កាលពីវេលាម៉ោង ១២ ថ្ងៃត្រង់ថ្ងៃទី ៣១ ធ្នូនេះ លោកឧត្តមសេនីយ៍ទោ ប៊ុន សេង មេបញ្ជាការយោធភូមិភាគទី៥ របស់កម្ពុជាធ្វើដំណើរចូលទៅខេត្តស្រះកែវជួបនឹងមេបញ្ជាការកងទ័ពភូមិភាគទី១ របស់ថៃ លោកឧត្តមសេនីយ៍ទោ អ៊ុកប៊ូកេតចាន់ត្រាបុត្រ ដើម្បីប្រជុំពិភាក្សាគ្នា សម្រួលសភាពការណ៍ព្រំដែន នៅនឹងបន្ទាយយោធាខេត្តស្រះកែវ ។
គេមិនទាន់ដឹងពីលទ្ធផលនៃអង្គប្រជុំភាគីទាំងពីរនៅឡើយទេ ប៉ុន្តែគេជឿថា ភាគីទាំងពីរជជែកគ្នារឿងព្រំដែនកុំឲ្យមានបញ្ហា តានតឹងកើតឡើងដែលឈានដល់ការ ផ្ទុះអាវុធ បញ្ហាប្រឈមមុខដាក់គ្នា បន្ទាប់ពីអាជ្ញាធរកម្ពុជាចាប់ខ្លួនក្រុមជ្រុលនិយមថៃ ៧ នាក់ កាលពីថ្ងៃទី ២៩ ធ្នូកន្លងទៅនេះ ។
តាមប្រភពព័ត៌មានពីព្រំដែនកម្ពុជាថៃឲ្យដឹងថា មេបញ្ជាការកងទ័ពទាំងពីរអាចធ្វើដំណើរទៅមើលបង្គោលព្រំដែនលេខ ៤៦ ត្រង់ភូមិណងចាន់របស់ថៃ និងភូមិជោគជ័យរបស់ខ្មែរដើម្បីពិនិត្យស្ថានការណ៍នៅទីនោះ។
មកទល់ពេលនេះ ពួកអាវលឿងថៃប្រមាណជា ១០០០ នាក់ ដែលបានប្រមានថា នឹងមកមើលបង្គោលសីមាលេខ ៤៦ នោះ មិនទាន់ឃើញនៅឡើយទេ ហើយកងទ័ពថៃ ក៏បានដាក់កំលាំងការពាររួចជាស្រេចហើយដើម្បីទប់ទល់នឹងបាតុករអាវលឿង ទាំងអស់នោះ ។
ចំណែកពលករកម្ពុជា ដែលទៅធ្វើការនៅថៃបានវិលមកស្រុកកំណើតវិញជាបន្តបន្ទាប់ ៕
No comments:
Post a Comment