោស​ជនជាប់ចោទ​ទាំង ៥ នាក់​តាមច្បាប់ ដែល​បានកំណត់ ។ ដោយឡែក​មេធាវី​តំណាង​ឲ្យ​ដើមបណ្តឹង​ក៏បាន​ធ្វើ​សេចក្តីសន្និដ្ឋាន​ស្រដៀង​គ្នា​នេះដែរ ប៉ុន្តែ​ដោយសារ​ពេលវេលា​ខ្លី​មេធាវី​ការពារ​ជនជាប់ចោទ​មាន​ដល់​ទៅ ៦ នាក់ រួច​បានធ្វើ​សេចក្តីសន្និដ្ឋាន​តែ ២ នាក់​នោះ ដូច្នេះ​តុលាការ​បានសម្រេច​ផ្អាក​សវនាការ​លើក​ទី​៥ នេះ​សិន រួច​បន្តទៅ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១១ ខាងមុខនេះ ពោលគឺ​ជាស​វនា​ការលើក​ទី​៦ ៕

ដោយ : រតនា

No comments:

Post a Comment