ស្ថានភាពព្រំដែននៅចំណុចបង្គោលព្រំដែនលេខ៤៦ ក្នុងស្រុកអូរជ្រៅ សភាពការណ៍នៅជាធម្មតា គ្រាន់តែភាគីសៀមបង្កើនកងកម្លាំងបន្ថែមជាមួយនឹងឧទ្ធម្ភាគចក្រយោធាចំនួន៣គ្រឿងបានហោះក្រឡឹងនៅតំបន់នោះទៅវិញទៅមក។
កងទ័ពនៅជួរមុខបានប្រាប់ថា យើងបានមើលឃើញឧទ្ធម្ភាគចក្រយោធា របស់កងទ័ពសៀម ហោះចុះឡើង រួចហើយចុះចតនៅចំពីមុខច្រកជោគជ័យ ដែលជាកន្លែងបន្ទាយកងទ័ពឈុតខ្មៅរបស់សៀម។ ទីនោះជាបន្ទាយកងរយទ័ពឈុតខ្មៅលេខ១២៦។ ក្រៅពីឧទ្ធម្ភាគចក្រ យើងក៏បានឃើញរថពាសដែកចំនួន៤គ្រឿង និងរថយន្តដឹកកងទ័ព៣គ្រឿងផ្សេងទៀត បានបើកប្រទ្រុយចុះឡើងនៅក្នុងទឹកដីរបស់ពួកគេ។
លោកឧត្ដមសេនីយ៍ប៊ុន សេង មេបញ្ជាការភូមិភាគ៥ បានប្រាប់កម្ពុជាថ្មីថា បើទោះបីជាគេចល័តទ័ពឬមានឧទ្ធម្ភាគចក្រអមក៏ដោយ សភាពការណ៍មិនតានតឹងទេ។ លោកមេបញ្ជាការរូបនេះប្រាប់ថា គេបន្ថែមកងទ័ពដើម្បីទប់កម្លាំងបាតុករ ដែលគ្រោងមកចំណុចព្រំដែននេះតែប៉ុណ្ណោះ។ លោកឧត្ដមសេនីយ៍ ប៊ុន សេង បានបញ្ជាក់ថា ខ្ញុំបានជួបជាមួយមេបញ្ជាការភូមិភាគ១របស់ថៃ នៅក្នុងខេត្តស្រះកែវ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ហើយយើងបានសម្រួលគ្នាថា កងទ័ពនៅតែសហការគ្នាល្អ រឿងចាប់ខ្លួនជនជាតិថៃ៧នាក់ ទុកលទ្ធភាពឲ្យច្បាប់ជាអ្នកសម្រេច។
លោកបានប្រាប់ទៀតថា ភាគីខាងទាហានថៃ គេស្នើសុំឲ្យមានការសម្រួលដោះលែងដល់ជន ជាតិថៃ៧រូបនោះដែរ តែខ្ញុំប្រាប់ថា វាហួសសមត្ថភាពរបស់ខ្ញុំហើយ ព្រោះរឿងនោះវាឡើងដល់ប្រ ព័ន្ធតុលាការ ចំណែកខ្ញុំជាកងទ័ព។
ដោយឡែកក្រុមបាតុករអាវលឿង ដែលគ្រោងជាង១ពាន់នាក់ មកតវ៉ានៅចំណុចព្រំដែន ខាងលើ មិនឃើញមានវត្តមានមកដល់ព្រំដែនទេ តែកងទ័ពថៃ បានបង្កើនកម្លាំងជាច្រើនទប់ស្កាត់នៅជួរខាងមុខ៕
No comments:
Post a Comment