Friday, January 14, 2011

លោក​ហោ ណាំហុង​ការពារ​ច្បាប់​អង្គការ​តប​នឹង​ការ​ព្រួយបារម្ភ​របស់​ស​ហ​រដ្ឋ​អាមេរិក​

ភ្នំពេញ​: នៅក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​១៣​មករា សរសេរ​ផ្ញើ​ទៅ​លោក​ស្រី​ប្រមុខ​ការទូត​អាមេរិក​ហ៊ីល​ឡា​រី គ្លី​ន​តុ​ន លោក​ហោ ណាំហុង​បាន​បញ្ជាក់​ច្បាស់​ថា​ច្បាប់​ថ្មី​មួយ​នេះ​កើត​ឡើង​សម្រាប់​ប្រតិបត្តិការ ប្រកបដោយ​តម្លាភាព និង​របៀបរៀបរយរ​បស់​អង្គការក្រៅរដ្ឋាភិបាល​នៅ​កម្ពុជា​។ 

​ចំពោះ​លោក​ហោ​ណាំហុង​ច្បាប់ស្តី​សមាគម​-​អង្គការក្រៅរដ្ឋាភិបាល​ត្រូវបាន​តាក់តែងឡើង ដោយ​យកចិត្តទុកដាក់ ដោយ​ឈរ​លើ​មូលដ្ឋាន​គតិយុត្តិ​ដែល​មាន​ស្រាប់​ដូចជា​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្តីពី​សិទ្ធិ​នយោបាយ និង​សិទ្ធិ​ស៊ីវិល​របស់​អង្គការសហប្រជាជាតិ​។​

​លិខិត​នេះ​បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​ក្រោយ​ការប្រកាស​សម្តែង​ការព្រួយបារម្ភ​របស់​ក្រសួងការបរទេស​​សហរដ្ឋ​អាមេរិក​ចំពោះ​វត្តមាន​សេចក្តីព្រាងច្បាប់​របស់​កម្ពុជា​ ស្តីពី​ការបង្កើត​សមាគ​ម​-​អង្គការ​ក្រៅ​​រដ្ឋាភិបាល​នោះ​លោក​ឧបនាយករដ្ឋមន្ត្រី ​ហោ​ណាំហុង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​បាន​ធ្វើលិខិត ពន្យល់​មួយ​ភា្ល​ម​។ 

​រដ្ឋមន្ត្រីការបរទេស​កម្ពុជា​បាន​អត្ថាធិប្បាយ​ថា​កម្ពុជា​ទទួលស្គាល់​ការរួមចំណែក​យ៉ាង សំខាន់​ក្នុង​ការអភិវឌ្ឍ​កម្ពុជា​។ ហេតុដូច្នេះ​ហើយ​បាន​ជា​កម្ពុជា​អនុញ្ញាត​អោយមាន ការបង្កើត​អង្គការ​សមាគម​បាន​យ៉ាង​ទូលំទូលាយ​។ ទោះយ៉ាងណា​ក៏ដោយ សម្រាប់​លោក​ហោ ណាំហុង​វា​ត្រូវតែ​មាន​ច្បាប់​មួយ​ដើម្បី​ធានា​តម្លាភាព​នៃ​ប្រតិ​ប​ត្ត​ការ​របស់​អង្គការ​ក្រៅ រដ្ឋាភិបាល​ទាំងនោះ​។ 

​លោក​ឧបនាយករដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់​ថា​ច្បាប់​នេះ​នឹង​ទប់ស្កាត់​សកម្មភាព​ជ្រុលនិយម​ដែល អាច​លាក់កំបាំង​ក្នុង​អង្គការក្រៅរដ្ឋាភិបាល​។ ច្បាប់​នេះ​មិន​កំហិត​សិទ្ធិ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទេ តែ​វា​នឹង​ពង្រីក​សិទ្ធិ​ក្នុង​ប្រតិ​ប​ត្ត​ការ​របស់​អង្គការ​ទាំង​នោះ​ក្នុង​ក្រប​ខណ្ឌ​ច្បាប់​។ នេះ​ជា​ផ្នែក​មួយ នៃ​ការលើកស្ទួយ​នីតិរដ្ឋ​។​

​កាលពី​ថ្ងៃ​ទី​១២​មករា ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក​បាន​ធ្វើ​សេចក្តី ថ្លែងការណ៍​សម្តែង ការព្រួយបារម្ភ​ចំពោះ​ផលប៉ះពាល់​ដែល​កើតចេញ​ពី​ច្បាប់​ស្តី​ពី​សមាគម​អង្គការក្រៅរដ្ឋាភិបាល​។ នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន ក្រសួង ការបរទេស​អា​មេរិក​បាន​អត្ថាធិប្បាយថា  សហរដ្ឋអាមេរិក នឹង​ជំទាស់​យ៉ាងខ្លាំង​ចំពោះ​ការអនុម័ត​ច្បាប់​ណាមួយ ដែល​មាន​លក្ខណៈ​បង្ខិតបង្ខំ និង​កំហិត​សកម្មភាព​ស្របច្បាប់​របស់​អង្គការ សមាគម​។ 

​ក្រសួងការបរទេស​អា​មេរិក​បាន​ជម្រុញ​អោយ​រដ្ឋាភិបាល​កម្ពុជា​ប្រឹក្សា​យោបល់​យ៉ាង​ម៉ត់ចត់ ជាមួយ​អង្គការ​សមាគម និង​ដៃគូ​ដទៃទៀត​លើ​ពង្រាង​ច្បាប់​ថ្មី​មួយ​នេះ​។ ក្នុង​វេទិកា​ពិគ្រោះ​យោបល់ កាលពី​ថ្ងៃ​១០​មករា លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង បាន​លើកឡើង​ថា​ការបង្កើត​ច្បាប់ អង្គការ​ថ្មី​នេះ មិនមែន​ដើម្បី​គំរាមកំហែង និង​រឹតត្បិត​សិទ្ធិសេរីភាព ក៏ដូចជា ការ​កំហិត​សកម្មភាព​របស់​អង្គការ​សមាគម​នៅ​កម្ពុជា​នោះ​ឡើយ​។ 

​លោក ស ខេង​បាន​បញ្ជាក់ថា ច្បាប់​អង្គការ ត្រូវបាន​តាក់តែងឡើង ដើម្បី​ការពារ​កុំឲ្យ​កើតមាន​អំពើ​ភេរវកម្ម​នៅ​កម្ពុជា ដែល​ជ្រក​ក្រោម​ស្លាក​អង្គការ​សមាគម ដូច​ករណី ចលនា CFF និង​មេ​ភេរ​វករ ហាំ បាលី ជាដើម​៕

ដោយ : សម្បត្តិ 

No comments:

Post a Comment