Friday, January 14, 2011

តំណាងរាស្ត្រ សុំ​នាយក​រដ្ឋមន្ត្រី អន្តរាគមន៍​រឿង​ស្រូវ​ចុះថោក​

ភ្នំពេញ: អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី លោក សុន ឆ័យ និង​លោក គីម​សួរ ភី​រិទ្ធ បាន​សរសេរ​លិខិត​មួយច្បាប់​ជម្រាបជូន​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ស្នើ​ចាត់​វិធានការ​ជួយ​ដល់​កសិករ​លើ​បញ្ហា​ស្រូវ​ចុះ​ថោក​។​

​    ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​១៣​មករា ឆ្នាំ​២០១១ ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី បាន​លើកឡើង​ថា ប្រជាកសិករ​ខ្មែរ កំពុង​ប្រឈម​នឹង​តម្លៃ​ស្រូវ​ចុះថោក​រហូតដល់​តិចជាង ៦០០ រៀល ក្នុង​មួយ​គីឡូក្រាម ហើយ​នៅ​កន្លែង​ខ្លះ គ្មាន​អ្នក​ទិញ​ផង បើ​ទោះបីជា​តម្លៃ​នេះ មិន​ស្មើ​នឹង​ការចំណាយ​សម្រាប់​ការផលិត​របស់​ពួកគាត់​ផង​។​
​    ​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី ក៏បាន​លើកឡើង​ថា ប្រជា​ពលរដ្ឋ​ខ្មែរ ជា​កសិករ​ភាគច្រើន បាន​ចង​ការប្រាក់​ពី​ឈ្មួញកណ្តាល និង​ពី​បណ្តា​ស្ថាប័ន​ហិរញ្ញវត្ថុ​នានា ដែល​មាន​ការប្រាក់​ខ្ពស់​លើសពី ៣០% នៃ​ប្រាក់​កំចី​ក្នុង​មួយ​ឆ្នាំ ដើម្បី​ការចំណាយ​លើ​ការផលិត ជាពិសេស​លើ​ដំណាំ​ស្រូវ ហើយ​ត្រូវការ​ប្រាក់ ដើម្បី​ធ្វើការ​ទូទាត់​សង​លើ​ម្ចាស់បំណុល​នៅពេល​ច្រូតកាត់​នោះ តែ​ដោយ​តម្លៃ​ស្រូវ​បច្ចុប្បន្ន​មាន​ការធ្លាក់ចុះ​យ៉ាងខ្លាំង ដែល​តម្លៃ​នេះ ពុំ​អាច​ឲ្យ​កសិករ​មាន​លទ្ធភាព​ស​ង​បំណុល ឬ​ខ្វះខាត​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​។​
​    ​ក្នុង​លិខិត​ដដែល ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី ក៏បាន​លើកឡើង​ថា រាជរដ្ឋាភិបាល​មាន​គោលការណ៍​ក្នុង​ការជួយ​ពង្រឹង​ដល់​ការផលិត​ដំណាំ​ស្រូវ សម្រាប់​ការនាំ​ចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ដល់ ១ លាន​តោន ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ ហើយ​ដោយ​រាជរដ្ឋាភិបាល​នៅ​ឆ្នាំ​២០០៩ បាន​ស្នើ​ឲ្យ​រដ្ឋសភា​អនុម័ត​ច្បាប់​កែ​តំរូវ ស្តីពី ហិរញ្ញវត្ថុ​សំរាប់​ការគ្រប់គ្រង​ឆ្នាំ​២០០៩ ដើម្បី​បន្ថែម​ឥណទាន​ពិសេស​នូវ​ទឹកប្រាក់​ចំនួន ៧២,០០០ លាន​រៀល ដើម្បី​ជា​មូលនិធិ​ទ្រទ្រង់ និង​អភិវឌ្ឍន៍​កសិកម្ម មាន​គោលដៅ​រយៈពេល​ខ្លី​មធ្យម និង​វែង​នោះ​។​
​    ​ក្នុងនោះ ក្រុម​អ្នកតំណាងរាស្ត្រ​បាន​សំណូមពរ​ដល់​រាជរដ្ឋាភិបាល ដើម្បី​ប្រើប្រាស់​ថវិកា​នេះ និង​មាន​គោលដៅ​ជា​បន្ទាន់​មួយចំនួន ដើម្បី​ជួយសង្គ្រោះ​កសិករ​ខ្មែរ ដូចជា ប្រើប្រាស់​ប្រាក់​មូលនិធិ​ទ្រទ្រង់ និង​អភិវឌ្ឍន៍​កសិកម្ម ដើម្បី​ជួយ​
​ទិញ​ស្រូវ​ពី​ប្រជាពលរដ្ឋ​ក្នុង​តម្លៃ​សមស្រប​មួយ ដើម្បី​ទប់ទល់​នឹង​ការ​បន្ទោ​ក​តំលៃ​ត្រូវ​ពី​ពួក​ឈ្មួញ ផ្តល់ព័ត៌មាន​ពី​តំលៃ​ស្រូវ និង​អង្ករ​លើ​ទីផ្សារ និង​បើកចំហរ​ទីផ្សារ​ដល់​ឈ្មួញ​ពី​ប្រទេស​ជិតខាង បើ​គេ​ហ៊ាន​ផ្តល់​តំលៃ​ខ្ពស់ ដោយ​មាន​ការគ្រប់គ្រង​ត្រឹមត្រូវ​ក្នុង​ការធានា​តំលៃ​ស្រូវ​ខ្ពស់​តាម​ទីផ្សារ​ផង និង​ជៀសវាង​ការខ្វះ​ស្រូវ​សំរាប់​ការផ្គត់ផ្គង់​ក្នុងស្រុក ជាដើម​៕​

ដោយ : លីហូវ

No comments:

Post a Comment