ឆ្នាំ២០១០កន្លងទៅថ្មីៗនេះកម្ពុជាទទួលបានអ្នកទេសចរអន្តរជាតិជាង ២,៥លាននាក់ដែលកើនឡើងប្រមាណ ១៦% ឯអ្នកទេសចរក្នុងស្រុកក៏កើនឡើងដែរ ។ សម្រាប់ឆ្នាំ២០១១នេះ កម្ពុជាក៏សង្ឃឹមថាអ្នកទេសចរជាតិ និង អន្តរជាតិនឹងកើនឡើង ។ នៅខែមករាឆ្នាំ២០១១ ពីថ្ងៃទី១៥ ដល់ ២១ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំ គឹវេទិកាទេសចរណ៍អាស៊ានលើកទី ៣០ ដែលក្នុងនោះមានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី និង ពិព័រណ៍ទេសចរណ៍ផងដែរ ។ តាមរយៈព្រឹត្តិការណ៍នឹងអាចទាក់ទាញទេសចរមកទស្សនាកម្ពុជាកាន់តែច្រើន។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ដូច្នេះនៅក្នុងពិធីទទួលអំណរឆ្នាំថ្មីឆ្នាំសកល ២០១១ វេលាម៉ោង ១១ និង ៥៥ រំលងអធ្រាត្រថ្ងៃ៣១ ធ្នូ២០១០ ឆ្លងចូលថ្ងៃទី១ មករា ឆ្នាំ២០១១ នៅមុខណាហ្គាវើល ខណៈបងប្អូនប្រជាពលរដ្ឋខ្មែរ និង បរទេសយ៉ាងច្រើនបានចូលរួមអបអរសាទរឆ្នាំថ្មីយ៉ាងសប្បាយរីករាយ ។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ឆ្នាំ២០០៨ និង ២០០៩ ជាឆ្នាំដែលសកលលោកទាំងមូលត្រូវទទួលរងនូវវិបត្តិសេដ្ឋកិច្ចហើយបានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជន និង ដំណើរទស្សនាកំសាន្តរបស់ទេសចរផងដែរ តែនៅចុងឆ្នាំ២០០៩ និង ឆ្នាំ២០១០ ជាឆ្នាំដែលសេដ្ឋកិច្ចសកលលោកបានងើបឡើងវិញ ។ ដូច្នេះកម្ពុជារំពឹងថាចំនួនអ្នកទេសចរជាតិ និង អន្តរជាតិកើនឡើងនៅឆ្នាំ២០១១ ។
លោកថោង ខុន បានប្រកាសថា កម្ពុជាមានសុខសន្តិភាព និង សុវត្ថិភាពពេញលេញនិងមានសេវាកម្មទេសចរណ៍ប្រកបដោយគុណភាពផ្តល់ជូនភ្ញៀវទេសចរគ្រប់រូប ។ ជាពិសេសសូមឱ្យឆ្នាំថ្មីឆ្នាំសកលនេះនាំមកនូវភាពសម្បូររុងរឿងជូនដល់ព្រះរាជាណាចក្រកម្ពុជា និង បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូប ។
នៅរាត្រីឆ្នាំចាស់ឆ្លងចូលឆ្នាំថ្មីនេះ ណាហ្គាវើល បានរៀបចំពិធីរាប់ថយក្រោយដោយមានការសម្តែងសិល្បៈ ការប្រគំតន្ត្រី ការរាំច្រៀងដែលមានតារាចម្រៀងល្បីៗចូលរួមដូចជា លោកករុណា ពេជ្រ សុគន្ឋ ថេរ៉ាយុ អ្នកនាងមាស សុខសោភា កញ្ញាស៊ុន ស្រីពេជ្រនិងឌីជេក្តឹប។ជាពិសេសនោះមានការបាញ់កាំជ្រួចចម្រុះពណ៌ដើម្បីអបអរពិធីចូលឆ្នាំថ្មី។នាឱកាសនោះ លោក អេរីក ចាន់ អនុប្រធានក្រុមហ៊ុនណាហ្គាវើល បានថ្លែងអំណរគុណដល់ក្រសួងទេសចរណ៍ជាពិសេសលោករដ្ឋមន្ត្រី ថោងខុន ដែលបានសហការនិងគាំទ្រព្រឹត្តិការណ៍ រាំរាំ អបអរស្វាគមន៍ឆ្នាំថ្មី២០១១ នៅណាហ្គាវើលនេះ ។
ក្នុងឱកាសដ៏វិសេសវិសាលនេះ លោក អេរីក ចាន់ក៏បានគោរពជូនពរសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្តេចប្រធានព្រឹទ្ឋសភាជា ស៊ីម សម្តេចប្រធានរដ្ឋសភាហេងសំរិន និងក្រុមគ្រួសារនិងជូនពរប្រជាជនប្រជាជនកម្ពុជាទាំងអស់ជួបប្រទះតែសេចក្តីសុខសប្បាយភាពសម្បូររុងរឿងគ្រប់ៗគ្នា៕
No comments:
Post a Comment