Friday, January 14, 2011

បំបែក​សំបុក​ចែក​ចាយ​ និង​ប្រើ​ប្រាស់​គ្រឿងញៀន​នៅ​ជ្រៃ​ធំ

(​រូបថត បា​សាក់)
បំបែក​សំបុក​ចែក​ចាយ​ និង​ប្រើ​ប្រាស់​គ្រឿងញៀន​នៅ​ជ្រៃ​ធំ
ខេត្ត​កណ្តាល ៖ កំលាំង​ការិយា​ល័យ​ប្រឆាំង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​​ ដឹក​នាំ​ដោយ​លោក​វរ​សេនីយ៍​ឯក​ លន់ សុផាត ស្នង​ការ​​រង​នគរ​បាល​ខេត្ត​ និង​ជា​ប្រធាន​​​លេខា​ធិការ​ដ្ឋាន​នៃ​គណៈ​កម្មាធិ​ការ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​​​ខេត្ត​ បាន​ធ្វើ​ការ​ឆែក​ឆេរ​ផ្ទះ​ជួល​មួយ​កន្លែង​នៅ​ភូមិ​លេខ​៨ ឃុំ​សំពៅ​ពូន ស្រុក​កោះ​ធំ កាល​ពី​វេលា​ម៉ោង​៤​និង​១៥​នាទី​រសៀល ថ្ងៃ​​ទី​១៣ មករា ឆ្នាំ​២០១១ ។ ក្នុង​ប្រតិ​បត្តិ​ការ​នេះ​បាន​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​១៣​នាក់ ក្នុង​នោះ​មាន​មេ​ខ្លោង​ចែក​ចាយ​គ្រឿង​ញៀន​ចំនួន​៣​​នាក់ អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន​​ចំនួន​៥​នាក់ និង​៥​នាក់​ទៀត​ស្ថិត​នៅ​ក្នុង​រង្វង់​ប្រតិ​បត្តិ​ការ​ ព្រម​ទាំង​រឹប​អូស​បាន​វត្ថុ​តាង​ថ្នាំ​​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តាមីន​ទឹក​កក ព្រម​ទាំង​​សំភារ​ប្រើ​ប្រាស់​មួយ​ចំនួន​ទៀត ។
លោក​វរ​សេនីយ៍​ឯក លន់ សុផាត បាន​ឱ្យ​ដឹង​ថា ដោយ​អនុ​វត្ត​តាម​បទ​បញ្ជា​របស់​លោក​នាយ​ឧត្តម​សេនីយ៍​​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ និង​យោង​តាម​​បញ្ជា​របស់​លោក​ឧត្តម​សេនីយ៍​ត្រី អ៊ាវ ចំរើន ស្នង​ការ​នគរ​បាល​ខេត្ត​ និង​ដោយ​មាន​ការ​​ឯក​ភាព​ពី​លោក​ព្រះ​រាជ​អាជ្ញា​​​អម​សាលា​ដំបូង​ខេត្ត កំលាំង​ជំនាញ​ដឹក​នាំ​ដោយ​​រូប​លោក​ ផ្ទាល់​​បាន​ចុះ​សហ​ការ​ជា​មួយ​ប៉ូលិស​​មូល​ដ្ឋាន​ ​និង​អាជ្ញា​ធរ​មូល​ដ្ឋាន ​បាន​​ធ្វើ​ការ​​ឆែក​ឆេរ​ផ្ទះ​ជួល​មួយ​កន្លែង​ដែល​សង្ស័យ​ថា ជាទី​តាំង​ចែក​ចាយ​​និង​ប្រើ​​​ប្រាស់​គ្រឿង​ញៀន ។ ក្រោយ​ពី​ធ្វើ​ការ​ឆែក​ឆេរ​ ជា​លទ្ធ​ផល​យើង​​រក​ឃើញ​​វត្ថុ​តាង​​​​មាន​ថ្នាំ​ញៀន ប្រភេទ​មេតំ​ហ្វេ​តាមីន​ទឹក​កក ទម្ងន់​៥០​ក្រាម និង​៦០​កញ្ចប់ សំភារ​វេច​ខ្ចប់ និង​សំភារ​​សំរាប់​ប្រើ​ប្រាស់​​មួយ​ចំនួន​ទៀត ព្រម​ទាំំង​បាន​​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​១៣​​នាក់ យក​មក​ធ្វើការ​សាក​សួរ ។
បន្ទាប់​ពី​ធ្វើ​ការ​សាក​សួរ​រក​ឃើញ​​ថា ក្នុង​​ចំណោម​មនុស្ស​១៣​នាក់ មាន​៣​នាក់ ជា​មេ​ខ្លោង​ចែក​ចាយ​ គឺ​១-ឈ្មោះ​សុខ គឹម​​លី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទី​លំនៅ​បច្ចុ​ប្បន្ន​​នៅភូមិ​លេខ​៨ ឃុំ​សំពៅ​ពូន ស្រុក​កោះ​ធំ ​២-ឈ្មោះ​​សំបូរ រតនៈ ហៅ​ផាម យ៉ាំង​ចូវ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ទី​លំនៅ​ភូមិ​កោះ​ទាវ ឃុំ​សំពៅ​​ពូន ស្រុក​កោះ​ធំ និង​​៣-ឈ្មោះ​ង្វៀង យ៉ាំង​ហុង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជន​ជាតិ​​វៀត​ណាម ទី​លំនៅ​បច្ចុ​ប្បន្ន​នៅ​ស​ង្កាត់​លេខ​១២ ក្រុង​ហូជី​មិញ ប្រទេស​វៀត​ណាម ​។ ​ចំណែក​១០​នាក់​ទៀត​​មាន​អ្នក​​ប្រើ​ប្រាស់​គ្រឿងញៀន​៥​នាក់ និង​៥​នាក់​ទៀត​​ ស្ថិត​នៅ​ក្នុង​រង្វង់​ប្រតិ​បត្តិ​ការ​ ។
លោក​លន់ សុផាត បាន​​ឱ្យ​ដឹង​ទៀត​ថា ​ដោយ​​អនុ​វត្ត​តាម​គោល​នយោ​បាយ​​​ភូមិ​-ឃុំ​មាន​សុវត្ថិ​ភាព​ដែល​រាជ​រដ្ឋា​ភិបាល​​បាន​ដាក់​ចុះ​ ក្នុង​ចំណោម​​ចំណុច​ទាំង​៥​នោះ គឺ​មាន​ការ​លុប​បំបាត់​​​ការ​ជូញ​ដូរ និង​ប្រើ​ប្រាស់​​គ្រឿ​ង​ញៀន​ ទើប​ការិយា​ល័យ​របស់​លោក​​​ខិត​ខំ​ធ្វើ​ការ​ស្រាវ​ជ្រាវ​យ៉ាងយក​ចិត្ត​ទុក​ដាក់​បំផុត រហូត​ដល់​កំណត់​​មុខសញ្ញា​ និង​រក​ឃើញ​​ទី​តាំង​ចែក​ចាយ​ និង​ប្រើ​ប្រាស់​គ្រឿងញៀន​​ខាង​លើ​នេះ ។ ​ជន​ដែល​ត្រូវចាប់​ខ្លួន​រួម​នឹង​វត្ថុ​តាង​ត្រូវ​បានក​សាង​សំណុំ​រឿង​​​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​ ៕

No comments:

Post a Comment