Friday, December 31, 2010
ប្រជាជនកម្ពុជាជិត ៧ ម៉ឺននាក់ បានមកមើលសាលាក្តីខ្មែរក្រហមក្នុងអំឡុងពេលជិត ២ ឆ្នាំ
យោងតាមការបញ្ជាក់របស់សាលាក្តីខ្មែរក្រហម បានអះអាងថា ប្រជាជនកម្ពុជា ៦ ម៉ឺន ៧ ពាន់នាក់ បានមកមើលសាលាក្តីខ្មែរក្រហម ក្នុងអំឡុងពេលជិត២ឆ្នាំចុងក្រោយនេះ ។ តួលេខនេះបានធ្វើឲ្យអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ក្លាយជាតុលាការឧក្រិដ្ឋកម្មអន្តរជាតិទី១ ដែលទទួលបានការគាំទ្រ និងចូលរួមពីប្រជាជនក្នុងចំនួនដ៏ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ នៃការបង្កើតតុលាការឧក្រិដ្ឋកម្មអន្តរជាតិលើពិភពលោក ។
តួលេខខាងលើត្រូវបានរាប់ចាប់តាំងពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០០៩ ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១០ និងរាប់បញ្ចូលទាំងប្រជាពលរដ្ឋសាមញ្ញ មកពីតាមបណ្តាខេត្តនានាជនជាតិភាគតិច មកពីខេត្តរតនគិរី និងមណ្ឌលគិរី សិស្ស និស្សិត មន្ត្រីរាជការ អង្គទូត ដើមបណ្តឹងរដ្ឋប្បវេណី និងអ្នកសារព័ត៌មាន ។
នៅក្នុងចំនួននេះ អ្នកដែលបានចូលរួមកម្មវិធីទស្សនកិច្ចសិក្សានៅឆ្នាំ២០០៩ មានចំនួន ៣.០១៨ នាក់ និងឆ្នាំ២០១០ ចំនួន ៣២.៦៣៣ នាក់ ហើយ ៣១.៣៤៩ នាក់ទៀត បានមកចូលរួមស្តាប់សវនាការ សាធារណៈក្នុងសំណុំរឿង ០០១ ប្រឆាំងនឹងអតីតប្រធានមន្ទីរស-២១ កាំង ហ្គេកអ៊ាវ ហៅ ឌុច ដែលដំណើរការពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០០៩ ។
ប្រភពនេះបានិយាយទៀតថា កម្មវិធីដំណើរទស្សនកិច្ចសិក្សារបស់ អ.វ.ត.ក. ចាប់ផ្តើមសាកល្បងជាលើកដំបូងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៩ ហើយខេត្តដំបូងបង្អស់ ដែលមានប្រជាជនមកចូលរួម គឺខេត្តកំពង់ចាម ចំនួន ១០០ នាក់ ។ ខេត្តចុងក្រោយបង្អស់គឺខេត្តមណ្ឌលគិរី ដែលមានប្រជាជនចំនួន ៣៩០ នាក់ មកចូលរួមនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១០ កន្លងទៅថ្មីៗនេះ ។ ក្នុងចំណោមខេត្តក្រុងទាំង២៤ នៃព្រះរាជាណាចក្រកម្ពុជា ខេត្តកណ្តាល គឺជាខេត្តដែលមានអ្នកចូលរួម ដំណើរទស្សនកិច្ចសិក្សា និងស្តាប់សវនាការសាធារណៈច្រើនជាងគេ ដែលមានអ្នកចូលរួមចំនួន ៨.១៤០ នាក់ ហើយខេត្តដែលមានអ្នកចូលរួមតិចជាងគេ គឺខេត្តកោះកុង ដែលមានចំនួន ២៧០ នាក់ ។
ដោយឡែក ដំណើរទស្សកិច្ចសិក្សាលើកចុងក្រោយបង្អស់នៃឆ្នាំ២០១០ ដែលប្រព្រឹត្តទៅ នៅថ្ងៃទី៣០ ខែធ្នូនេះ មានអ្នកចូលរួមចំនួន ៥៥០ នាក់ មកពីខេត្តចំនួនពីរក្នុងនោះ ៣០០ នាក់មកពីខេត្តកំពង់ចាម និង ២៥០ នាក់មកពីខេត្តកែប ។ ក្នុងដំណើរទស្សនកិច្ចសិក្សាថ្ងៃនេះ អ្នកចូលរួមបានទស្សនាខ្សែភាពយន្ត ឯកសារ ទស្សនាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមានឱកាសបានជួប និងស្តាប់ការសំណេះសំណាលរបស់ លោក ក្រាញ់ តូនី ប្រធានការិយាល័យរដ្ឋបាលស្តីទី និងថ្នាក់ដឹកនាំដទៃ ទៀតនៃ អ.វ.ត.ក. ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment